រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់មានវ័យប្រហែល៣០ឆ្នាំ បានឡើងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ដោយមិននិយាយស្តីអ្វីទាំងអស់ ធ្វើឲ្យអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ភ័យ ក៏ដឹកទៅរកសមត្ថកិច្ចដែលកំពុងដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខសាលាអន្តរជាតិ CIA តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីបុរសដែលជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាសូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាកបាចា ពណ៌លឿង ពាក់ស្លាកលេខ តាកែវ1R-8487 ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច។

បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌា បានឱ្យដឹងបន្តថា លុះពេលមកដល់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ គាត់ក៏ប្រទះនឹងស្ត្រីខាងលើកំពុងឈរនៅចិញ្ចើមផ្លូវ ពេលនោះរូបគាត់ក៏បើកម៉ូតូកង់បីទៅឈប់នៅខាងមុខស្ត្រីរូបនេះ រួចបានសួរថា ត្រូវការជិះម៉ូតូកង់បីឬអត់0x017d7 ពេលនេះស្ត្រីខាងលើក៏បានឡើងជិះម៉ូតូកង់បីរបស់គាត់ ដោយមិននិយាយស្តីអ្វីនោះទេ ហើយគាត់ក៏បើកម៉ូតូកង់បីដឹកស្ត្រីខាងលើបន្តដំណើរទៅមុខបន្តទៀត។

ប្រភពដដែលបន្តថា ពេលដែលធ្វើដំណើរចេញមក គាត់ក៏សួរទៅស្ត្រីខាងលើថា ចង់ទៅកន្លែងណាដែរ។ តែស្ត្រីរូបនេះមិនបាននិយាយស្តីអ្វីនោះទេ គ្រាន់តែចង្អុលទៅខាងមុខ ហើយគាត់មិនបានចាប់អារម្មណ៍ដែរ គឺក៏ចេះតែបន្តដំណើរទៅមុខជាបន្តទៀត។ លុះពេលដែលគាត់បើកមកដល់ចំណុចផ្លូវ២០០២ គាត់ក៏សួរស្ត្រីរូបនេះជាថ្មីម្ដងទៀតថា ចង់ទៅកន្លែងណាឱ្យប្រាដក ប៉ុន្តែស្ត្រីខាងលើនៅតែមិននិយាយស្ដីអ្វីទាំងអស់ ទោះជាដេញឱ្យចុះពីលើម៉ូតូកង់បីរបស់គាត់ ក៏ស្ត្រីខាងលើមិនចុះដែល។

ប្រភពដដែលបន្តទៀតថា ពេលនោះហើយគាត់ក៏មានសង្ស័យថា ស្ត្រីខាងលើប្រហែលជាត្រូវជនខិលខូចដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិហើយមើលទៅ ទើបធ្វើឱ្យរូបគាត់ភ័យខ្លាចមានរឿងរ៉ាវដល់ខ្លួនគាត់ ទើបគាត់បានប្រញាប់ប្រញាល់បើកកង់បីបន្តទៅរកសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តទៀតថា ខណៈពេលបើកបន្តដំណើរមកដល់ចំណុចខាងលើ ក៏បានជួបនឹងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដែលកំពុងអនុវត្តដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ ហើយគាត់ក៏បើកម៉ូតូកង់បីដឹកស្ត្រីខាងលើចូលទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្ដង។ ហើយកម្លាំងសមត្ថកិច្ចក៏បានសួរនាំទៅស្ត្រីខាងលើ ប៉ុន្តែស្ត្រីរូបនោះមិនព្រមនិយាយអ្វីមួយម៉ាត់ទៅនរណានោះទេ ទោះបីជាសមត្ថកិច្ចឱ្យទឹកបរិសុទ្ធក៏ស្ត្រីខាងលើមិនផឹកដែល។ មួយសន្ទុះក្រោយមកស្ត្រីរូបនោះ ក៏ព្រមចុះពីលើម៉ូតូកង់បីរបស់គាត់ ហើយគាត់ក៏ប្រគល់ស្ត្រីខាងលើឱ្យសមត្ថកិច្ច ដើម្បីឲ្យជួយធ្វើការស្វែងរកសាច់ញាតិតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានដឹកស្ត្រីខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីធ្វើការសួរនាំ និងស្វែងរកសាច់ញាតិឱ្យមកទទួលយកត្រឡប់វិញ។ ហើយពេលដែលស្ត្រីខាងលើអង្គុយនៅខាងក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម អស់រយៈពេលប្រមាណ២ម៉ោងក្រោយមក ក៏ស្រាប់តែស្ត្រីរូបនេះបាននិយាយស្តីធម្មតាឡើងវិញ រួចក៏ហៅម៉ូតូឌុបជិះចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ទៅបាត់តែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ