ខេត្តកណ្តាល ៖ ត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ឋមួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឈ្មួញអ្នកមានលុយមានអំណាចកំពុងចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោមលេសយកលុយធ្វើផ្លូវអភិវឌ្ឍន៍មូលដ្ឋាន តែធាតុពិតសង្ស័យលក់យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន ។

តាមប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា ត្រពាំងសាធារណ:របស់រដ្ឋនេះ កើតមានឡើងតាំងពីសម័យដើមមកម្ល៉េះ ដែលអ្នកភូមិតែងតែនាំគ្នាហៅថា ត្រពាំងកំប្លោកវិល និងខ្លះទៀតហៅបឹងកំប្លោកវិល។ដោយត្រពាំងនេះ កាលពីមុនមានសារសំខាន់ណាស់ សម្រាប់ពលរដ្ធយកទឹកប្រើប្រាស់ មុជ ដាំ ស្លរ ពិសេសស្រោចស្របផលដំណាំផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្នពលរដ្ឋធបុកអណ្តូងគ្រប់ផ្ទះលែងមានអ្នកយកទឹកប្រើប្រាស់ទៅ។ ហើយត្រពាំងនេះ មានជម្រៅជ្រៅណាស់ សូម្បីតែកាលពីជប៉ុនធ្វើផ្លូវជាតិលេខ១ ដាក់ម៉ាសុីនធំៗបូមពង្រីងក៏អត់រីងដែរ។

ស្រាប់តែឥឡូវ មានបុគ្គលអ្នកមានលុយមានអំណាចម្នាក់ដែលគេស្គាល់ឈ្មោះ សោម រតនា រស់នៅឯរាជធានីភ្នំពេញ ជួលឡានដឹកជញ្ជូនអាចម៌ដីជាច្រើនគ្រឿងសម្រុកចាក់ដីលុបត្រពាំងសាធារណ:របស់រដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។ សកម្មភាពនេះធ្វើអោយមហាជនជាច្រើនដាក់ការសង្ស័យថា វាទាល់តែមានការឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរម្ចាស់ទឹកម្ចាស់ដីឃុំ-ស្រុក-ខេត្តមិនអាចចាក់ដីលុបបឹងសាធារណៈរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានឡើយ។ មិនតែប៉ុណ្ណោះពេលដែលអ្នកសារ
ព័ត៌មានចុះទៅថតផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយ បែរជាមានបុរសម្នាក់មាឌធំ ពាក់អាវយីតដៃខ្លី ស្លៀកខោទាហ៊ានជើងវែង ដើរចេញមកសួរអ្នកសារព៌តមានថា លោកឯងមកថតនេះមានបានសុំការអនុញ្ញាតពីមេគេអត់។

ពាក់ព័ន្ធបញ្ហានេះ លោក ទេព ឈួន មេឃុំសំរោងធំ បានអោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ ខែកក្កដា ថា ប្រជាពលរដ្ធចេះតែនាំគ្នាមកចាប់យកសង់លំឋានជុំវិញ នៅសល់កណ្តាល ភូមិ ឃុំ ក៍បានទាក់ទងជាមួយខាងស្រុកឯកភាពគ្នា ដោះដូរត្រពាំងនេះអោយទៅឈ្មួញ ដើម្បីយកលុយប្រើប្រាស់ធ្វើផ្លូវអភិវឌ្ឍន៍ក្នុងមូលដ្ធាន។ចំណែកលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនអាចសូមការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលមិនលើក ។ រីឯលោក សុខ ពិសិទ្ធ អភិបាលរងស្រុក ប្រាប់ថា រូបលោកពុំបានដឹងច្បាស់នោះទេ តែបើតាមលោកដឹងខ្លះៗប្រហែលជាឈ្មួញគេទិញពីប្រជាពលរដ្ធជុំវិញ ហើយនៅកណ្តាលខ្លាចមានការទន្ទ្រានយកពីសំណាកពលរដ្ធទៀត ទើបអាជ្ញាធរសម្រេចលក់ទៅអោយឈ្មួញយកលុយមកអភិវឌ្ឍន៍មូលដ្ឋានទៅលក់ខ្ទេចលក់ខ្ទីរអស់ហើយ … លក់បឹង… លក់ស្រះ លក់ត្រពាំង ។ល។
ព័ត៌មានពិស្តារមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ