ដំណឹង​ល្អ​! ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នឹង​ពន្យារ​រហូត​ដល់​ខែកញ្ញា​ដោយសារ​ហេតុផល​មួយ​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ ២០២០​នេះ​ថា ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​នឹង​ត្រូវ​ពន្យារពេល ០៣ ខែ​ទៀត​រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ។

ការ​សម្រេច​ពន្យា​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ និង​កែសម្រួល​លើ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​«​បែបបទ និង​នីតិវិធី​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​» កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា នៅ​ទីស្តីការ​របស់​ក្រសួង​ផ្ទាល់ ។

កិច្ចប្រជុំ​ពិភាក្សា​បាន​បញ្ជាក់​ថា «​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដាក់​ពាក្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់​សេវា និង​បង់ពន្ធ​ប្រថាប់ត្រា​ក្នុង​ពេល​តែ​មួយ នៅ​ទីតាំង​ផ្តល់​សេវា​តែ​មួយ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​បាន​លឿន​រហ័ស ដែល​ស្រប​តាម​គោលនយោបាយ​កំណែទម្រង់ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​របស់​រាជរដ្ឋាភិបាល​» ។

ម្ចាស់​យានយន្ត​ភាគច្រើន​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​សម្រេច​ពន្យារពេល​នេះ ដោយសារ​តែ​កន្លង​មក​នីតិវិធី​ខ្លះ​ៗ បង្ក​នូវ​ភាព​ស្មុគស្មាញ​ដល់​ម្ចាស់​យានយន្ត​ដូច​ជា ករណី តែ​វា​យ៉ាប់​ត្រង់​ទៅ​បញ្ជាក់​ពី​មេ​ប៉ុស្តិ៍ ហើយ​អោយ​រក​សាក្សី​២​នាក់​មក​បញ្ជាក់​ទៀត​ចឹ​ង​បាន​យូរ ខណៈ​ខ្លះ​ទៀត​បាន​ត្អូញត្អែរ​ថា គ្រាន់តែ​ពន្ធដា​ត្រូវ​ចំណាយពេល​មួ​យស​ប្តា​ហ៍ នេះ​បើ​ឯកសារ​គ្រប់​ផង​សម្រាប់​ធ្វើការ​ផ្ទេរ​កម្ម​សិទ្ធ​យាន យន្ត ។

លោក ធី ម្ចាស់​ឡាន​បា​ឡែ​ន​មួយ​គ្រឿង​បាន​និយាយ​ថា «​ឡាន​ខ្ញុំ​ទិញ​ត​ឡើង ៤ ទៅ ៥​ម្ចាស់ រក​ម្ចាស់​ដើម​អត់​ឃើញ ដល់​អ​ញ្ចឹ​ង​ខ្ញុំ​មាន​សាក្សី តែ​ពេល​ទៅ​ប្តូរ​មនុស្ស​ច្រើន ហើយ​នីតិ​វី​ធី​ច្រើន ដល់​អ​ញ្ចឹ​ង​ចំ​ពេល​កូ​វី​ដ​១៩ ផង អស់​លុយ​រឿង​ផ្ទេរ​កម្ម​សិទ្ធ​ឡាន​ផង​ចង់​វិលមុខ ។ បើ​អាច​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពន្យារពេល​រហូត​ដាច់​ឆ្នាំ​ល្អ​ជាង​» ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឯកភាព​ស្នើ​គោលការណ៍​ដាក់​ឱ្យ​អនុវត្ត​នៅ​ទីតាំង​ផ្តល់​សេវា​រួម​តែ​មួយ ដូច​ជា ​ការ​បង់ប្រាក់​សេវា និង​ពន្ធ​ប្រថាប់ត្រា​រួម​គ្នា​ក្នុង​វិក្កយបត្រ​តែ​មួយ ខណៈ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ស្មុគស្មាញ និង​រអ៊ូរទាំ​អំពី​បែបបទ​បំពេញ​ឯកសារ​រដ្ឋបាល ដើម្បី​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​នៃ​យានយន្ត​មក​ម្ចាស់​កាន់កាប់​ចុង​ក្រោយ​។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​ថា នីតិវិធី​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​ថ្មី​នេះ នឹង​ត្រូវ​ចំណាយពេល​តែ​១​ថ្ងៃ ប្រសិនបើ​មិន​មានការ​ប្តូរ​ផ្លា​ក​លេខ និង​រយៈពេល​២​ទៅ​៣​ថ្ងៃ ប្រសិនបើ​មានការ​ប្តូរ​ផ្លា​ក​លេខ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ