រាជធានីភ្នំពេញ ៖ ទីបំផុត ស្ត្រីនិងបុរសចំនួន៤នាក់បានធ្វើការសុំទោសជាសាធារណៈ ចំពោះកម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ជុំវិញការផឹកស៊ីស្រែកឡូឡាបំពងធុងបាស់ក្នុងពិធីជប់លៀងខួបកំណើតមួយបង្កការរំខានដល់អ្នកជិតខាង ហើយបានប្រទូស្តរ៉ាយជាមួយសមត្ថកិច្ចពេលចុះទៅណែនាំអប់រំ ។

ការឈ្លោះប្រកែកជាមួយសមត្ថកិច្ចនោះ បុរសម្នាក់ត្រូវបានឃាត់ខ្លួនកាលពីយប់ និងស្ត្រី៣នាក់ទៀត ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនកោះហៅឱ្យចូលខ្លួនមកធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខលោក ថេង សុថុល ជាអភិបាលខណ្ឌ លោក យិន សាន្ត អធិការនគរបាលខណ្ឌ និងលោកនាយប៉ុស្តិ៍ រងប៉ុស្តិ៍ផ្សារដើមថ្កូវ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ មិថុនា ។
វិធានការរបស់សមត្ថកិច្ចនេះក្រោយការប៉ះទង្គិចពាក្យសម្តីគ្នា ជាមួយកម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវកាលពីយប់ នៅពេលដែលពួកគេធ្វើខួបកំណើតឱ្យក្មួយហើយមានការជួបជុំផឹកស៊ី ចាក់ធុង បាស់ច្រៀងឡូឡា បង្កការរំខានដល់អ្នកជិតខាងទើបមានការប្តឹងសមត្ថកិច្ចឱ្យចុះទៅជួយធ្វើអន្តរាគមន៍។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ក្រោយពីកម្លាំងរបស់នគរបាលនៃអធិការដ្ឋានខណ្ឌ ចំការ មន បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមមនុស្សប្រុសស្រីសរុបប្រមាណជាង៣០នាក់ ដែលបានប្រើពាក្យសម្តីជេរប្រមាថ និងប្រទាញប្រទង់ទៅលើកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន នៅពេលដែលចុះទៅធ្វើការណែនាំឱ្យបញ្ឈប់ចាក់ធុងបាស់ច្រៀងឡូឡារំខានទៅដល់អ្នកដ៏ទៃនៅវេលាម៉ោងប្រមាណជាង១០យប់ទៅហើយនោះ ។
នាព្រឹកនេះដែរ កម្លាំងរបស់លោកក៏បានធ្វើការកោះហៅស្ត្រីដែលជាម្ចាស់កម្មវិធី និង អ្នកចូលរួមជាស្ត្រីដូចគ្នាចំនួន៣នាក់ទៀត(សរុប៤នាក់) ឱ្យមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសុំទោសជាសាធារណៈ ចំពោះទង្វើររបស់ពួកគាត់ម្នាក់ៗដែលសុទ្ធតែស្ថិតក្នុងសភាពស្រវឹងស្រា បានធ្វើអំពើមិនគប្បីមកលើកម្លាំងមានសមត្ថកិច្ចកាលពីយប់ ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា កាលពីវេលាម៉ោង ប្រមាណ១០និង១០នាទីយប់ថ្ងៃទី២៩ ខែមិថុនា នៅចំណុចផ្ទះមួយកន្លែងដែលមានទីតាំង ស្ថិតនៅផ្លូវលេខ៤៩០ កែងផ្លូវលេខ១៣៥ មានគ្រួសារដែលរស់នៅក្បែរខាង បាននាំគ្នាប្តឹងមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ អំពីការចាក់ធុងបាស់បំពងសំឡេង និងស្រែកច្រៀងឡូឡារំខានដល់អ្នកជិតខាងរកដេកពួនមិនបាន ។
កម្លាំងសមត្ថកិច្ចចំនួន២នាក់ក៏បានចុះទៅធ្វើការណែនាំហាមឃាត់ និងឱ្យបញ្ឈប់ការរំខានអ្នកជិតខាងបែបនេះតទៅទៀត ។ ទន្ទឹមនោះលោកនាយរងប៉ុស្តិ៍ម្នាក់ជាអ្នកណែនាំ ។ មានមន្ត្រីនគរបាលម្នាក់ទៀតប្រើទូរ ស័ព្ទថត ដើម្បីទុកជាឯកសារ ។ ក៏ស្រាប់តែទាំងស្ត្រីជាម្ចាស់ផ្ទះធ្វើខួបកំណើតនិងភ្ញៀវអ្នកចូលរួមនាំគ្នាជេរប្រមាថដោយប្រើសម្តីខ្លាំងៗ និងប្រើកាយវិការមិនសមរម្យទៅលើកម្លាំងមានសមត្ថកិច្ចទើបឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ និងកោះហៅស្ត្រីទាំង៣នាក់ទៀតមកសាកសួរ ។
ចំពោះមុខលោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក យិន សាន្ត អធិការនគរបាលខណ្ឌ លោក នាយនគរបាលប៉ុស្តិ៍ និងលោករងប៉ូស្តិ៍ផ្សារដើមថ្កូវ រួមទាំងមន្ត្រីនគរបាលជាច្រើននាក់ទៀត បុរសនិងស្ត្រីទាំង៤នាក់ (ប្រុសម្នាក់ ស្រី៣នាក់) ដោយបានដឹងពីទោសកំហុសរបស់ខ្លួនម្នាក់ៗសុទ្ធតែស្រវឹងស្រានោះ ក៏បានធ្វើការសុំទោសជាសាធារណៈ ហើយក៏ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ ក្រោយពីដុះក្អែលរួច ៕
ចែករំលែកព័តមាននេះ