ខេត្តព្រៃវែង ៖ នៅទីប្រជុំជនអ្នកលឿងត្រើយខាងកើត កាលពីល្ងាចថ្ងៃទី២២ ធ្នូ អ្នកស្រុកនាំគ្នាទៅចោមរោមមើលយ៉ាងកកកុញដោយសារតែស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួនស្លាប់១ថ្ងៃ១យប់ទៅហើយ បែរជាល្បីតៗគ្នាថា រស់ឡើងវិញ ។ ស្ត្រីរូបនេះឈ្មោះ ចាន់ ស្រីរ័ត្ន អាយុ២២ឆ្នាំ មានទីលំនៅម្តុំផ្សារដីហុយ រាជធានីភ្នំពេញ និងមានស្រុកកំណើតក្នុងភូមិព្រែកខ្សាយ «ក» ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង ។
បើតាមក្រុមគ្រួសារស្ត្រីរូបនេះឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ធ្នូ ដោយសារតែខូចចិត្តរឿងបែកពីកូនទាំង២នាក់ដែលត្រូវប្តីទី១ យកទៅបាត់នោះ បណ្តាលឱ្យនាង ចាន់ ស្រីរ័ត្ន គិតខ្លីយកថ្នាំងងុយដេកលេបអស់ប្រមាណ៨០គ្រាប់ ក្នុងបំណងធ្វើអត្តឃាតនៅនឹងផ្ទះរបស់ខ្លួនម្តុំផ្សារដីហុយ បណ្តាលឱ្យពុលបែកពពុះមាត់ ហើយត្រូវបានប្តីទី២ ជាប្តីក្រោយ ដែលរស់នៅជាមួយគ្នានាំយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។ បុ៉ន្តែក្រោយពីការជួយសង្គ្រោះអស់រយៈពេលបុ៉ន្មានម៉ោងក្រោយមក នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ក្រុមគ្រូពេទ្យអះអាងថា នាងចាន់ ស្រីរ័ត្ន បានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារជួលរថយន្តដឹកសពរបស់នាងនាំមកកាន់ស្រុកកំណើតនៅភូមិព្រែកខ្សោយ «ក» តំបន់អ្នកលឿងត្រើយខាងកើតដើម្បីរៀបចំធ្វើបុណ្យសពតាមប្រពៃណីទាំងក្តីសោកសៅបំផុត ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ធ្នូ ខណៈពេលដែលក្រុមគ្រួសារកំពុងលាងសម្អាតសពបម្រុងលើកដាក់មឈូសហើយនោះ ស្រាប់តែឪពុកម្តាយមានការសង្ស័យថា កូនរបស់ខ្លួនមិនទាន់ស្លាប់ ព្រោះរាងកាយសពនៅស្រស់បស់ មិនរឹងដូចសពមនុស្សដទៃ ទើបនាំគ្នាហៅគ្រូពេទ្យមកពិនិត្យមើល ស្រាប់តែគ្រូពេទ្យថា បេះដូងនិងជីពចររបស់នាងនៅដើរ ទំនងនៅមានជីវិតនៅឡើយ ទើបមានការភ្ញាក់ផ្អើលតៗគ្នាពីម្នាក់ទៅម្នាក់ នាំគ្នារត់មកចោមរោមមើលសពដែលស្លាប់ហើយរស់ឡើងវិញនេះ ។
តាមការឱ្យដឹងពីគ្រូពេទ្យថា បើទោះបីជានាងត្រូវបានសង្ស័យថា នៅមានជីវិតក៏ពិតមែន បុ៉ន្តែនាងមិនដឹងខ្លួននោះទេ ហើយតាមស្ថានភាពរាងកាយរបស់នាងបែបនេះ ប្រហែលជាមិនអាចរស់ឡើងវិញទេ គឺនឹងស្លាប់ទៅវិញនៅពេលដ៏ខ្លីខាងមុខនេះ នៅពេលដែលស្ថានភាពរាងកាយសពប្រែប្រួល ។ បើទោះជាមានការបញ្ជាក់ពីគ្រូពេទ្យបែបនេះក្តី ក្រុមគ្រួសារសពនៅតែមិនអស់ចិត្ត ទើបនៅព្រឹកថ្ងៃទី២៣ ធ្នូ បាននិមន្តព្រះចៅអធិការវត្តពងពស់ ស្រុកបាភ្នំ ឱ្យមកជួយធ្វើពិធីហៅព្រលឹងឱ្យចូលខ្លួនវិញ ។ ក្រោយពីធ្វើពិធីចប់ ព្រះតេជគុណអង្គនោះបានប្រាប់ទៅក្រុមគ្រួសាររបស់នាងថា នាងនឹងបើកភ្នែកដឹងខ្លួនឡើងវិញនៅវេលាម៉ោង១២យប់ថ្ងៃទី២៣ ធ្នូ ។
ដោយមានការអះអាងពីព្រះគ្រូចៅអធិការវត្តពងពស់បែបនេះ បានឱ្យធ្វើក្រុមគ្រួសារសពកាន់តែមានសង្ឃឹម ហើយនាំគ្នាទន្ទឹងរង់ចាំពេលវេលាកំណត់ដែលនឹងមកដល់ ។ រីឯអ្នកស្រុកអ្នកភូមិ ក៏នាំគ្នាទន្ទឹងរង់ចាំមើលដែរ ព្រោះចង់ដឹងថា តើនាងពិតជាអាចរស់ឡើងវិញមែនឬយ៉ាងណា ? គួរបញ្ជាក់ថា នាងចាន់ ស្រីរ័ត្ន ធ្លាប់មានប្តីម្តងរួចមកហើយ និងមានកូនចំនួន២នាក់ បុ៉ន្តែក្រោយមកបានលែងលះគ្នា ហើយប្តីរបស់នាងបានយកកូនទាំង២នោះទៅចិញ្ចឹមទាំងអស់ ចំណែករូបនាងក៏មានប្តីទី២ទៀត និងបានទៅរស់នៅជាមួយគ្នានៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ថ្មីៗនេះ ដោយមានការនឹករលឹកដល់កូនទាំង២នាក់ពេក នាងចាន់ ស្រីរ័ត្ន ក៏បានសុំប្តីក្រោយរបស់នាងទៅលេងកូន បុ៉ន្តែប្តីមិនឱ្យទៅ ក៏កើតមានទំនាស់គ្នាបន្តិចបន្តួច បុ៉ន្តែដោយនាងគិតខ្លី ក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនតែម្តង ។ កោះសន្តិភាពរង់ចាំមើលដូចអ្នកស្រុកនៅទីនោះដែរ ។ នាងរស់ឡើងវិញមែនទែន ឬយ៉ាងណានោះ នឹងមានផ្សាយជូននៅលេខក្រោយទៀត ៕
ចែករំលែកព័តមាននេះ