ព្រៃកោងកាង​ជា​របៀង​យុទ្ធសាស្ត្រ និង​ជា​រនាំង​ប្រឆាំង​គ្រោះ​ធម្មជាតិ


ខេត្តកោះកុង ៖ ព្រៃកោងកាង​ជា​របៀង​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ហើយ​ក៏​ជា​រនាំង​ប្រឆាំង​នឹង​គ្រោះ​ធម្មជាតិ និង​ការ​ប្រែប្រួល​អាកាសធាតុ​។ មិនតែប៉ុណ្ណោះ បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​មាន​តួនាទី​យ៉ាង​សំខាន់​ជា​កន្លែង​រក្សា​ផល​ស្តុក​ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ​នៃ​ម​ច្ឆ​ធម្មជាតិ ដែល​ជា​ប្រភព​ធនធាន​សមុទ្រ​ដ៏​សម្បូណ៌​បែប ហើយ​ចាំបាច់​យើង​ត្រូវការ​រ​ពារ អភិរក្ស និង​ដាំ​ស្តារ ព្រៃកោងកាង​ឡើង​វិញ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ដូច្នេះ ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​ដំណើរការ​ចិញ្ចឹម ខ្យង​ចំពុះទា និង​ការ​កែ​ច្នៃ​ផលិតផល​ជា​ច្រើន​ទៀត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​។ លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឲ្យ​ដឹង​ថា ខេត្តកោះកុង ជា​ខេត្ត​ដែល​មាន​ព្រៃកោងកាង​ច្រើន​ជាងគេ​ក្នុង​ចំណោម​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤​របស់​កម្ពុជា​។

លោក​ថា កម្ពុជា​មាន​ផ្ទៃដី ព្រៃកោងកាង​សរុប​ចំនួន ៥៨ ៨០០​ហិ​កតា ដែល​ក្នុង​នោះ​នៅ​ខេត្ត​កែប មាន​ទំហំ ១ ០០៥​ហិ​កតា​, ខេត្តកំពត​មាន​ទំហំ ១ ៩៦៦ ហិ​កតា​, ខេត្ត​ព្រះ​សី​ហនុមាន​ទំហំ ៩ ៣៥២ ហិ​កតា​, និង​ខេត្ត កោះកុង​មាន​ទំហំ ៤៦ ៥២៩ ហិ​កតា​។ ព្រៃកោងកាង​ជា​ប្រភេទ​ព្រៃ​ដុះ​លូតលាស់ នៅ​តាម​តំបន់ឆ្នេរ​ទឹក​ភ្លាវ ក្រោម​ឥទ្ធិពល​ទឹកជោ​-​នាច​ពី​សមុទ្រ និង​ជាទី​ប្រសព្វ​ជាមួយ​ទឹកសាប ដែល​មាន​ប្រភព​ពី​តំបន់ឆ្នេរ​ដីគោក​។ ព្រៃកោងកាង​ជា​សម្បត្តិ​ធម្មជាតិ​មហាសាល​សម្រាប់ មនុស្សជាតិ​ទូទៅ ពិសេស​ប្រជាជន​ដែល​រស់នៅ និង​ប្រកប​មុខរបរ​អ្នកនេសាទ​តំបន់​សមុទ្រ​។

លោក​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ព្រៃកោងកាង​ដោយ​ផ្តោត​លើ​ផ្នែក ប្រព័ន្ធ​អេកូឡូស៊ី​គឺ​ព្រៃកោងកាង​បាន​ផ្តល់​នូវ​គុណប្រយោជន៍​ខ្ពស់ និង​ដើរ​មុខងារ​សំខាន់ ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ និង​សមុទ្រ ដូច​ជា ជា​របៀង​ជម្រក​ត​ភ្ជាប់​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ ការពារ​ជម្រាល​ដី​ពី​កា​រសិក​រិច​រិល ជា​កន្លែង​បង្កាត់​ពូជ និង​ថ្នាល​សម្រាប់​សរី​រាង សត្វ​សមុទ្រ​មួយ​ចំនួន រួម​មាន​បង្កង​ក្តាម និង​ប្រភេទ​ត្រី​សមុទ្រ​ដែល​ជា​ប្រភព​សេដ្ឋកិច្ច ដ៏​សំខាន់​ក្នុង​តំបន់​។

លោក​បន្ត​ថា ព្រៃកោងកាង​ក៏​ជា​ជម្រក និង​កន្លែង​រក​ចំណី នៃ​សត្វ​មានជីវិត​ដូច​ជា​សត្វ​ឆ្អឹងខ្នង ត្រី​, amphibians (​សត្វ​ឆ្អឹងខ្នង​មាន​ឈាម​ត្រជាក់​), សត្វ​ល្មូ​ន​, បក្សី និង​ថនិកសត្វ​ដូច​ជា​សត្វ​ខ្លា និង​ជា​ប្រភព​ដ៏​ល្អ​ផ្តល់​ព្រៃឈើ និង​ផ្តល់​ចំណី​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ សម្រាប់​មនុស្ស និង​ជីវចម្រុះ ព្រមទាំង​ចូលរួម​ចំណែក​ទប់​ស្តា​ត់​ផល​ប៉ះពាល់​លើ​ធនធាន​ជីវៈចម្រុះ​សមុទ្រ ដែល​កំពុង តែ​រង​ផល​ប៉ះពាល់​ពី​សកម្មភាព​មនុស្ស និង​មហន្តរាយ​ធម្មជាតិ​។ ទន្ទឹម​នោះ ព្រៃកោងកាង បន្សុទ្ធ​ទឹក​ដោយ​ស្រូប​យក​ភាព​មិន​បរិសុទ្ធ និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពី​លោហៈ និង​ជួយ​ឱ្យ​យើង ស្រប​យក​ខ្យល់​ដ​ង្ហើ​ប​បរិសុទ្ធ​ដោយ​វា​ជួយ​ស្រូប​យកជាតិ​ពុល​នៅ​លើ​អាកាស​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ទៀត​ថា ព្រៃកោងកាង​ដើរតួ​នាទី​ដ៏​មាន​តម្លៃ​សម្រាប់​ជា​រនាំង ប្រឆាំង​នឹង​គ្រោះ​ធម្មជាតិ ដូច​ជា ព្យុះ​ស៊ីក្លូន គ្រោះ​មហន្តរាយ លើ​អេកូឡូស៊ី និង​ជា​អ្នកការ ពារ​តំបន់ឆ្នេរ​សមុទ្រ​។ ជាមួយ​នោះ​ដើម​កោង​កាង មិន​ត្រឹមតែ​ជួយ​ក្នុង​ការ​ការពារ​ដី​ហូរ​ច្រោះ ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ដើរតួ​នាទី​ជា​កាតាលីករ​ក្នុង​ការ​នាំ​ដី​ពី​សមុទ្រ​មក​ដីគោក​វិញ​ផង​ដែរ ខណៈ​ដែល​ព្រៃកោងកាង ផ្តល់​នូវ​ការ​បន្ស៊ាំ​ធម្មជាតិ​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ប្រឆាំង នឹង​ការ​ប្រែប្រួល អាកាសធាតុ និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

លោក​ថ្លែង​អះអាង​ថា ការ​អភិរក្ស​ដើម​កោង​កាង និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជាប់​ទាក់ទង ត្រូវ​បាន​គេ​កំណត់​ថា ជា​យុទ្ធសាស្ត្រ បន្ស៊ាំ​ធម្មជាតិ និង​វិធានការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​។ ដើម​កោង​កាង គឺជា​តំបន់ទ្រនាប់​រវាង​ដី និង​សមុទ្រ​ទប់​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការ​ហូរ​ច្រោះ​តាម​ឆ្នេរសមុទ្រ និង​ការ​គំរាមកំហែង នៃ​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។ មិនតែប៉ុណ្ណោះ​ព្រៃកោងកាង​ជួយ​គ្រប់គ្រង ការ​ហូរ​ចូល​របស់​ទឹកសមុទ្រ មក​លើ​ដី​ធម្មជាតិ​។

លោក​រដ្ឋលេខាធិការ​ក៏​បាន​ថ្លែង​អំពី​អត្ថប្រយោជន៍ ស​ដ្ឋ​កិច្ច​របស់​ព្រៃកោងកាង​ផង​ដែរ ខណៈ​ដែល​លោក​បញ្ជាក់​ថា ព្រៃ​កោង កាង​ក្នុង​ខេត្តកោះកុង​ពិសេស​តំបន់​ពាម​ក្រសោប បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​មាន​តួនាទី​យ៉ាង​សំខាន់​ជា​កន្លែង​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ ដែល​ជា​ប្រភព​ធនធាន​សមុទ្រ​សម្បូរ​បែប ដូច​ជា ផ្តល់​ផល​វារីវប្បកម្ម​ពី​ខេត្តកោះកុង​មាន ១៥ ១០០​តោន​/១​ឆ្នាំ​។

ចំណែក​ផល​នេសាទ​សមុទ្រ របស់​ខេត្តកោះកុង​ពិសេស​ពី​តំបន់​ពាម​ក្រសោប មាន​ចំនួន ១១ ៦៨០ តោន កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ​។ លើស​ពី​នេះ តំបន់​ព្រៃ​កោង កាង​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​បង្កើត​ប្រាក់​ចំណូល សម្រាប់​សហគមន៍​តាម​តំបន់ឆ្នេរ ដូច​ជា ការ​នេសាទ និង​អេកូ​ទេសចរណ៍​។ លោក​ក៏​បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​សូម​ចូលរួម​ការពារ និង​អភិរក្ស​ដើម​កោង​កាង និង​សូម​ចូលរួម​ដាំ​ដើម​កោង​កាង​បន្ថែម​ទៀត ដើម្បី​និរន្តរភាព​នៃ​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ