ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នេត្រ ភក្ត្រា អំពាវនាវ​ឲ្យ​រួម​គ្នា​អភិរក្ស​ប្រភេទ​សត្វ​កម្រ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ជា​ថ្មី​ទៀត ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួម​គ្នា​ថែរក្សា​អភិរក្ស​ប្រភេទ​សត្វ​គ្រប់​ប្រភេទ​សំខាន់​ប្រភេទ​សត្វ​ដ៏​កម្រ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ខណៈ​ដែល​ប្រភេទ​សត្វ​ដ៏​កម្រ​ខ្លះ​ដែល​កំពុង មាន​វត្ត​មាននៅ​កម្ពុជា​វា​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ​នៅ​លើ​ពិភពលោក ។ លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ជា​ថ្មី​ទៀត ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួម​គ្នា​ថែរក្សា​អភិរក្ស​ប្រភេទ​សត្វ​គ្រប់​ប្រភេទ​សំខាន់​ប្រភេទ​សត្វ​ដ៏​កម្រ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ខណៈ​ដែល​ប្រភេទ​សត្វ​ដ៏​កម្រ​ខ្លះ​ដែល​កំពុង មាន​វត្ត​មាននៅ​កម្ពុជា​វា​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ​នៅ​លើ​ពិភពលោក ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​នូវ​ការ​អំពាវនាវ​នោះ​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ក្នុង ពិធី​ប្រគល់ និង​ទទួល​សត្វ​អណ្តើក​ហ្លួង​ចំនួន​២​ក្បាល​ពី​លោកស្រី ឡាយ ខុន​ថេ​ង ដែល​បាន​ជាវ​អណ្តើក​ពី​ប្រជា​នេសាទ ហើយ​យក​មក​ប្រគល់​ឲ្យ​ក្រសួងបរិស្ថាន ដើម្បី​អភិរក្ស​ប្រភេទ សត្វ​អណ្តើក​ហ្លួង​ដ៏​កម្រ​នេះ​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឲ្យ​ដឹង​ថា សត្វ​អណ្តើក​ហ្លួង​ដ៏​កម្រ ទាំង​២​ក្បាល​នេះ មាន​ទម្ងន់​ប្រមាណ​ជាង​២០​គីឡូក្រាម ក្នុង​មួយ​ក្បាល​ៗ​ខណៈ​ដែល សត្វ​អណ្តើក​ហ្លួង​ទាំង​២​ក្បាល​នេះ​បាន​ជាប់​មង​អ្នកនេសាទ ហើយ​ត្រូវ​បាន​បងស្រី ឡាយ ខុន​ថេ​ង គាត់​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ហើយ​ក៏​បាន​ទិញ​ពី​អ្នកនេសាទ​យក​មក ប្រគល់​ឲ្យ​ក្រសួងបរិស្ថាន​តែ​ម្តង​។ លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា អណ្តើក​ហ្លួង ឬ​ហៅ​ថា អណ្តើក​សរសៃ​ជា​ប្រភេទ​សត្វ​ដ៏​កម្រ ហើយ​ជិត​ផុត​ពូជ​ទៅ​ហើយ​នៅ​លើ​ពិភពលោក​ក្នុង​ចំណោម ប្រភេទ​សត្វ​កម្រ​ប្រមាណ​ជាង​២០​ប្រភេទ​។

លោក​បញ្ជាក់​បន្ថែម​ថា សម្រាប់​សត្វ​អណ្តើក លើ​ពិភពលោក គឺ​មាន​ជាង​៣០០​ប្រភេទ​ឯណោះ ខណៈ​ដែល​សត្វ​អណ្តើក​ហ្លួង​នេះ​ស្ថិត​ក្នុង ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ផង​ដែរ​។ លោក នេត្រ ភ​ក្ក្រា ក៏​បាន​រម្លឹក​ឡើង​វិញ​ថា ប្រភេទ​សត្វ​អណ្តើក​ហ្លួង​នេះ​មាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រះមហាក្សត្រ ខណៈ​ដែល​ព្រះ​អង្គ​យាង​ទៅ​ប្រពាត​នៅ​កន្លែង​ស្រែអំបិល​ក៏​មាន​ប្រជាពលរដ្ឋ បាន​យក​សត្វ​អណ្តើក​នេះ ទៅ​ថ្វាយ​ព្រះមហាក្សត្រ ។ ដូច្នេះ​ហើយ​ទើប​តំណ​តម​ក​គេ​ក៏​បាន ហៅ​សត្វ​អណ្តើក​ប្រភេទ​នេះ​ថា « អណ្តើក​ហ្លួង » រហូត​មក​។

តាម​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា នៅ​កម្ពុជា​ត្រូវ​បាន​គេ​ជឿ​ថា វា​ស្ទើរតែ​បាត់​ពូជ សត្វ​អណ្តើក​ហ្លួង​នេះ​ទៅ​ហើយ​… ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០០០ មានការ​ស្វែងរក​ឃើញ​សត្វ អណ្តើក​ហ្លួង​នេះ​តាម​រយៈ​អង្គការ CWS ជាមួយនឹង​គម្រោង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ លោក​ថា ចំនួន​នៃ​សត្វ​អណ្តើក​ហ្លួង​នេះ​គឺ​មិន​មាន​ច្រើន​នោះ​ទេ ដូច្នេះ​ហើយ​វា​ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ​។ លោក​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រភេទ​សត្វ​អណ្តើក​ហ្លួង​នេះ​មាននៅ​សល់ ក្នុង​តំបន់​ស្រែអំបិល​នេះ បន្ទាប់​មក​ខាង​អង្គការ CWS និង​រដ្ឋបាល​ជលផល​បាន​រៀបចំ តំបន់​នេះ​ជា​តំបន់​អភិរក្ស ហើយ​បាន​បន្ត​ការ​ឃ្លាំមើល​នូវ​កន្លែង​ពង​កូន​របស់​សត្វ​អណ្តើក ហ្លួង​ជាប់​ជា​ប្រចាំ​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ឆ្នាំ​២០០២​មក រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ គឺ​កន្លែង​សម្បុក​ពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង​មាន​ចំនួន​៤៣​កន្លែង ហើយ​មាន​ពង​ចំនួន ៦៧៨៧ ខណៈ​ដែល​ពង​ដែល​បាន​ញាស់ ហើយ​នោះ​មាន​ចំនួន​៤៥០​កូន​។ ទន្ទឹម​នោះ​ខាង​អង្គការ CWS ក៏​មាន​កន្លែង​ចិញ្ចឹមសត្វ​អណ្តើក​ហ្លួង​បែប​អភិរក្ស​មួយ​ផង​ដែរ នៅ​ក្នុង​មណ្ឌល​អភិរក្ស សត្វ​ល្មូ​ន​នៅ​ខេត្តកោះកុង ហើយ​ចាប់ពី​ឆ្នាំ​២០១៥​មក អង្គរ​បាន​ប្រលែង សត្វ​អណ្តើក​ហ្លួង ចំនួន​៨៦​ក្បាល រួច​មក​ហើយ​ផង​ដែរ​។ លោក នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រៅ​ចំពោះ​បងស្រី​ដែល​បាន​ជួយ​សង្គ្រោះ​សត្វ​ដ៏​កម្រ​នេះ ព្រោះថា ប្រសិនបើ​សត្វ​អណ្តើក​ហ្លួង ដ៏​កម្រ​នេះ​ធ្លាក់​លើ​ដៃ​ជន​មួយ ចំនួន​ណា​នោះ​ដែល​គាត់​មិន​យល់​អំពី​តម្លៃ ឬ​អត្ថប្រយោជន៍​នៃ​ការ អភិរក្ស​ប្រហែលជា​សត្វ​អណ្តើក​ហ្លួង​ទាំង​២​ក្បាល​នេះ​មិនដឹង​ថា មាន​វាសនា​យ៉ាងណា​នោះ​ទេ​។ លោក​ថា ទ​ង្វើ​របស់​បងស្រី​គឺជា​កាយវិការ​ដ៏ គំរូ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូលរួម​អភិរក្ស សត្វព្រៃ​ដ៏​មាន​តម្លៃ​នេះ​។

លោក​ថា ការ​ចូលរួម​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​ដ៏​មាន​តម្លៃ ឬ​ប្រភេទ​សត្វ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នេះ​វា​មិន​គ្រាន់តែ​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​សម្រាប់ ពិភពលោក​នោះ​ទេ ប៉ុន្តែ​វា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះថា ករណី ប្រភេទ​សត្វ​អណ្តើក​ហ្លួង​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នេះ​វា​នឹង​ធ្វើ​ឲ្យ​គ្រប់​មនុស្សជាតិ ចង់​ដឹង​ចង់ ឃើញ​នូវ​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​។ លោក​អំពាវនាវ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ការពារ អភិរក្ស​សត្វព្រៃ​សំខាន់​ប្រភេទ​សត្វ​កម្រ​ហើយ​ត្រូវ​និយាយ​ថា​ទេ ចំពោះ​ការ​បរិភោគ​សត្វព្រៃ ការ​ជួញដូរ ការ​បរបាញ់​សត្វ ព្រោះ​សត្វព្រៃ​ជា​ជីវៈចម្រុះ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​កាន់តែ​មាន​ភាព​សម្បូរ​បែប បន្ថែម​ទៀត​តាម​រយៈ​នៃ​ការ​ការពារ ការ​អភិរក្ស​សត្វព្រៃ ខណៈ​ដែល​យើង​ក៏​អាច​ទាញ​យក​ផល សេដ្ឋកិច្ច​តាម​រយៈ​ទេសចរណ៍ធម្មជាតិ​។

លោកស្រី ឡាយ ផុ​ន​ថេ​ង មាន​ប្រសាសន៍​ថា ការ​ទិញ​សត្វ​អណ្តើក​ហ្លួង​២​ក្បាល ហើយ​យក​មក​ប្រគល់​ជូន​ក្រសួងបរិស្ថាន​នេះ​គឺជា​ការ​រួមចំណែក អភិរក្ស​សត្វព្រៃ​ឬ​សត្វ​ដ៏​កម្រ​នៅ​កម្ពុជា​។ លោកស្រី​បន្ត​ថា ការ​ទិញ​សត្វ​អណ្តើក​ហ្លួង​២​ក្បាល​នេះ ក៏​ជា​ការ​សង្គ្រោះ​ដល់​ជីវិត​សត្វ​ផង​ដែរ ព្រោះ​ថាបើ​យើង​បណ្តោយ​ឲ្យ​គេ​លក់​ត​ៗ គ្នា​ទៅ​ប្រាកដ​ណាស់​សត្វ​អណ្តើក​ហ្លួង​ទាំង​ក្បាល​នេះ​នឹង​ត្រូវ​អស់​ជីវិត​មិន​ខាន​។ លោកស្រី​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​ប្រមាញ់​សត្វព្រៃ ការ​បរិភោគ​សត្វព្រៃ សំខាន់​សត្វ​ដ៏​កម្រ​ដូច​ជា អណ្តើក​ហ្លួង​នេះ​ជាដើម ព្រោះថា សកម្មភាព​ទាំងអស់​មិន​ត្រឹមតែ គ្មាន​ប្រយោជន៍​យូរអង្វែង​នោះ​ទេ ប៉ុន្តែ​វា​បំផ្លាញ​នូវ​ជីវៈចម្រុះ​បំផ្លាញ​ឲ្យ ផុត​ពូជ​ប្រភេទ​សត្វ​ដ៏​កម្រ​តែ​ប៉ុណ្ណោះ​។ សូម​ជម្រាប​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវៈចម្រុះ ហើយ​ប្រភេទ​សត្វ​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ នៅ​លើ​ពិភពលោក​គឺ​បច្ចុប្បន្ន​មាន​វត្ត​មាននៅ​កម្ពុជា​ដូច​ជា ប្រភេទ​សត្វ​អណ្តើក​ហ្លួង​នេះ​ជាដើម​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ