ខេត្តរតនគិរី ៖ នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់កើតមានឡើង នៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជាមេភូមិ មេឃុំជាដើម ដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសាររួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។ នេះជាការលើកឡើងរបស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នេះនៅសាលាខេត្តរតនគិរី ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានថា៖ «អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ»។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជនដែលរំលោភបំពាន ទន្ទ្រានកាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់»។
សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។
ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបាននិងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។
បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨។
លោក សាយ សំអាល់ បន្តថា «យើងត្រូវធ្វើការរួមគ្នា ដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ខ្វះដីពិតប្រាកដសូមដាក់ពាក្យស្នើសុំ ដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ»។
ចក្ខុវិស័យនិងការចូលរួមលើកកម្ពស់ ជីវភាពប្រជាសហគមន៍នេះ ត្រូវបានចែករំលែកពីសំណាក់ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដោយបានថ្លែងថា «យើងខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋខេត្តយើង ខ្ញុំពឹងអាស្រ័យមុខរបរលើធនធានធម្មជាតិទេ គឺមានមុខរបរផ្សេងក្រៅពីការប្រមូលអនុផលព្រៃឈើ ដើម្បីទុកឱ្យធនធានធម្មជាតិមានការរីកធំធាត់ និងធ្វើឱ្យខេត្តរតនគិរី ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្បូណ៌ ដោយធនធានធម្មជាតិ ដើម្បីផលប្រយោជន៍សម្រាប់ កូនចៅជំនាន់ក្រោយបន្តទៀត។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរភូមិឃុំ រួមនឹងអង្គការសង្គមស៊ីវិលសហការគ្នាឱ្យបានល្អ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។
លោក សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ និងដំណាំកសិកម្មផ្សេងៗ ក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា៕
ចែករំលែកព័តមាននេះ