ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន និង​លោក គួ​ច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​កន្លង​មក លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​កន្លង​មក លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់ និង​ការ​ត្រៀម​រៀបចំ​បុណ្យ សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាល អភិបាលរង​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​ចូលរួម​ផង​ដែរ​។

លោក គួ​ច ចំរើន អភិបាលខេត្ត ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល លេខ​៥៩​សសរ ស្តី​ពី​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២០ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ខេត្ត​ព្រះ​សី​ហនុមាន​កិត្តិយស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​បុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ ដែល​រដ្ឋបាល​ខេត្ត​បាន​ជ្រើសរើស​យក​ទីតាំង​រង្វង់​មូល​ព្រះថោង នាងនាគ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ស្ថិត​នៅ​ឃុំ បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ជា​កន្លែង​រៀបចំ​ពិធី​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដែល​មាន​រៀបចំ ពិ​ពណ៌​ពាណិជ្ជកម្ម និង​ផលិតផល​ខ្មែរ ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះ​សីហ​នុ។

ដូច្នេះ​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចុះ​សិក្សា​ទីតាំង​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ឱកាស​បុណ្យ​សមុទ្រ ហើយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រៀម​រៀបចំ​ប្រពន្ធ​ទឹក ភ្លើង ដើម្បី​ឱ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ ប្រព្រឹត្ត​ទៅ​ដោយ​រលូន នា​ពេល​ខាង​មុខ​នេះ​។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ដោយ​គូសបញ្ជាក់​ថា ឆ្នាំ​២០២០​នេះ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ យើង​បាន​រៀបចំ​គណៈកម្មការ អន្តរក្រសួង ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងខែ​ធ្នូ​ខាង​មុខ ។

លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរ​មាន​ប្រសាសន៍ ឲ្យ​ដឹងផង​ដែរ​ថា យើង​មាន​ព្រឹត្តិការណ៍​២​ដូច​ខាងក្រោម​នេះ ៖ ទី​១-​យើង​ត្រូវ​រៀបចំ​បុណ្យ​សមុទ្រ នៅ​ខេត្ត​ព្រះ​សីហ​នុ តាម​ការ​គ្រោងទុក​។ ទី​២-​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​អាស៊ាន​នៅ​ខេត្តសៀមរាប នៅ​ដើមឆ្នាំ​២០២១​។ នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ជម្រើស​២, ទី​១-​ធ្វើ​ផ្ទៃក្នុង​, ទី​២-​ធ្វើ​ជា​លក្ខណៈ​បើក​ទូលាយ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា ដែល​រង់ចាំ​ការ​សម្រេច​ពី ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រោះ​ពិភពលោក​កំពុង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-១៩​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ខេត្ត​ព្រះ​សីហ​នុ មានការ​អភិវឌ្ឍ​យ៉ាង​មមាញឹក មាន​ផ្លូវ​ចំនួន​៣៤​ខ្សែ និង​ឆ្នេរ​ខ្សាច់​ជាង​៩​គីឡូម៉ែត្រ ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស មានការ​កោតសរសើរ​អបអរសាទរ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ជា​អ្នក​គូរ​ប្លង់ និង​សាងសង់ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ក្នុង​ឱកាស សម្តេច​អមដំណើរ​ដោយ​ប្រតិភូ​ក្រសួង​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​ទាំង​៣៤​ខ្សែ​នា​ពេល​កន្លង​មក និង​បាន​បញ្ជាក់​ថា (​ខ្មែរ​ធ្វើ​បាន​) ហើយ​សមិទ្ធផល​ទាំងនេះ ឆ្លើយ​តប​ទៅ​នឹង​ការ អភិវឌ្ឍន៍ របស់​ខេត្ត​ព្រះ​សីហ​នុ ជំរុញ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច បច្ចុប្បន្ន​ភ្ញៀវ​ក្នុងស្រុក​មាន ប្រមាណ ៦០​ម៉ឺន​នាក់​ក្នុង​មួយ​ខែ កាល​មិន​ទាន់​មាន Covid-១៩ ភ្ញៀវ​ក្នុងស្រុក​មាន​ជាង ១​លាន​នាក់ ក្នុង​មួយ​ខែ​។

ទេសចរណ៍​ក្នុងស្រុក​ដំណើរការ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​មួយ​ផ្នែក យើង​បាន​លើកទឹកចិត្ត និង​ធ្វើការ​ណែនាំ​អំពី​សុវត្ថិភាព និង​សុខុមាលភាព​ដល់​ភ្ញៀវ ក្នុងស្រុក​ធ្វើ​ឱ្យ វិស័យ​ទេសចរណ៍ រក្សា​បាន​នូវ​គុណភាព និង​សេវាកម្ម​ទេសចរណ៍ ដោយ​ធានា​ថា មិន​មាន​ផល​ប៉ះពាល់ ដល់​ភ្ញៀវ​ទេសចរណ៍ ដោយ Covid-១៩ ហើយ​ជា​វិធានការ​ណែនាំ​របស់ ក្រសួងសុខាភិបាល​តម្រូវ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ រក្សា​គម្លាត​ពី​គ្នា និង​ការ​ធ្វើ​អនាម័យ​ជាដើម ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ខេត្ត​ព្រះ​សីហ​នុ ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​ផ្លូវ​ធំ​ទូលាយ ឆ្នេរសមុទ្រ ដ៏​ស្រស់​ល្អ និង​ប្រជុំ​កោះ យើង​ក៏​ត្រូវ​រៀបចំ កន្លែង​ចត​ឡាន បង្គន់​អនាម័យ បញ្ជរ​ព័ត៌មាន ដើម្បី​ក្លាយជា​គោលដៅ​ទេសចរណ៍ ទាក់ទាញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សង្ឃឹមថា ទេសចរណ៍​អាស៊ាន នឹង​បើក​ដំណើរការ​ដើរ​មុន ទេសចរណ៍​អ៊ឺ​រ៉ុ​ប​នៅ​ពេល​ខាង​មុខ​នេះ​៕ ដោយ ៖ រស់ ភី​ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ