ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតក្នុងរណ្តៅរ៉ែមាស បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលអាជីវកម្មរ៉ែមាសនៅទូទាំងខេត្តមណ្ឌលគិរី បានបិទអស់រយៈពេលជិត៣ឆ្នាំទៅហើយនោះ។

សេចក្តីរាយការណ៍នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៥នាទីព្រឹក មានករណីមនុស្សបាត់បង់ជីវិត ដោយធ្លាក់ចូលក្នុងរណ្តៅរ៉ែ នៅតំបន់រ៉ែមាសស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ សឿន លីណាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតក្នុងភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយមុនពេលជនរងគ្រោះបាត់បង់ជីវិត គឺរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ គឺមានក្រុមមនុស្សចំនួន៣នាក់ដែលបានលួចចុះរករ៉ែមាសក្នុងរណ្តៅដែលបានបិទទ្វារចោលយូរមកហើយជាមួយនឹងជនរងគ្រោះ។ ហើយចំពោះមូលហេតុដែលធ្វើឱ្យជនរងគ្រោះត្រូវបាត់បង់ជីវិតនោះ គឺដោយសារតែខណៈពេលដែលជនរងគ្រោះចុះទៅក្នុងរណ្តៅរ៉ែជិះរ៉ត រួចបំពាក់ខ្សែពានខុសបច្ចេកទេស ទើបធ្វើឱ្យជនរងគ្រោះជាន់ត្រូវខ្សែពានមួយចំហៀង ក៏រអិលធ្លាក់ក្នុងរណ្តៅរ៉ែដែលមានជម្រៅ៤០ម៉ែត្រ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសួរទៅក្រុមដែលចុះទៅលួចជីករ៉ែជាមួយជនរងគ្រោះ ទើបដឹងថា រណ្តៅរ៉ែដែលមានកណីធ្លាក់មនុស្សរហូតដល់បាត់បង់ជីវិតនោះ គឺជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ បន្ទាប់ពីការស្រាវជ្រាវព័ត៌មានជុំវិញកន្លែងកើតហេតុ និងពិនិត្យសាកសពរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបាត់បង់ជីវិតដោយសារតែរអិលធ្លាក់ចូលរណ្តៅរ៉ែ បណ្តាលឲ្យបាត់បង់ជីវិតពិតប្រាកដមែន។
ទោះជាយ៉ាងណា បើគិតត្រឹមថ្ងៃទី០១ កក្កដា ២០២០នេះ កោះសន្តិភាពមិនអាចសុំការបញ្ជាក់ពីមន្ទីររ៉ែខេត្តមណ្ឌលគិរីបានទេ ។

គួរបញ្ជាក់ថា ជុំវិញករណីមានមនុស្សលួចធ្វើសកម្មភាពចុះរករ៉ែក្នុងរណ្តៅ គឺគណៈកម្មាធិការថ្នាក់ជាតិ បានចាក់សោរបិទមាត់រណ្តៅទាំងនោះកាលអំឡុងឆ្នាំ២០១៧ ក្រោយមានហេតុការណ៍មនុស្សបាត់បង់ជីវិតជាបន្តបន្ទាប់នៅខេត្តក្រចេះ ដែលកាលនោះគេសង្ស័យថា បណ្តាលមកពីសារធាតុគីមីធ្លាយចេញពីតំបន់ធ្វើរ៉ែមាស ហូរតាមទឹកអូរមានប្រភពពីខេត្តមណ្ឌលគិរី៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ