រាជធានីភ្នំពេញ ៖ ខ្សែវីដេអូឃ្លីបមួយ មានការចែករំលែកបន្តគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដោយពិនិត្យឃើញមានការបកស្រាយមួយចំនួន ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ មកលើការអនុវត្តច្បាប់របស់សមត្ថកិច្ចនោះ ដើម្បីចៀសវាងការយល់ច្រឡំ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនដូចខាងក្រោម ៖
ទី១- កាលពីវេលា ម៉ោង ១៧និង៣០នាទី ថ្ងៃទី២៩ មិថុនា ២០២០ នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅ ធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូ ទទួលយកគ្រឿងញៀន ពីជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់ គេចចូលដីឡូតិ៍ ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច ។
ទី២- ឈ្មោះ វ៉េ ឡូងរាជ្យ ហៅខ្នាក់ គឺជាមុខសញ្ញាចាស់ ជួញដូរគ្រឿងញៀន នៅទីតាំងខាងលើ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនឹងបក្ខពួកមួយចំនួនទៀត ។
ទី៣- អំឡុងពេលប្រតិបត្តិការ ឃាត់ខ្លួននោះ សមត្ថកិច្ចពិនិត្យឃើញជនសង្ស័យ ស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនា ប្រើដំបងប្រព្រឹត្តអំពើហិង្សា មកលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួន និងចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងនីតិវិធីច្បាប់ ។
និងទី៤- ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិជ្ជាជីវៈ ដូច្នេះនឹងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមបែបកងកម្លាំងនគរបាលជាតិ ។
សូមរម្លឹកថា ប៉ូលិសប្រើហិង្សាជាន់កជនសង្ស័យ បណ្ដាលឲ្យផ្ទុះការរិះគន់ក្នុងបណ្តាញសង្គម
យោងតាមខ្សែវីដេអូឃ្លីបមួយ ដែលបានបង្ហោះចែកចាយពាសពេញបណ្តាញ សង្គម ដែលកម្លាំងសមត្ថកិច្ចមានគ្នា៣នាក់ ដោយម្នាក់បានប្រើជង្គង់ សង្កត់ពីលើក.ជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានប្រើហិង្សាដោយបានទាត់ធាក់ បន្ថែមផងដែរ ។ ជុំវិញបាតុភាពនេះ លោកវរសេនីយ៍ទោ ម៉ោ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់កោះសន្តិភាព កាលពីវេលាយប់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអេឡិកត្រូនិច WhatsApp ឲ្យដឹងថា ៖ «ករណីខាងលើ កើតឡើងកាលពីវេលាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ គឺកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ បានចុះបង្ក្រាបជនជួញដូរថ្នាំញៀន ដោយជនសង្ស័យដែលត្រូវ សមត្ថកិច្ចសង្កត់ក រូបនោះគឺជាមុខសញ្ញាយ៉ាងសកម្ម ទាំងប្រើប្រាស់ និងជួញដូរផងដែរ» ។
លោកអធិការបន្តថា នៅថ្ងៃកើតហេតុ អំឡុងពេលសមត្ថកិច្ចចុះធ្វើការបង្ក្រាបនោះ ជនសង្ស័យបានធ្វើសកម្មភាពតបតទៅលើកម្លាំង សមត្ថកិច្ច ដោយបានយកដំបងជាអាវុធសម្រាប់វាយតបតពេលដែលសមត្ថកិច្ចព្យាយាមចាប់រូបគេ ។ លុះពេលចាប់បានហើយនោះ ក៏មានការសង្កត់ក និងទាត់ធាក់ជនសង្ស័យ ដូចខ្សែវីដេអូដែលបានបង្ហាញស្រាប់ តែម្តងទៅ ៕


ចែករំលែកព័តមាននេះ