រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេង បានឲ្យដឹងនៅថ្ងៃទី១ ខែកក្កដានេះថា មានលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍រយៈពេល ៦ខែនៃ ឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

សម្តេច ស ខេង បានបន្តថា យោងតាមទិន្នន័យជាផ្លូវការ បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស(ពីថ្ងៃទី១ខែមករា រហូតដល់ថ្ងៃទី៣០ខែមិថុនា) ឆ្នាំ២០២០នេះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើកស្មើ២៥% (១៦១៩លើ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់) ។

ដូចគ្នានេះដែរ បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ រយៈពេល២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺខែឧសភា និងខែមិថុនា ឆ្នាំ២០២០ នឹងខែឧសភា និងខែមិថុនា ឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើក ស្មើនឹង៣៤%(៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ ស្មើនឹង២៥% (២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។

តាមទិន្នន័យបញ្ជាក់ខាងលើនេះគឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិយើងមានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និង កំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ។

សម្តេច ស ខេង បានថ្លែងថា «លទ្ធផលវិជ្ជមាននេះ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។
សូមថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។
ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិ ជាពិសេសនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ»។

សម្តេច សូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ បន្តចូលរួមផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនានិងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។
ជាមួយគ្នានេះសម្តេចក៏បានក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ៕
ចែករំលែកព័តមាននេះ