ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មហិមា​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ​​នឹង​ក្លាយជា​​ប្រវត្តិសាស្ត្រ​​ខ្មែរ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ «​ភ្នំ​សំពៅ​» គឺជា​ភ្នំ​មួយ ​នៅ​ក្នុង​ចំណោម​ភ្នំ​ជាង​៣០០​កន្លែង​នៅ​ទូ​ទាំង​ខេត្តបាត់ដំបង ដែល​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ បច្ចុប្បន្ន ភ្នំ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រឿងព្រេង​គ្រប់​បែប​យ៉ាង​មួយ​នេះ កំពុង​ល្បីល្បាញ​និង​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៍​មនុស្សលោក​ដ៏​ខ្លាំង​បំផុត ទាំង​នៅ​ក្នុង​វិស័យ​សាសនា…

ខេត្តបាត់ដំបង ​៖ «​ភ្នំ​សំពៅ​» គឺជា​ភ្នំ​មួយ ​នៅ​ក្នុង​ចំណោម​ភ្នំ​ជាង​៣០០​កន្លែង​នៅ​ទូ​ទាំង​ខេត្តបាត់ដំបង ដែល​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ បច្ចុប្បន្ន ភ្នំ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រឿងព្រេង​គ្រប់​បែប​យ៉ាង​មួយ​នេះ កំពុង​ល្បីល្បាញ​និង​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៍​មនុស្សលោក​ដ៏​ខ្លាំង​បំផុត ទាំង​នៅ​ក្នុង​វិស័យ​សាសនា ទាំង​វិស័យ​ទេសចរ​ណ៍​ តាម​រយៈ​កេ​រ្តិ៍ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ និងឈ្មោះ​ល្អាង​បុរាណ​នានា ដែល​មាន​ប្រវត្តិ​នៅ​ក្នុង​រឿងព្រេង​ខ្មែរ និង​នៅ​ក្នុង​បទ​ចម្រៀង កាលពី​សម័យ​ដើម​ ។ ជាមួយ​គ្នាន​នេះ បច្ចុប្បន្ន «​ភ្នំ​សំពៅ​»បាន​និង​កំពុង​ត្រៀម​ទ​ទួលនូវ​ភាព​ល្បីល្បាញ​ជា​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត ជាមួយនឹង​វត្តមាន​ចម្លាក់​ថ្មភ្នំ​ដ៏​ធំ​សម្បើម​នៅ​លើ​ជញ្ជាំង នៃ​ចង្កេះភ្នំ​នេះ ដែល​ចម្លាក់​ថ្ម​នោះ​គេ​ពិ​ព័រ​នា​អំពី​ដំណើររឿង នៃ​ដើម​កំណើត​ «​ព្រះ​ពោធិសត្វ​»​។

ប្រធាន​ស្ដីទីមន្ទីរ​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់​ដំបង លោក​គឹ​ម សោភ័ណ បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ថា ចម្លាក់​ថ្មភ្នំ​ដ៏​ធំ​មហិមា នៅ​ជាប់​នឹង​ជញ្ជាំង​ថ្មភ្នំ​សំពៅ​នោះ មាន​រូបភាព​០៣​ឈុតនៃ​កំណើត​«​ព្រះ​ពោធិសត្វ​»​។ លោក​បាន​បញ្ជាក់​ថា ចម្លាក់​ថ្ម នៅ​ចង្កេះ​«​ភ្នំ​សំពៅ​» ទាំង​០៣​ផ្ទាំង​នោះ មាននៅ​ត្រង់​វគ្គ «​ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង និង ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​»​។ នេះ​ជា​ចម្លាក់​ថ្មភ្នំ​ដ៏​ធំ​សម្បើម​ជា​ប្រវត្តិសាស្ត្រ និង​ជា​ផ្ទាំងទស្សនីយភាព​ថ្មី ដែល​ធ្វើ​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៍កាន់តែ​ខ្លាំង​បន្ថែម​ទៀត លើ​តំបន់​ប្រវត្តិសាស្ត្រ​នានា ដែល​មាន​ស្រាប់​នៅ​លើ​ភ្នំ​សំពៅ​នេះ ទាំង​ផ្នែក​វិស័យ​សាសនា ទាំង​ផ្នែក​វិស័យ​ទេសចរ​ណ៍ ​។ ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ខេត្តបាត់ដំបង ដែល​មាន​ចម្លាក់​រូប​ព្រះពុទ្ធ​ជាប់​នឹង​ជញ្ជាំង​ភ្នំ​។

ចម្លាក់​ថ្មភ្នំ​ដ៏​ធំ​មហិមា​ជា​ប្រវត្តិសាស្ត្រ​ទាំង​០៣​ផ្ទាំង ដែល​ពិ​ពណ៌​នា​ត្រង់​វគ្គ​ខ្លះ​ៗ​ក្នុង​ដំណើររឿង នៃ​កំណើត
​«​ព្រះ​ពោធិសត្វ​»នេះ ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​លើ​ជញ្ជាំង​ថ្ម​ប៉ែក​ខាងកើត នៃ​ចង្កេះភ្នំ​សំពៅ ដែល​ស្ថិត​ត្រង់​ចំណុច​ច្រកចូល​ទៅ​កាន់​តំបន់​ខាងលើ នៃ​ខ្នងភ្នំ​សំពៅ​នេះ​តែ​ម្ដង ​។ ស្ថាបត្យករ ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម​ផ្សេង​ៗ​គ្នា ដែល​សុទ្ធ​សឹង​ជា​ក្រុម​ជាងចម្លាក់​ថ្ម​ដ៏​មាន​ជំនាញ​បំផុត នៅ​ខេត្តបាត់ដំបង និងខេត្តកំពង់ធំ​។ បើ​តាម​ការ​សួរនាំ ក្រុម​ជាងចម្លាក់​ដែល​ដឹកនាំ​ដោយ​លោក កែ ស៊ិ​ន និង លោក មាន វាសនា ហៅ ជាង​ស្នា (​ក្រុម​ជាងចម្លាក់​មរតក​អង្គរ​) នៅ​ខេត្តបាត់ដំបង ទ​ទួល​ខុស​ត្រូវ​ចម្លាក់​រូប «​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​» ។ រីឯ​លោក អ៊ុ​ន ជា ដឹកនាំ​ក្រុម​ជាងចម្លាក់​មក​ពី​ខេត្តកំពង់ធំ ទទួល​​ខុស​ត្រូវ​ចម្លាក់​រូប «​ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ និង ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​»​។

ក្នុង​កិច្ច​សម្ភាស​ន៍​​ខ្លី ជាមួយកោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា លោក កែ ស៊ិ​ន មេជាង​ចម្លាក់​ក្រុម​«​មរតក​អង្គរ​» ដែល​ទ​ទូល​ចម្លាក់​«​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​» បាន​ថ្លែង​ថា ចម្លាក់​រូប​«​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​» មានកំ​ពស់​១៣,៨​ម៉ (​គិត​ត្រឹម​ភ្នេន​ដល់​ត្រិ​ម​ជើងសក់​) និងប្រវែង​ភ្នេន​១២,៨​ម៉​ ។ ស្ថាបត្យករ​ដែល​មាន​វ័យ​៦៩​ឆ្នាំ រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា «​ម្ដងម្កាល​ប៉ុណ្ណោះ ខ្ញុំ​ប្រឹង​ឡើង​ទៅ​លើ​ចង្កេះភ្នំ ដើម្បី​ពិនិត្យ​មើល​កិច្ច​ការ​ក្រុម​ជាង និងពិនិត្យ​មើល​គំនូស​ប្លង់​ចម្លាក់ ព្រោះ​ខ្ញុំ​ចាស់​ហើយ ម្យ៉ាង​ចំណោត​ខ្ពស់​ពេក​ ។ ប៉ុន្តែ​ភាគ​ច្រើន គឺ លោក​មាន វាសនា ជា​អ្នក​មមារញឹក​ក្នុង​ការ​ចុះឡើង ត្រូ​ត​ពិនិត្យ​ផ្ទាល់​ការងារ​នេះ​ជាមួយនឹង​ក្រុម​ជាង​ចំនួន​១៨​នាក់ ព្រោះ​គាត់​ក៏​ជា​មេជាង​ចម្លាក់​ថ្ម​ដ៏​ជំនាញ​ដែរ​»​។

ដោយឡែក លោក អ៊ុ​ន ជា ដែល​ដឹកនាំ​ក្រុម​ជាងចម្លាក់​មក​ពី​ខេត្តកំពង់ធំ​វិញ បាន​ផ្ដល់​បទ​សម្ភាស​ន​៍​ជាមួយ​កោះសន្តិភាពតាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ថា ក្រុម​ជាង​របស់​លោក​មាន​ចំនួន​៣០​នាក់ ទ​ទូល​ចម្លាក់​រូប​ចំនួន​០២​ផ្ទាំង គឺ​រូប​« ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ និង ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​»​។ រូប​ទាំង​០២​ផ្ទាំង​នេះ ត្រូវ​បាន​ដាប់​ឆ្លាក់​លើ​ជញ្ជាំង​ថ្ម​នៅ​អម​សងខាង​តាម​លំដាប់លំដោយនៃ​ផ្ទាំង​ចម្លាក់​«​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​»​។ លោក​អ៊ុ​ន ជា បាន​ប្រាប់​ថា ផ្ទាំង​រូប​«​ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ​» មានកំ​ពស់​១៦,៨​ម៉ និង បាត​ក្រោម​ប្រវែង​២២,២​ម៉ រីឯ​រូប​«​ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​» មាន​បណ្ដោយ​ប្រវែង​៣៨​ម៉ និង ទទឹង​ប្រវែង​១៣,៥​ម៉​។ លោក​អ៊ុ​ន ជា បាន​បញ្ជាក់​ថា រូបចម្លាក់​ថ្ម​ទាំង​០២​ឈុត​ដ៏​ធំ​អស្ចារ្យ​នេះ ក្រុមការងារ​របស់​លោក​បាន​ចាប់ផ្ដើម​ស្ថាបនា​ដំបូង នៅ​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ ធ្វើ​សម្រេច​បាន​ប្រហែល​ពី​៧០​ទៅ​៨០% ហើយ​។

«​ភ្នំ​សំពៅ​» មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១៣​គ​.​ម ពី​ក្រុង​បាត់ដំបង ឆ្ពោះទៅ​ទិស​ខាងលិច​។ បើ​យោង​លើ​ឯកសារ​នានា «​ភ្នំ​សំពៅ​» នេះ មាន​ដំណាល​នៅ​ក្នុង​រឿងព្រេង​និទាន​ខ្មែរ រឿង​«​ព្រះ​ចៅ​រាជ​កុ​ល និង នាង​រំសាយសក់​» ដែល​ទាក់ទង​ទៅ​នឹង​ជួរ «​ភ្នំ​ក្រពើ ភ្នំ​អណ្ដើក ភ្នំ​រំសាយសក់ ភ្នំ​ទ្រុងមាន់ ទ្រុង​ទា និង​ភ្នំ​ក្ដោង​» ហើយ​ក៏​ជាប់​ទាកទង​ទៅ​នឹង​បទ​ចម្រៀង​មួយ​ចំនួន ដែល​បាន​កាត់​តែង​និពន្ធ នៅ​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៦០ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង​។

នៅ​ក្នុង​ឯកសារ «​ភ្នំ​សំពៅ​» មានកំ​ពស់​ប្រមាណ​ជាង​១៤០​ម៉ែត្រ​។ មាន​កាំជណ្ដើរ​ដែល​សាងសង់​ពី​បេតុង​ជាង​៨០០​កាំ​។ មាន​តូប​តូច​ៗ​សង់​នៅ​តាម​តំណាក់ នៃ​ផ្លូវ​ឡើង​សម្រាប់​ភ្ញៀវ​សម្រាក​ជើង ពេល​ឡើង​ទៅ​ទស្សនា​ល្អាង​ប្រវត្តិសាស្ត្រ​នានា និង ព្រះ​វិហារ​ព្រះពុទ្ធ​សាសនា​នៅ​លើ​កំពូលភ្នំ​។ បើ​មើល​ពី​ចម្ងាយ​គេ​ឃើញ​​ភ្នំ​នេះ មាន​ទ្រង់ទ្រាយ​ដូច​ «​សំពៅ​»​។ នៅ​លើ​កំពូលភ្នំ​នេះ មាន​វត្ត​ដ៏​ចំណាស់​មួយ​ឈ្មោះ​«​វត្ត​គិរី​រម្យ​»​។ អ្នកទេសចរ​ណ៍​ភាគច្រើន បាន​ទៅ​កាន់​ទីនោះ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង គយគន់​ទិដ្ឋ​ភាព​ដ៏​ល្អ​ប្រពៃ នៃ​ភូមិឋាន​អ្នក​ភូមិ​និង​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​មើល​ផុតកន្ទុយភ្នែក​ ។

កោះសន្តិភាពនឹងមានផ្សាយជូនវគ្គបន្ត ។

អត្ថបទសរសេរ ដោយ