ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលបង្កភាពក្ដៅក្រហាយដល់អ្នកភូមិស្ទើររាល់ថ្ងៃ ពេលនេះត្រូវកម្លាំងនគរបាលផ្នែកអនុវត្តដីកាចាប់ខ្លួនយកទៅប្រគល់ឲ្យចៅក្រមស៊ើបសួរនៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០១ កក្កដា នៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលជាប់ចោទពីបទ «បំភ្លេចបំផ្លាញទ្រព្យអ្នកដទៃ» ។
លោកកង សុផាន់ណ្ណា អនុប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ទទួលផ្នែកអនុវត្តដីកាបានឲ្យដឹងថា ជនត្រូវចោទរូបនេះ ឈ្មោះ ឃឿ សុខហៀង អាយុ៣៤ឆ្នាំ នៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ។ ជននេះត្រូវបាននាំខ្លួនតាម «ដីកាបង្គាប់ឲ្យនាំខ្លួន» លេខ៤១៤ ចុះថ្ងៃទី០១ មិថុនា ២០២០ របស់លោកចាប តុលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ។ លោកកង សុផាន់ណ្ណា បានប្រាប់ថា ឈ្មោះឃឿ សុខហៀង នេះត្រូវតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ពីបទ«ធ្វើឲ្យខូចខាតដោយចេតនាមានស្ថាន
ទម្ងន់ទោស» ដែលប្រព្រឹត្តកាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ នៅភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ប៉ុន្តែជននេះ មិនទាន់បានចូលខ្លួនទៅទទួលទោស ដើម្បីបញ្ចប់សំណុំរឿងចាស់ផង ជននេះបែរជាដើបង្កការអុកឡុកអ្នកភូមិស្ទើររាល់ថ្ងៃដូចមនុស្សបែកថ្នាំ ។

ជុំវិញករណីសកម្មភាពជនជាប់ចោទ ឈ្មោះ ឃឿ សុខហៀង នេះ បើតាមប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជននេះ តែងបង្កការអុកឡុកនៅក្នុងភូមិ ធ្វើឲ្យអ្នកភូមិភ័យខ្លាចយ៉ាងខ្លាំង តាមរយៈសកម្មភាពជននេះដើរកាន់កាំបិត ដំបង ស្រែកឡូឡាគំរាមកំហែងអ្នកភូមិ បង្កភាពអសន្តិសុខទាំងយប់ទាំងថ្ងៃ ។ អ្នកភូមិបានបញ្ជាក់ថា គេមិនដឹងថា តើជននេះ មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនដែរឬយ៉ាងណានោះទេ តែបើតាមពិនិត្យលើសកម្មភាពរបស់ជននេះ ដែលបង្កបញ្ហាម្ដងៗដូចជាមនុស្សបែកថ្នាំ ។ ប៉ុន្តែយ៉ាងណា ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនជននេះហើយ ដែលធ្វើឲ្យអ្នកភូមិបានធូរទ្រូងបន្តិច។

លោកកង សុផាន់ណ្ណា ក៏បានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពជននេះត្រូវ ត្រូវពលរដ្ឋថតទុកជាវត្ថុតាង។ បើពិនិត្យលើសកម្មភាពរបស់ជននេះ គឺ ជននេះបានកាន់កាំបិត កាន់ដំបង ស្រែកឡូឡាគំរាមកំហែងអ្នកភូមិគួរឲ្យភ័យខ្លាចបំផុត។ ប៉ុន្តែពេលនេះត្រូវកម្លាំងរបស់លោកចាប់ខ្លួនតាមដីកា លើសំណុំរឿងចាស់ហើយ ដើម្បីប្រគល់ឲ្យចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ៕


ចែករំលែកព័តមាននេះ