ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់ត្រូវស្រីស្នេហ៍កាប់១កាំបិតប៉័ងតោ បណ្តាលឱ្យរយះភ្លៅរហូតប៊ិះនឹងដាច់ទាំងអាអូនតូចទៀត ក្រោយពីស្រីស្នេហ៍រូបនេះផ្ទុះភ្លើងប្រច័ណ្ឌនឹងជនរងគ្រោះដែលមានស្រីថ្មី ហេតុការណ៍ហិង្សានេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
បើតាមប្រភពពីអ្នកឃើញហេតុការណ៍នៅក្បែរកន្លែងកើរហេតុឲ្យដឹងថា អំពើហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ត្រូវជាស្រីស្នេហ៍ជនរងគ្រោះ ចំណែកភាគីជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ទើបតែជាប់ថ្មី ហើយតម្រូវឲ្យទៅបម្រើការនៅស្រុកតាំងគោក មានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។

ប្រភពដដែលប្រាប់ថា បុរសជាជនរងគ្រោះខាងលើ គឺជាមន្ត្រីនគរបាល រួមជាមួយនឹងជនសង្ស័យ គឺជានារីគូរកំណាន់ចិត្តនឹងគ្នា ហើយជនសង្ស័យជាស្ត្រីបម្រើការនៅហាងខារ៉ាអូខេ ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ។
ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ បន្ទាប់ពីជនសង្ស័យដឹងថា ជនរងគ្រោះដែលជាសង្សាកំណាន់ចិត្តរបស់ខ្លួនមានស្រីថ្មីនោះ គេឃើញជនសង្ស័យបានជិះម៉ូតូ១គ្រឿង ដោយមានដាក់កាំបិតបុ័ងតោនៅក្នុងកន្ត្រកម៉ូតូផង ក៏បានទៅឈប់ត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានទូរស័ព្ទហៅជនរងគ្រោះជាសង្សារទៅជួប។

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក គេក៏ឃើញវត្តមានជនរងគ្រោះបានទៅជួប នឹងជនសង្ស័យ ខណៈពេលជួបមុខគ្នានោះ គេសង្កេតឃើញអ្នកទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ក្រោយមកគេឃើញជនសង្ស័យកាន់កាំបិតបុ័ងតោនៅដៃស្តាំ ចំណែកដៃឆ្វេងចាប់ក្របួច.កអាវបុរសជាសង្សារ រួចក៏កាប់១កាំបិតប៉័ង ក្នុងគោលបំណងផ្តាច់យករបស់ដ៏មានតម្លៃដែលជាកេរ្តិ៍ដំណែលឪពុកចែកឲ្យចោលតែម្តង ដើម្បីកុំឲ្យខូចដើរចែកស្រីផ្សេងទៀតបាន តែបែរជាចំភ្លៅវិញ បណ្តាលឱ្យរយះយ៉ាងជ្រៅ រួចក៏បន្តដល់អាអូនតូចប៊ិះនឹងដាច់អស់ពាក់កណ្តាលទៀតផង។
ក្រោយពីបង្កហេតុរួចហើយ ស្ត្រីស្នេហ៍រូបនេះក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះជាប្រុសសំណប់ចិត្ត ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ក្រែងលោរបស់មានតម្លៃអាចនៅប្រើប្រាស់វិញបានទៀត។ ហើយខណៈពេលនេះសមត្ថកិច្ច កំពុងតែតាមរកចាប់ខ្លួនជនសង្ស័យជាស្រីស្នេហ៍រូបនេះហើយ ដើម្បីយកមកដោះស្រាយ និងផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ