ខេត្តកំពង់ចាម ៖ «រហូតមកដល់ពេលនេះជំងឺកូីដ១៩មិនទាន់មានថ្នាំសម្រាប់ព្យាបាល ឬរកឃើញវាក់សាំងនៅឡើយទេ ដូច្នេះសូមលោកតាលោកយាយនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមត្រូវប្រកាន់ខ្ជាប់ធ្វើអនាម័យឱ្យស្អាតបានជាប្រចាំ» ។ នេះជាប្រសាសន៍របស់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៨ មិថុនា ២០២០ ក្នុងឱកាសដង្ហែទានវស្សា រួមនឹងទេយ្យទានប្រគេនដល់ចៅអធិការវត្តចំនួន៤ ដែលគង់ចាំព្រះវស្សា នៅវត្តខេមវ័ន្ត ហៅវត្តថ្មី ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្នុងឱកាសនោះមានការចូលរួមពីសំណាក់លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមទាំងសហការីជាច្រើននាក់ទៀត ។

លោកអ៊ុន ចាន់ដា អភិបាល ខេត្តមានប្រសាសន៍ឲ្យដឹងថា តាមពិតចូលព្រះវស្សាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ កក្កដា ២០២០ តែអាជ្ញាធរបានរៀបចំដង្ហែទៀនវស្សាមកប្រគេនជូនដល់ព្រះចៅអធិការវត្តដោយរៀបចំនៅវត្តថ្មីនេះ ជាវត្តដែលព្រះអនុគុណគង់នៅ។ ក្នុងពេលដែលរូបលោកត្រូវបានផ្លាស់ប្ដូរតំណែងពីអភិបាលខេត្តព្រះវិហារមកកាន់អភិបាលខេត្តកំពង់ចាម ជាខេត្តមួយដែលនៅជាប់ភូមិសាស្ត្រដងទន្លេ មេគង្គ ហើយត្រូវសិក្សារៀនសូត្របទពិសោធន៍ពីចាស់ទុំ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា ចំពោះការងារត្រូវបានដោះស្រាយប្រកបដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំ ជាមួយនោះគឺមានការចូលរួមយ៉ាងផុលផុសពីសំណាក់មន្ត្រីពាក់ ព័ន្ធនៅមូលដ្ឋានទាំងនៅថ្នាក់ខេត្ត។ សព្វថ្ងៃវិស័យព្រះពុទ្ធសាសនាត្រូវបានមើលឃើញមានការរីកចម្រើនយ៉ាងផុលផុសពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនោះ គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកតាលោកយាយ ដែលជាចំណុះពុទ្ធបរិស័ទជាងវត្តទាំងអ្នកនៅទីជិតទីឆ្ងាយ។

លោកអភិបាលខេត្តបានបន្តថា ចំណែកសំណង់សាលាពុទ្ធិកសាកលវិទ្យាល័យនៅវត្តជ្រោយថ្មដោយមានការជ្រោមជ្រែងពីសំណាក់លោកជំទាវឧកញ៉ាសៀង ចាន់ហេង សំណង់នោះគ្រោងនឹងសម្ពោធនៅក្នុងពេលខាងមុខ ដែលនេះជាសមិទ្ធិផលប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ឱ្យវិស័យព្រះពុទ្ធសាសនារីកចម្រើន។

លោកអភិបាលខេត្តបានបន្តថា សព្វថ្ងៃជំងឺកូវីដ១៩មិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្ររកថ្នាំព្យាបាលឃើញនៅឡើយទេ ហើយជំងឺនេះបានរីករាលដាលពាសពេញពិភពលោកកើនឡើងរហូតដល់ជិតដប់លាននាក់ហើយភាគច្រើនជំងឺនេះច្រើនតែងាយឆ្លងដល់មនុស្សចាស់ចាប់ពីវ័យ៦០ឆ្នាំឡើង។ ដោយឡែក នៅក្នុងខេត្តកំពង់ចាមអ្នកជំងឺកូវីដ១៩ចំនួន១៦នាក់បានជាសះស្បើយអស់ហើយ នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម ក៏បានដាក់ប្រជាពលរដ្ឋដែលមកពីប្រទេសក្រៅកើនដល់៥០នាក់ដើម្បីធ្វើចត្តាឡីសក្តិ ។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ត្រូវប្រកាន់ភ្ជាប់នូវអនាម័យឱ្យបានស្អាតជាប្រចាំដោយប្រើប្រាស់អាល់កុលឬជែលលាងដៃ។

លោកអភិបាលបានបន្តទៀតថា ដោយឡែកប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ដោយឲ្យស្ថាប័នក្រសួងផែនការសហការជាមួយមន្ត្រីមូលដ្ឋានធ្វើការស្រាវជ្រាវរហូតមកដល់ពេលនេះប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១និងក្រ២ ក្នុងខេត្តកំពង់ចាមមានចំនួនក្នុងរង្វង់៤ម៉ឺនគ្រួសារ ក្នុងនោះមានជាង១ម៉ឺនគ្រួសារ បានទទួលការឧបត្ថម្ភក្នុងដំណាក់កាលទី១ ។ ប្រសិនបើលោកតាលោកយាយមានជំងឺ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតដើម្បីទទួលបានការព្យាបាលជំងឺ ចៀសវាងកុំទុកឱ្យជំងឺយាយីលើរាងកាយ។

ព្រះចៅអធិការវត្តថ្មី ធម្មាសាលវង្សសាវិរ: បានមានថេរដីកាឱ្យដឹងដែរថា ពិធីបុណ្យទានព្រះវស្សាគឺមានតាំងពីមុនពេលដែលព្រះពុទ្ធត្រាស់ដឹងម៉្លេះ ក្នុងរដូវវស្សានេះ ព្រះសង្ឃត្រូវគង់នៅទីវត្តអារាមដើម្បីរៀនព្រះធម៌ហើយការនិមន្តចេញពីវត្តគឺមានពេលវេលាត្រូវកំណត់ ។ ក្នុងគ្រាដែលមិនទាន់មានប្រព័ន្ធទំនើបកម្មបែបវិទ្យាសាស្ត្រ នាសម័យបុរាណកាល ពុទ្ធបរិស័ទគឺយកក្រមួនសុទ្ធមកលុញធ្វើជាទៀនហើយយកទៅប្រគេនព្រះសង្ឃ ដើម្បីអុជបំភ្លឺរៀនព្រះធម៌ រហូតដល់ក្រោយមកគេហៅថាទៀនចាំព្រះវស្សា៕






ចែករំលែកព័តមាននេះ