រាជធានីភ្នំពេញ ៖ ក្រោយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧត្ថមម្ភដល់ពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ មក មានបាតុភាពមិនប្រក្រតីជាច្រើនករណីបានកើតមាន គឺការតវ៉ាត្អូញត្អែរពីពលរដ្ឋមួយចំនួន ថា ខ្លួនក្រដែរ ហេតុអ្វីមិនទទួលបានប្រាក់ឧបត្ថម្ភ ។

ឆ្លើយតបបញ្ហានេះ ក្រសួងផែនការបានចេញសេចក្តីបំភ្លឺមួយកាលពីម្សិលមិញ ដោយបានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ គឺផ្តល់ជូនតែគ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងកាន់ប័ណ្ណសមធម៌មានសុពលភាពប៉ុណ្ណោះ ។

ក្រសួងបានបញ្ជាក់ថា «បើមានគ្រួសារគិតថា ខ្លួនក្រ ឬងាយរងគ្រោះ និងដើម្បីរក្សាបាននូវភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ សូមមេត្តានាំគ្នាទៅសាលាឃុំ សង្កាត់ដែលខ្លួនរស់នៅអចិន្ត្រៃយ៍ ដើម្បីស្នើសុំសម្ភាសន៍» ។
ការបំភ្លឺរបស់ក្រសួងផែនការ ដូច្នេះនៅថ្ងៃទី១ កក្កដា បានធ្វើឡើង ក្រោយពីមានការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋដោយមានអ្នកបំផុសផង ដើម្បីទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋ ។ ករណីនេះក្រសួងបានចុះដោះស្រាយនៅក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិន និងស្វាយរៀង ប៉ុន្តែភាពជាក់ស្តែងបានរកឃើញថា ពលរដ្ឋដែលបានតវ៉ាមិនមែនជាពលរដ្ឋក្រីក្រឡើយ ។

ក្រសួងបានរកឃើញថា ពលរដ្ឋខ្លះកាន់ប័ណ្ណសមធម៌ហួសសុពលភាព គ្រួសារភាគច្រើនជាគ្រួសារមានជីវភាពប្រសើរ សមាជិកគ្រួសារខ្លះកំពុងរស់នៅជាមួយគ្រួសារកូនដែលមានជីវភាពប្រសើរ និងគ្រួសារខ្លះលឺការប្រកាសរបស់រាជរដ្ឋាភិបាល និងឃើញគ្រួសារក្រីក្រទទួលបានការឧបត្ថម្ភ ជាសាច់ប្រាក់ក៏ចង់បានដូចគេដែរ ។

សូមជម្រាបថា មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជនធ្លាប់បានប្រកាសដែលថា ការផ្តល់ប្រាក់ឧបត្ថម្ភពេលនេះជាជុំទី១ ជុំទី២ និងជុំបន្តបន្ទាប់ នឹងមានទៀត ប្រសិនជំងឺកូវីដនៅតែជះឥទ្ធិពលដល់ជីវភាពពលរដ្ឋក្រីក្រ ។ ដូច្នេះការសម្ភាសផ្តល់ប័ណ្ណសមធម៌ នៅតែដំណើរការ ប្រសិនពលរដ្ឋថា ខ្លួនក្រីក្រ អាចដាក់ពាក្យស្នើសុំសម្ភាសយកប័ណ្ណសមធម៌នៅសាលាឃុំសង្កាត់ របស់ខ្លួនដែលរស់នៅ ។ មេឃុំខ្លះបានត្អូញត្អែរប្រាប់កោះសន្តិភាពថា ពេលគេចុះសម្ភាសពលរដ្ឋមិនសូវអើពើទេ តែពេលទទួលបានប្រាក់ទើបនាំគ្នាឆោឡោចង់បានដែរ ៕
ចែករំលែកព័តមាននេះ