រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ឲ្យដឹងថា បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងអស់ ពោល គឺនៅសល់១០នាក់ប៉ុណ្ណោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១នាក់ ដែលរហូតមកដល់ពេលនេះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១៣១នាក់ ស្មើនឹង៩២.៩១.% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់ ។

នៅក្នុងចំនួននោះមានស្រី ៣៩នាក់ និងបុរស៩២នាក់ ។ ក្រសួងក៏បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងជំងឺនេះចំនួន១០នាក់ បានកំពុងសម្រាកព្យាបាលមន្ទីរពេទ្យរដ្ឋ ក្នុងនោះមានស្រី១នាក់ និងបុរស៩នាក់ ។
ក្នុងចំណោម១០នាក់នោះមាន បុរសជនជាតិខ្មែរ៧នាក់ និងស្ត្រីជនជាតិខ្មែរ១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
បុរសជនជាតិខ្មែរ២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ។
ក្រសួងក៏បានបញ្ជាក់ចំពោះករណីជាសះស្បើយម្នាក់ថា ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតហើយ ៕
ចែករំលែកព័តមាននេះ