ខេត្តសៀមរាប ៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន៣៨ខ្សែ សរុបប្រវែង៩៨,៣៤គីឡូម៉ែត្រក្នុងក្រុងសៀមរាប ត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យ សេដ្ឋកិច្ច សោភ័ណភាពទីក្រុងសៀមរាប ឱ្យស័កិ្តសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ។

កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យនិងសិក្សាលើគម្រោងផ្លូវមេចំនួន៣៨ខ្សែ សរុបប្រវែងប្រមាណ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះផ្លូវ២គន្លងមានប្រវែងប្រមាណ៤៤គីឡូម៉ែត្រ និងផ្លូវ៤គន្លងមានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ ដែលលាតសន្ធឹងក្នុងសង្កាត់ទាំង១២របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុលនិងកែលម្អឡើងវិញ ។ គម្រោងខ្សែផ្លូវមេទាំង៣៨ខ្សែនេះដែលបានសិក្សា គឺជាសរសៃឈាមនិងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភ័ណភាពរបស់ខេត្ត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការងារជួសជុលនិងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាបរួមមាន ផ្លូវតាអុចផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀម
រាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុសកែលម្អឡើងវិញដូចក្រុងព្រះសីហនុ ឱ្យស័កិ្តសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរអន្តរជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ។ ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានលើកឡើងពីគម្រោងដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ ។ គម្រោងផ្លូវវាងក្រុងរួមមាន ផ្លូវខេត្តលេខ2SR3 ប្រវែង១៤,៩៥គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ៦ត្រង់គីឡូម៉ែត្រ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គីឡូម៉ែត្រ៣១៩+៦០០(ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង៤,៦០គីឡូម៉ែត្រ បន្តពីផ្លូវ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ២៦៥F ប្រើប្រាស់ថវិកាឥណ ទាន ADB ។ គម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គីឡូ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ត្រង់ចំណុចគីឡូ ម៉ែត្រ២៩១ដល់គីឡូម៉ែត្រ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាពីលទ្ធភាពគម្រោង ។

ព្រមជាមួយនេះ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបក៏ត្រូវបានសិក្សាដែរ ។គម្រោងសិក្សាផ្លូវទាំង៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា ។

គម្រោងផ្លូវនេះ នឹងចូលរួមជំរុញនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាលមកកាន់តែជិតក្រុង តភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន ៕








ចែករំលែកព័តមាននេះ