រាជធានីភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលមានលំនៅឋានក្នុងកម្ពុជា ក្រសួងមហាផ្ទៃបានសម្រេច ផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេច ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់នាយប៉ុស្ពិ៍នគរបាល ឃុំ-សង្កាត់ទូទាំងប្រទេស ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងនៅទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា ការផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ពិ៍នគរបាល ឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅទុតិយតាសៀវភៅស្នាក់នៅលិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យ ក្នុងបញ្ជីស្នាក់នៅ ស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ ។
នៅក្នុងប្រកាសនេះផងដែរក៏បានសម្រេចការផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី-ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅ ការកែសម្រួលនៃសមាជិកគ្រួសារ និងការកែសម្រួលតម្រូវទិន្នន័យក្នុងបញ្ជីគ្រួស្រាស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ ។
ការសម្រេចថ្មីនេះទទួលបានការសាទរពីប្រជាពលរដ្ឋដែលកន្លងមកតែងតែត្អូញត្អែរអំពីការលំបាកក៏ដូចជាភាពយឺតយ៉ាវ ពេលទៅរកសេវាធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារជាដើម ៕
ចែករំលែកព័តមាននេះ