ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុំ​មិនមែន​ជា​តួអង្គ​គំរូ​ដល់​យុវជន​ខ្មែរ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

ធម្មតា​តួអង្គ​ឯក ច្រើន​ជា​តួអង្គ​គំរូ​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​«​ទុំ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​តួអង្គ​គម្រូ​ល្អ​ដល់​មហាជន​ទេ​» គឺ​ផ្នែក​មួយ​នៃ​ការ​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​សា​រ៉​ន ស្រី​និត្យ ។ ហេតុផល​អ្វីខ្លះ​ដែល​នាង​វិភាគ​បែប​នេះ ? អត្ថបទ​វិភាគ​សរសេរ​ថា តួអង្គ​ទុំ…

ធម្មតា​តួអង្គ​ឯក ច្រើន​ជា​តួអង្គ​គំរូ​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​«​ទុំ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​តួអង្គ​គម្រូ​ល្អ​ដល់​មហាជន​ទេ​» គឺ​ផ្នែក​មួយ​នៃ​ការ​សរសេរ​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​សា​រ៉​ន ស្រី​និត្យ ។ ហេតុផល​អ្វីខ្លះ​ដែល​នាង​វិភាគ​បែប​នេះ ?

អត្ថបទ​វិភាគ​សរសេរ​ថា តួអង្គ​ទុំ ដែល​អ្នកនិពន្ធ​បាន​កំណត់​ឡើង ស្ថិត​ក្នុង​សម័យ​នោះ​ពិតជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន ។ លង្វែក​ជា​សម័យ​ដែល​ខ្មែរ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​មួយ​ដែល​រហូត​មក​ដល់​ពេល​នេះ​វា​បាន​បាត់បង់ បន្ដិច​ម្ដង​ៗ ទៅ​ហើយ​នោះ​គឺ​ការ​បួស​រៀន ។ សម័យ​នោះ​កូនប្រុស​ត្រូវ​បួស​រៀន​នៅ​ក្នុង​វត្ត​ដែល​មាន​ព្រះសង្ឃ​ជា​គ្រូបង្រៀន ។

បើ​និយាយ​ពី​ចរិតលក្ខណៈ​របស់​ទុំ គឺ​ហាក់​មិន​ខ្វាយខ្វល់​នូវ​អ្វី​ដែល​កំពុង​តែ​កើតឡើង​នៅ​ជុំវិញ​ខ្លួន​ឡើយ សំខាន់​គឺ​ការ​ស្មោះត្រង់ និង​ប្ដូរផ្ដាច់​ចំពោះ​គូស្នេហ៍ ។ ទុំ​ជា​តួអង្គ​ព្រះសង្ឃ​ខ្មែរ ដែល​សម័យ​នោះ​ជា​ពពួកមនុស្ស​ដែល​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ មានការ​ចេះ​ដឹង​ជ្រៅជ្រះ មានចំណេះ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ តែ​ទីបំផុត​ទុំ​មក​ធ្លាក់​ក្រោម​ដី​ទៅ​វិញ ទុំ​លួច​សឹក​ដោយ​ពុំ​ស្ដាប់​ពុទ្ធដីកា​របស់​លោកគ្រូ ដើម្បី​តែ​បំណងប្រាថ្នា​របស់​ខ្លួន​ចំពោះ​នាង​ទាវ ។

ទុំ​មានះ​ចង់បាន​អ្វី​ហើយ​ត្រូវ​តែ​បាន​ដោយ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់ ក្នុង​ដំណើររឿង​ទុំ​បាន​ពុះពារ​គ្រប់​បញ្ហា​ដើម្បី សេចក្ដី​ស្រលាញ់​ចំពោះ​នាង​ទាវ អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ដោយ​ស្មោះ​ស្ម​គ្រ័ ជា​ស្នេហា​ដែល​មាន​ចំពោះ​គ្នា ។ ពួក​គេ​បាន​បង្ហាញ​ពី​ទំហំ​នៃ​សេចក្ដី​ស្រលាញ់​នេះ​ដើម្បី​កែប្រែ​ផ្នត់គំនិត នំ​មិនធំ​ជាង​នាឡិ រហូត​ដល់​ធ្វើ​ខុស​ពី​ប្រពៃណី ដូច​ក្នុង​អត្ថបទ​បាន​បង្ហាញ​ថា​៖
«៤២៥.​ហ៊ាន​មក​ថើប​ថ្ពាល់​ពាល់​ដល់​ដោះ ចិត្ត​គ្មាន​ក្រែង​សោះ​មិន​ខ​ប​ចៃ ទុំ​ថាបើ​ខុស​សុំ​ឲ្យ​ថ្លៃ ស្រលាញ់​យូរថ្ងៃ​ឥត​ឧបមា ។

នាង​នោ​ពី​លៀង​ដឹង​សេចក្ដី ចរ​ចុះ​ចេញ​ខ្មី​មិន​មាន​ថា ក្រែង​ទាវ​អន់​អៀន​ក្នុង​កាយា ចិន្តា​ទាវ​ព្រម​ល្មម​បេតី ។ ទុំ​ឱប​បីបម​ថ្នម​ប្រលែង ទាំង​ពីរ​ឥត​ក្រែង​រួមមេត្រី នៅ​ក្នុង​គ្រឹះស្ថាន​ក្សាន្ដ​ដូច​ក្ដី ស្រស់​ស្រី​ស្រួល​ស្រើប​ដោយ​តណ្ហា »​។

ទុំ​ទាវ​បាន​រួមមេត្រី​ជាមួយ​គ្នា ដោយ​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ យើង​ឃើញ​ថា​តួអង្គ​នៅ​ក្នុង​រឿង​ដែល​មាន​ភេទ​ជា​សង្ឃ ហើយ​បែរជា​លប​លួច​ស្រលាញ់​មនុស្ស​ស្រី ។ អ្នកនិពន្ធ​លើកយក​ការ​បង្ហាញ​តួអង្គ​ដែល​មាន​ភេទ​ជា​ព្រះសង្ឃ ដើម្បី​យក​មក​ធ្វើការ​វិភាគ និង​ដោះស្រាយ ។ យើង​ដឹង​រួច​មក​ហើយ​ថា​ព្រះសង្ឃ​ជា​បុគ្គល​មួយ​រូប​ដែល​ពុទ្ធបរិស័ទ គោរព និង​ប្រតិបត្តិ ជា​ពិសេស​ជា​បុគ្គល​ដែល​មានចំណេះ​ដឹងផង​ដែរ ។ ឯ​វិន័យ​ដែល​សាមណេរ ត្រូវ​សិក្សា​នោះ​មាន​៣០ គឺ​សិក្ខា​បទ​១០ ទ​ណ​កម្ម​១០ នាសនង្គ​១០ រួម​ត្រូវជា​៣០ ។

ក្នុង​នោះ​អង្គ​សិក្ខាបទ ដែល​សាមណេរ​ប្រព្រឹត្ត​កន្លង​សិក្សា​បទ​ណាមួយ​លុះត្រាតែ​ព្រម​គ្រប់​អង្គ ក្នុង​សិក្ខាបទ​នោះ ទើប​ឈ្មោះ​ថា​កន្លង បើ​មិន​ព្រម​ដោយ​អង្គ​ទេ មិន​ឈ្មោះ​ថា​កន្លង​ឡើយ ។ ឯ​អង្គ​របស់​សិក្ខាបទ​នោះ​គឺ បា​ណា​តិ​បា​តា មាន​អង្គ​៥ អទិន្នា​ទា មាន​អង្គ​៥ អព្រហ្មចរិយៈ​មាន​អង្គ​៤ ដែល​នៅ​ក្នុង​អព្រហ្មចរិយៈ​នោះ​ហើយ ដែល​នេន​ទុំ​បាន​ធ្វើ​ខុស​វិន័យ​សង្ឃ​គឺ ត​ជ្ជោ វា​យា​មោ គឺ​ព្យាយាម នឹង​សេ​ជ​នូវ​មេថុន ដែល​កាល​ទុំ​បានឃើញ​នាង​ទាវ​ជា​លើក​ដំបូង​ទុំ​បាន​ស្រលាញ់​នាង​ទាវ និង​គិត​ស្នេហា​លើ​នាង​ទៅ​ហើយ ។

មួយវិញទៀត​ត្រង់ មុសាវាទ មាន វិសំ​វាទ​ន​ចិត្ត គិត​នឹង​ពោល​ឲ្យ​ខុស ត​ជ្ជោ វា​យា​មោ ព្យាយាម​នឹង​ពោល​ឲ្យ​ខុស​នោះ ។ គឺ​ត្រង់​ដែល​នេន​ទុំ​ព្យាយាម​កុហក​ម្ដាយ​ថា​៖ «​លង់លុះ​បាន​ដល់​សលក​ស្ថាន ផ្ទះ​ម្ដាយ​ទុំ​បាន​ជួប​ជួន​នៅ ម្ដាយ​សោត​យង់យល់​កូន​ដល់​ទៅ ត្រេកអរ​ចៅរ៉ៅ​ចុះ​ម្នីម្នា ។
មក​ពិតទូល​ថា​នេន​បា​បុត្រ មន្ដ​មក​ពី​កុដិ​ថ្មើរ​ណេះ​ណា ចុះ​កូន​ពន្លក​មកនេះ​ជា ទុក្ខ​ព្រួយ​វេទនា​ឬ​សុខសាន្ដ ។ នេន​ទុំ​យំយែក​ទឹកភ្នែក​ស្រក់ គិត​ភូត​កុហក​ព្រោះ​មិន​ក្សាន្ដ ចម្រើនពរ​ញោម​ឆាន់​មិន​បាន អាចក្ដី​ប្រមាណ​ប្រាណ​មិន​ស្រួល »​។

ការ​កុហក​របស់​នេន​ទុំ​ដើម្បី​ឲ្យ​ម្ដាយ​ទៅ​សុំ​លោកគ្រូ​លា​ចា​សិក្ខាបទ ។ បញ្ហា​នេះ​ហើយ​ដែល​នេន​ទុំ​បាន​ប្រាសចាក​វិន័យ​សង្ឃ​លួច​មាន​ស្នេហា​នេះ​អាច​ចាត់ទុកជា​ដើមចម​ដែល​អ្នកនិពន្ធ ភិក្ខុ​សោម លើកយក​បញ្ហា​នេះ​មក​ដោះស្រាយ និង​អប់រំ​ដល់​ភិក្ខុសង្ឃ ដទៃ​ទៀត​ផង​ដែរ ។ នេះ​ក៏​ព្រោះតែ​រឿង​នេះ​វា​ទាក់ទង ជាមួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដោយនៅ​ក្នុង​សម័យ​នោះ​ប្រជាជន​ទូទៅ​មាន​ជំនឿ និង​គោរព​ទៅ​លើ​ព្រះពុទ្ធ​សាសនា ហើយ​រឿង​នេះ​ក៏​ជា​ចំណោទបញ្ហា​មួយ​ដែល​អ្នកនិពន្ធ​បាន​លើក​មក​គាស់កកាយ​ឡើង ។ ព្រះសង្ឃ​ដែល​ជា​អ្នក​កាន់សីល មាន​វិន័យ​ការ​បដិបត្តិ​ខ្ជាប់ខ្ជួន ជា​អ្នក​ដែល​តម្រែតម្រង់​ចិត្តគំនិត​ប្រជាជន ចៀស​ផុត​ពី​អំពើ​បាប​ទាំងឡាយ កសាង​ជា​កុសល​ទៅ​ជាតិ​មុខ ។

ប៉ុន្ដែ​ទុំ​មិន​បាន​យក​ការ​ចេះ​ដឹង​នោះ​មក​ប្រើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បណ្ដែតបណ្ដោយ​ខ្លួន​អោយ​លង់​ជាមួយ​កិលេស ។ ប្រាសចាក​ប្រពៃណី​ផង មានះ​ផង មិន​បាន​សម្រួល​ចិត្ត​ដោះស្រាយ​បញ្ហា​ដោយ​បញ្ញា ដូច​អ្វី​ដែល​ខ្លួន​បាន​បួស​រៀន និង​ទូន្មាន​ពុទ្ធ​បរិ​ស័​ទ្ធ​ទាល់តែ​សោះ ។

សរុប​មក បើ​អ្នកចេះ​ដឹង​បាន​ខ្ពង់ខ្ពស់​ហើយ​មាន​ចរិត​ដូច​ទុំ តើ​សង្គម​ជាតិ​យើង​ទៅ​ជា​យ៉ាងណា?
រឿង​នេះ​បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​ទៅ​លើ​តួអង្គ​ទុំ​ដែល​យក​ស្រី និង​សេចក្ដី​ស្នេហា​ជា​ធំ ដោយ​មិន​គិត​ពី​អ្វី​ទាំងអស់ ។ ថ្វី​ដ្បិតតែ​ទុំ​មាន​លក្ខណៈសម្បត្តិ​ត្រៀម​រួច​ជា​ស្រេច​ទាំង​ចំណេះដឹង និង​ជំនាញ​ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​ដូច​ជា​ការ​សិក្សា​រៀនសូត្រ បួស​រៀន​នៅ​វត្ត​រៀន​ធម៌​បាលី មន្ដអាគម​ក៏​ដោយ​ចុះ ក៏​ប៉ុន្ដែ​ទុំ មិន​បាន​យកចំណេះ​ទាំងនោះ​មក​គិតគូរ​ពិចារណា​ឡើយ ។

ទុំ​បាន​សិក្សា និង​បំពេញ​នូវ​ការ​ដឹង​តបគុណ​មាតាបិតា​តាម​រយៈ​ការ​បួស​រៀន ក្នុង​ន័យ​សងគុណ ឪពុក​ម្ដាយ ។ តែ​ទុំ​ក៏​បាន​ក្លាយជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​រឿង​ស្នេហា​បែប​ភ្លើងចំបើង ។ ជា​ការ​គ្រោះថ្នាក់​បំផុត​សម្រាប់​សង្គម ដែល​មាន​អ្នកចេះ​ដឹង​ច្រើន​តែ​បែរជា​ពុំ​យកចំណេះ​ដឹង​នោះ​ជួយ​ដល់​សង្គម​ជាតិ បែរជា​យក​ស្នេហា​ជា​ធំ​បំភ្លេច​ចោល​គ្រូ អ្នក​មានគុណ​ទៅ​វិញ ។
ចំណែក​នាង​ទាវ​ក៏​ដូច​គ្នា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច មុន​នឹង​ប្រែក្លាយ​ខ្លួន​ទៅ​ជា​មេផ្ទះ និង​បំពេញ​ចរិយាសាស្ត្រ​ជា

ស្ដ្រី​គ្រប់លក្ខណ៍ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​មិន​អាច​បន្ដ​ភារកិច្ច​នេះ​តទៅ​ទៀត​បាន នេះ​ក៏​ជា​មេរៀន​មួយ​ដល់​យុវជន​ជំនាន់​ក្រោយ​បាន​ឈ្វេងយល់ ឲ្យ​កាន់តែ​ច្បាស់​ពី ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​អ្នក​ទាំង​ពីរ ។ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ខុស​ប្រពៃណី​ខ្មែរ​ដែល​សម័យ​នោះ ប្រពៃណី​សឹងតែ​គេ​ចាត់ទុកជា​ច្បាប់​សង្គម​មួយ​ដែរ​សម្រាប់​ធ្វើការ​អប់រំ ណែនាំ​ដល់​មនុស្ស បន្ទាប់​ពី​ច្បាប់​គ្រប់គ្រង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ