រាជធានីភ្នំពេញ៖ថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយដែលគេស្គាល់ច្បាស់ថា ថៅកែលក់ឡេធំមួយនៅប្រទេសវៀតណាមបានទិញរថយន្តទំនើបជាកាដូដល់ភរិយារបស់ខ្លួន តែអ្វីដែលសំខាន់សម្រាប់អ្នកលេងបណ្តាញសង្គមនៅកម្ពុជានោះ មិនមែនចាប់អារម្មណ៍លើរថយន្តស្ព័រតម្លៃកប់ពពកនោះឡើយ ក៏ប៉ុន្តែ គឺផ្លាកលេខពិសេសរបស់កម្ពុជា ដែលបំពាក់លើរថយន្តនោះទៅវិញទេ ។

យោងតាមគណនី Facebook មួយឈ្មោះ Mailisa Khánh ដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងធំមួយក្នុងប្រទេសវៀតណាម និងបានដាក់ទីលំនៅនៅទីក្រុងហូជីមិញ នោះបានទិញរថយន្តស្ព័រប្រភេទ McLaren Senna ពណ៌ពិសេស ដែលត្រូវបានគេដឹងថា មានតម្លៃខ្ទង់លានដុល្លារ ហើយមានបងប្អូនអ្នកលេងបណ្តាញសង្គមនៅខ្មែរធ្វើការចែកចាយនូវរូបភាព និងវីដេអូនោះ គឺដោយសារតែរថយន្តបានពាក់ផ្លាកលេខ «កម្ពុជា MAILISA» បង្កជាចម្ងល់ដល់មហាជនថា ផ្លាកលេខពិសេសរបស់កម្ពុជាអាចប្រើប្រាស់បាននៅប្រទេសវៀតណាម ឬយ៉ាងណា ។

យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា តើរថយន្តប្រណីតដែលម្ចាស់កម្មសិទ្ធជាជនជាតិវៀតណាម និងកំពុងប្រើប្រាស់រថយន្តនៅប្រទេសវៀតណាម ឬនៅប្រទេសកម្ពុជានោះទេ ។

ជុំវិញបញ្ហាផ្លាកលេខពិសេសបំពាក់លើរថយន្តខាងលើនេះ នៅមិនទាន់អាចទាក់ទងខាងអគ្គនាយកដឹកជញ្ជួននៃក្រសួងសាធារណការ និងដឹកជញ្ជួនបានទេ នៅព្រឹកថ្ងៃទី០២ កក្កដានេះ ។ តែបើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ផ្លាកលេខរថយន្ត រួមទាំងផ្លាកលេខពិសេសផងនោះ គឺជនបរទេសនៅកម្ពុជាអាចជាវបាន បើសិនជាជនបរទេសនោះមានក្រុមហ៊ុននៅកម្ពុជា មានអាស្រ័យដ្ឋានក្រុមហ៊ុនរកស៊ីនៅកម្ពុជាច្បាស់លាស់ មានប្រាក់តំកល់ និងមានលិខិតឆ្លងដែនត្រឹមត្រូវ គឺអាចទិញផ្លាកលេខរថយន្ត ឬដេញថ្លៃផ្លាកលេខពិសេសបាន ៕
ចែករំលែកព័តមាននេះ