វាយទម្លុះទ្វារចូលទៅក្នុងផ្ទះឆេះសង្គ្រោះជីវិតក្មេងស្រីជាកូនៗបានទាន់ពេល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទ្រព្យសម្បត្តិមួយចំនួន និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រុម២ ភូមិត្នោតជ្រំុ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះ អុឹង ពិសិដ្ឋណាលីន អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ។ យោងតាមព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនកើតហេតុ ម្ចាស់ផ្ទះប្តីប្រពន្ធពុំបាននៅផ្ទះទេ ។ ពួកគេនាំគ្នាទៅធ្វើការអស់ ដោយបានទុកកូនស្រីតូចៗ២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៣ឆ្នាំ ឱ្យគេងនៅក្នុងផ្ទះ២នាក់បងប្អូនចាក់សោជាប់ពីក្រៅ ។ លុះវេលាកើតហេតុ ស្រាប់តែមានផ្សែងខ្មួលខ្មាញ់ហ៊ុយចេញពីខាងក្នុងផ្ទះ ខណៈក្មេងទាំង២កំពុងលង់លក់ក្នុងដំណេក ។

ទិដ្ឋភាពនេះ បង្កឱ្យមានការឆោឡោដល់អ្នករស់នៅក្បែរខាង និងលោកប្រធានភូមិបាននាំគ្នាធ្វើសកម្មភាពគាស់ និងវាយទម្លុះទ្វារចូលអន្តរាគមន៍ភ្លាម ។ បន្ទាប់ពីវាយកម្ទេចទ្វារហើយនោះ កម្លាំងអាជ្ញាធរចូលទៅខាងក្នុង ក៏ប្រទះឃើញក្មេងស្រីជាកូនម្ចាស់ផ្ទះទាំង២នាក់កំពុងអង្គុយយំនៅខាងក្នុង ក៏នាំចេញមកខាងក្រៅភ្លាមៗ និងបានទំនាក់ទំនងទៅកាន់កម្លាំងនគរបាល រួមជាមួយរថយន្តពន្លត់អគ្គិភ័យឱ្យចុះអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆេះនោះ ។

រថយន្តពន្លត់អគ្គិភ័យបានអន្តរាគមន៍ដល់ទីតាំងខាងលើ និងបានធ្វើសកម្មភាពបាញ់ទឹក ពន្លត់ ។ ក្រោយកាអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់រួចមក អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយសមត្ថកិច្ចប្រើប្រាស់ពេលវេលាអស់១ម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យអស់៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ២គ្រឿង និងរថយន្តរបស់ស្រាបៀរកម្ពុជា១គ្រឿង ។
ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានពុំទាន់អាចបញ្ជាក់បាននៅឡើយទេ រង់ចាំធ្វើកោសល្យវិច័យនៅពេលក្រោយ ។

នេះចាត់ថា សំណាងហើយដែលកម្លាំងអាជ្ញាធរ និងពលរដ្ឋជិតខាងបានវាយទម្លុះទ្វារចូលទៅខាងក្នុង
ជួយសង្គ្រោះជីវិតក្មេងស្រីជាកូនៗទាំង២នាក់បានទាន់ពេលវេលា ។ ប្រសិនបើយឺតពេលតែបន្តិចទៀត ប្រហែលជាមានតែការសង្វេគមិនខាន ។ សម្រាប់ក្មេងស្រីទាំង២មិនគួរណាឱ្យពួកគេ នៅក្នុងផ្ទះដោយគ្មានមនុស្សចាស់ណាម្នាក់នៅជាមួយបែបនេះឡើយ ៕
















ចែករំលែកព័តមាននេះ