រាជធានីភ្នំពេញ ៖ ដោយសារតែកូវីដ១៩បាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជារហូតរោងចក្រមួយចំនួនបង្ខំចិត្តព្យួរការងារកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនោះ ក៏មានម្ចាស់រោងចក្រមួយចំនួនបានសម្រេចចិត្តពង្រីកមុខសញ្ញាបន្ថែម ក្នុងសង្វាក់ផលិតកម្មទៅជាការ ផលិតម៉ាស់សម្រាប់ការនាំចេញ ។

យោងតាមសមាគមន៍រោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា GMAC បានឱ្យដឹងនៅ ថ្ងៃទី១ ខែ កក្កដានេះថា មានរោងចក្រមួយចំនួនបានសម្រេចពង្រីកការផលិតរបស់ខ្លួនទៅជាការផលិតម៉ាស់ ដើម្បីនាំចេញទៅក្រៅ ។ ហើយរោងចក្រទាំងនោះ គឺកំពុងផលិតម៉ាសពីរប្រភេទ ទី១ គឺជាប្រភេទ ម៉ាស់ក្រណាត់ធម្មតា (ទប់ស្កាត់ធូលី) និងទី២ – ម៉ាស់សម្រាប់ពេទ្យពេលវះកាត់ (Surgical mask) ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី០១ ខែកក្កដានេះថា «ម៉ាស់ដែលកំពុងផលិត និងនាំចេញទៅក្រៅនោះមានពីរប្រភេទ គឺ ម៉ាស់ដែលការពារធូលី និងម៉ាស់ដែលពេទ្យប្រើសម្រាប់វះកាត់ ។ វាជាម៉ាស់ធម្មតា មិនមានតម្លៃខ្ពស់ទេ ដូចនេះការផលិត គឺវាមិនបានទទួលនូវប្រាក់ចំណេញខ្ពស់នោះទេ» ។

លោក កាំង ម៉ូនីកា បានបន្ថែមថា «អ្វីដែលរោងចក្រកាត់ដេរយើងមួយចំនួន បានពង្រីកមុខសញ្ញាបន្ថែម ក្នុងការផលិតម៉ាស់ទាំងពីរប្រភេទនេះគ្រាន់តែ ដើម្បីធ្វើឱ្យមានសកម្មភាព ផលិតកម្ម ដើម្បីជួយរក្សាការងារដល់បងប្អូនកម្មករនិយោជិតរបស់យើង ជាជាងការព្យួរការងារ ហើយសម្រាកនៅផ្ទះ» ។

ចំពោះបរិមាណនៃការបញ្ជាទិញវិញលោក កាំង ម៉ូនីកា បានបន្តថា វាមិនមានអ្វីច្រើនលើសលុបទេ គ្រាន់តែខាងសមាគមន៍ព្យាយាមរក្សាប្រតិបត្តិការផលិតកម្ម ហើយធ្វើយ៉ាងណារក្សាការងារខ្លះៗ ជូនបងប្អូនកម្មកររបស់យើងកុំឱ្យគាត់បាត់បង់ការងារទាំងស្រុង ។ បន្ថែមពីនេះលោក កាំង ម៉ូនីកា សង្ឃឹមថា ស្ថានការណ៍នឹងវិលត្រឡប់មកដូចដើមវិញប៉ុណ្នោះទើប ការកម្ម៉ង់ទិញសំលៀកបំពាក់នឹងអាចងើបឡើងវិញបាន ។
នៅពេលសាកសួរថា តើមានរោងចក្រកាត់ដេរចំនួនប៉ុន្មានដែលបានបង្វែរ ឬពង្រីកបន្ថែមនូវផលិតកម្មម៉ាស់សម្រាប់ការនាំចេញនោះ លោកកាំង ម៉ូនីកា បានបញ្ជាក់ថា ថ្ងៃនេះ (ទី ១ កក្កដា) លោកមិនមានទិន្នន័យក្នុងដៃសម្រាប់បញ្ជាក់ចំនួននៃម៉ាស់ដែលត្រូវបាននាំចេញកន្លងមក និងចំនួនរោងចក្រផលិតនៅឡើយទេ ។
បើតាមប្រភពព័ត៌មានទទួលបានពីមន្ត្រីនៅព្រលានយន្តហោះភ្នំពេញបានឲ្យដឹងថាកាលពីដើមខែមិថុនាកន្លងទៅមានការនាំចេញម៉ាស់ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ