ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​


ខេត្ដ​ប៉ៃលិន ៖ ក្រោយ​ពី​ទទួល​បាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ប៉ៃលិន លោកស្រី​វរសេនីយ៍ទោ ស ចិន្ដា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេ​ន​ឌ័​រ ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ កន សា​រុន នាយការិយាល័យ​ដឹក​នាំ​កម្លាំង​ចុះ​​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​​ចាប់បង្ខំ​សេព​សន្ថវៈ​កូនចុង​របស់​ខ្លួន​រហូត​បាន​សម្រេច​ចំនួន​២​នាក់ កាលពីថ្ងៃទី​២០ មេសា ឆ្នាំ​២០២០ ខណៈ​ម្តាយ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ ។

ហេតុការណ៍​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ជនសង្ស័យ​ឈ្មោះ វន​ណ៍ ឃី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​​ភូមិឃុំកើតហេតុ​ខាងលើ​ ។ ចំណែក​ក្មេងស្រីរងគ្រោះទាំង២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​អាយុ​​៨​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​​​​១១​ឆ្នាំ ។ ក្មេង​ស្រីទាំង២នាក់​ត្រូវជា​បង​ប្អូនបង្កើតនឹងគ្នា ។

តាម​ប្រភព​ព័​ត៌​មាន​បាន​​បន្ត​ទៀត​ថា មុនពេលកើតហេតុ ដោយ​សារ​ឃើញ​សភាព​កូនស្រី​ទាំង​២​នាក់​មិន​ស្រួល ក៏​​សួរនាំ តែ​នាង​តូច​ទាំង​២​នាក់​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយសារ​ឪពុកចុង​គំរាមផ្តាច់ជីវិតទាំង​ពូជ ​បើ​ហ៊ាន​ប្រាប់​ម្តាយ ។ តែ​ដោយ​សារ​​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្លេចសួរ និង​លួងលោម​ ទើប​នាង​ទម្លាយ​ប្រាប់ ​បន្ទាប់មក​ស្ត្រីជាម្តាយ​ក៏​ប្រញាប់​ដាក់​ពាក្យបណ្តឹង​​តែ​ម្តង ។

ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ខាងលើ​​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើតេស្ដ​ទឹកនោម ជា​លទ្ធផល​​រក​ឃើញ​មាន​ប្រើប្រាស់​សារធាតុ​ញៀន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ