រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់លើដងផ្លូវនោះ សមត្ថកិច្ចបានរកឃើញមធ្យោបាយល្មើសសរុបចំនួន ៣៤,០២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៤,៩១៦គ្រឿង ហើយត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

ប្រភពដដែលបានឲ្យដឹងផងដែរថា ត្រឹមតែមួយថ្ងៃ គឺថ្ងៃទី៣០ មិថុនា គឺ មធ្យោបាយល្មើសមានសរុបចំនួន ១,០៦១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៧៣គ្រឿង ដែលត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា រយៈពេល៣០ថ្ងៃ នៃខែមិថុនានេះ ឃើញថា «ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ » ៕
ចែករំលែកព័តមាននេះ