ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​កែប​សំអាត​កែប​ឆ្នាំ​នេះ​មាន​មនុស្ស​ជិត​2​ពាន់​នាក់​ចូលរួម

9 ឆ្នាំ មុន

ខេត្ត​កែប ៖ យុទ្ធនាការ​បោសសំអាត និង​រើស​សំរាម​នៅ​ទីក្រុង​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ដែល​មានឈ្មោះ​ថា «​កែប​សំអាត​កែប​» (Kep Kep Clean) លើក​ទី​២ ឆ្នាំ​២០១៤ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា រួម​ជាមួយ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣​របស់​ជប៉ុន បាន​ដំណើរការ​និង​

ខេត្ត​កែប ៖ យុទ្ធនាការ​បោសសំអាត និង​រើស​សំរាម​នៅ​ទីក្រុង​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ដែល​មានឈ្មោះ​ថា «​កែប​សំអាត​កែប​» (Kep Kep Clean) លើក​ទី​២ ឆ្នាំ​២០១៤ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា រួម​ជាមួយ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣​របស់​ជប៉ុន បាន​ដំណើរការ​និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ដោយ​មាន​មនុស្ស​ប្រមាណ​ជិត​២០០០​នាក់​ចូលរួម ។

យុទ្ធនាការ «​កែប សំអាត​កែប​» លើក​ទី​២​ប្រចាំឆ្នាំ​២០១៤​នា​ព្រឹក​នោះ មានការ​ចូលរួម​គាំទ្រ​ពី​លោក​អភិបាលខេត្ត​កែប កែន ស​ត្ថា លោក សំ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​សាលា​ក្រុងកែប បវរកញ្ញា​ឆ្នាំ​២០១៤​របស់​ជប៉ុន Hao kak Marina  កញ្ញា Hisae Arai បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១១ ជា​ទូត​សុច្ឆន្ទៈ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ព្រមទាំង​មាន​អ្នកចូលរួម​ជា​យុវជន កុមារ និង​មហាជន​ស្ម័គ្រចិត្ត កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ល្បី​ៗ និង​អ្នក​វាយ​កូន​បាល់​វ័យក្មេង​នៅ​ខេត្ត​កែប សរុប​ប្រមាណ​ជិត​២.០០០​នាក់ ។ អ្នកចូលរួម​ទាំងអស់​បាន​ដើរ​ប្រមូល និង​សំអាត​សំរាម​នៅ​តាម​ដងផ្លូវ​នានា ផ្សារ​ក្តាម តាម​ឆ្នេរសមុទ្រ និង​រហូត​ដល់​ក្នុង​ផ្សារ​កែប ដែល​មាន​វិសាលភាព​លើ​ផ្ទៃដី​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ក្រឡា ។

ជាមួយនឹង​ការ​បោសសំអាត​សំរាម ក៏​មានការ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី និង​ធុងសំរាម​ថ្មី​ប្រមាណ​ជាង​១០០ ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីកន្លែង​សាធារណៈ​ក្នុង​ខេត្ត​កែប ដោយ​យក​ធុង​ចាស់​ៗ​ចេញ​ផង​ដែរ ។

កញ្ញា Hisae Arai បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១១ ទូត​សុច្ឆន្ទៈ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ បាន​បញ្ជាក់​ក្នុង​យុទ្ធនាការ «​កែប សំអាត​កែប​» នេះ​ថា ដោយ​មានបទពិសោធន៍ និង​ធ្លាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កម្មវិធី «​កែប សំអាត​កែប​» លើក​ទី​១​កាលពី​ឆ្នាំ​២០១៣​កន្លង​មក​នោះ អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ក៏​បាន​រៀបចំ​នូវ​កម្មវិធី «​កែប សំអាត​កែប​» នៅ​ខេត្ត​កែប​ជា​លើក​ទី​២ ក្នុង​គោលបំណង​បំផុស​ស្រទាប់​យុវជន ក៏​ដូច​ជា​មហាជន​ទូទៅ​ឲ្យ​ចូល​ចិត្ត​លេង​កីឡា ដើម្បី​លើកកម្ពស់​សុខភាព និង​ចេះ​ថែរក្សា​បរិស្ថាន ។

កញ្ញា Hisae Arai បាន​អះអាង​ថា ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ខេត្ត​កែប កាន់តែ​យកចិត្តទុកដាក់​លើ​សុខភាព និង ការពារ​បរិស្ថាន​សម្រាប់​ខេត្ត​ទេសចរណ៍​របស់​ខ្លួន​ផង​ដែរ ។ អ្វី​ៗ​ទាំងនេះ ធ្វើ​ឡើង​គឺ​ដើម្បី​សុខភាព ដើម្បី​កីឡា និង​ជា​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​រវាង​កម្ពុជា និង ជប៉ុន ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​នឹង​ធ្វើ​ឱ្យ​ខេត្ត​កែប​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត​ជាង​មុន​និង​មាន​បរិស្ថាន​អនាម័យ​ល្អ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​ច្រើន​ថែម​ទៀត​។ ទោះជា​យ៉ាងនេះ​ក្តី លោក​អភិបាលខេត្ត​បញ្ជាក់​ថា បញ្ហា​ចំពោះ​មុខ​គឺ​ខេត្ត​ត្រូវការ​ធុងសំរាម​ប្រមាណ​៤០០០​ទៅ​៥០០០​ធុង ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​នៅ​តាម​ទី​សាធារណៈ ខណៈ​ដែល​បច្ចុប្បន្ន​ខេត្ត​មាន​ធុងសំរាម​តែ​ប្រមាណ​៥០០​ធុង​នោះ ។

ចុងបញ្ចប់​កម្មវិធី​បោសសំអាត​សំរាម​ក្នុង​យុទ្ធនាការ កែប សំអាត កែប (Kep Kep Clean) ក៏​មានការ​បង្ហោះ​ខ្លែង និង​ដាំ​ដើមឈើ ជា​និមិត្តរូប​នៃ​ចំណង​សាមគ្គីភាព​យូរអង្វែង​រវាង​កម្ពុជា​-​ជប៉ុន​ផង​ដែរ ៕