រាជធានីភ្នំពេញ ៖ គំនរកម្ទេចឈើដែលសេសសល់ពីការសាងសង់អគារខុនដូ៩៩៩ ត្រូវបានឆាបឆេះផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណខុនដូ៩៩៩ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខុនដូខាងលើបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានអ្នកខ្លះនៅអង្គុយលេងនៅបរិវេណខាងក្រៅ អ្នកខ្លះនៅលើខុនដូផងដែរ គាប់ជួនពេលនោះដែរ ស្រាប់តែបុរសម្នាក់បានដើរចេញមកសារខោអាវ ហើយបានមើលទៅខាងក្រោម ស្រាប់តែឃើញមានហុយផ្សែងទ្រលោមដោយមិនដឹងថា ឆេះអ្វីនោះទេ ។

ហើយពួកគាត់ទាំងនោះបាននាំគ្នាឆោឡោថា មានភ្លើងឆេះៗ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនក៏ដូចជាសន្តិសុខយាមកាមនៅទីនោះ ចេញមកអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់អស់ជាច្រើនបំពង់ តែមិនទាន់មានបាត់ផ្សែងនៅឡើយ ទើបពួកគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច និងសុំជំនួយរថយន្ដពន្លត់
អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ អោយចេញអន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួន១រថយន្ដ ទើបធ្វើឱ្យផ្សែង និងរងើកភ្លើងរលត់ទៅវិញអស់នៅ១១និង៣០នាទីយប់ថ្ងៃដដែល ។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ផ្ទះសំបែងប្រជាពលរដ្ឋក៏ដូចជាអាគារខុនដូនោះដែរ គឺគ្រាន់តែខូចកំទេចកំទីឈើដែលសេសសល់ពីការសាងសង់អាគារអស់បន្តិចបន្តួចតែប៉ុណ្ណោះ ។ ក្នុងករណីនេះ គឺមានការសង្ស័យថា បណ្ដាលមកពីមានអ្នកណា បោះកន្ទុយបារីចោលមកលើ គំនរឈើទើបបណ្ដាលឲ្យឆេះបែបនេះ ៕




ចែករំលែកព័តមាននេះ