ខេត្តកំពង់ឆ្នាំង ៖ ភូមិខ្វិត គឺជាភូមិមួយដែលនៅដាច់ស្រយាលជាងភូមិនានា ក្នុងចំណោមភូមិជាច្រើននៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ។ ហើយទោះបីប្រទេសជាតិបានរៀបចំបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ដែលរៀបចំបោះឆ្នោតដោយអ៊ុនតាក់ ប៉ុន្តែភូមិនេះនៅតែមានអសន្តិសុខដដែល ដោយសារតែទីនេះជាតំបន់ប្រទាញប្រទង់ រវាងកងទ័ពព្រៃខ្មែរក្រហម ជាមួយកងទ័ពរាជរដ្ឋាភិបាល ។
យ៉ាងណាក្តី ភូមិមួយនេះក៏បានទទួលសុខសន្តិភាពដូចគេវិញដែរ នៅពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយឈ្នះ=ឈ្នះ និងបានធ្វើសមាហរន្តកម្មនៅឆ្នាំ១៩៩៨ ។
មេភូមិខ្វិតឃុំក្បាលទឹក ស្រុកទឹកផុស លោកអ៊ុន ហិន អាយុ៦០ឆ្នាំ ជាជនពិការ បានបញ្ជាក់ប្រាប់កោះសន្តិភាពថា លោកបានក្លាយជាជនពិការ ដោយសារជាន់មីន រងរបួសនៅក្នុងឆ្នាំ១៩៨៤ កាលណោះ គាត់ជាសេនាជនភូមិ ហើយបានគ្រោះនៅសមរភូមិ ភ្នំថ្មអង្គនៅជិតភ្នំឱរ៉ាល់ ដោយបានដាច់ជើងខាងឆ្វេង ។ បន្ទាប់ពិការភាព លោកត្រូវបានតែងតាំងជាមេភូមិខ្វិត នៅឆ្នាំ១៩៨៤ ។
បច្ចុប្បន្ន ប្រជាជនរស់នៅក្នុងភូមិខ្វិត មានចំនួន១០៣គ្រួសារ មានមនុស្សចំនួន៤៣៧ នាក់(ស្រី២១៦នាក់) ។ ក្រោយពេលសមាហរន្តកម្ម បញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ នៅអំឡុងឆ្នាំ១៩៩៨ ប្រជាពលរដ្ឋក៏បានចូលរស់នៅលើដីភូមិចាស់របស់ខ្លួនវិញ ដោយកាលនោះ ខ្មែរក្រហមបានទម្លាក់អាវុធចុះចូលជាមួយរាជរដ្ឋាភិបាល ទើបប្រជាពលរដ្ឋបានសុខសន្តិភាព ។ ពេលនោះប្រជាពលរដ្ឋបានចាប់ផ្តើមធ្វើស្រែលើដីចាស់របស់ខ្លួនដែលបានបោះបងចោលយូរឆ្នាំណាស់មកហើយ ។ ខ្លះទៀត បានចាប់ពង្រាបដីថ្មីដោយកាប់គាស់គល់ឈើដើម្បីបង្ករបង្កើនផល គឺចាប់ពីពេលនោះមក ប្រជាពលរដ្បានសុខសន្តិភាព ធ្វើស្រែ ធ្វើចម្ការ និងការកាប់ឈើលក់ ដោយពុំមានខ្លាចសង្គ្រាមដូចមុនទៀតឡើយ។ ក្រោយការកាប់ឈើ អស់ពីក្នុងព្រៃ ប្រជាពលរដ្ឋ បានបន្តការកាប់ឬស្សីលក់បន្តដល់សព្វថ្ងៃ ។
បច្ចុប្បន្ន ប្រជាពលរដ្ឋ រស់នៅដោយសុខសន្តិភាព មានជីវភាពមធ្យម នឹងធូរធា ផ្ទះណាក៏ដូចជាផ្ទះណាដែរ យ៉ាងហោចណាស់ ក៏មានត្រឹមម៉ូតូ១គ្រឿងដែរ មានទូរទស្សន៍ពណ៌មើល មានអគ្គិសនីប្រើប្រាស់។ ថ្វីបើផ្លូវចូលមកក្នុងភូមិដែលតភ្ជាប់ពីផ្លូវជាតិលេខ 53 ដែលមានចម្ងាយជាង ៤ គីឡូក៏ ជាផ្លូវដីក្រហមពិតមែន ប៉ុន្តែ ក្នុងភូមិ មានផ្លូវខ្វែងខ្វាត់ ដែលអាចប្រជាពលរដ្ឋធ្វើដំណើរ ប្រកបអាជីវកម្មបានងាយស្រួលដែរ ។ រំលឹកឡើងវិញពីអតីតកាល លោកមេភូមិខ្វិត បានបន្ថែមថា៖ ទោះបីក្រោយការបោះឆ្នោត អណត្តិទី១ នៅ ឆ្នាំ១៩៩៣ ដែលបង្កើតរាជរដ្ឋាភិបាលថ្មីក៍ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ នៅតែមិនទាន់ទទួលបានសេចក្តីសុខដែរ ។
ពួកគាត់នៅតែរងការគេចគ្រាប់រំសេវ ដោយសារតែកងទ័ព ខ្មែរក្រហម នៅតែបន្តធ្វើសង្គ្រាម ដោយមិនព្រមចុះចូលជាមួយ រាជរដ្ឋាភិបាល ម្លោះហើយ សង្គ្រាមនៅតែបន្តប្រយុទ្ធគ្នា ធ្វើឲ្យអ្នកភូមិមួយនេះជួបការលំបាកខ្លាំងក្រៃលែង អ្នកខ្លះក៏បានចាកចេញពីភូមិ ទៅរស់នៅឯជាមួយបងប្អូន ដែលមានសុខសន្តិភាព ។ តែខ្លះទៀតដោយសារតែស្រឡាញ់ភូមិឋានរបស់ខ្លួន ក៏បាននៅក្រាញននាលរស់នៅជាមួយខ្មែរក្រហមផង ជាមួយទាហានរដ្ឋាភិបាលផងប្រៀបដូចមនុស្សក្បាល ២ ខាងខ្មែរក្រហម ក៍ត្រូវ ខាងរាជរដ្ឋាភិ បាល ក៍ត្រូវ គឺត្រូវចេះដោះខ្លួន រស់តាមកាលៈទេសៈ ។
ជាចុងក្រោយ លោកមេភូមិខ្វិតបានបញ្ជាក់ថា ទោះបីមានផ្លូវលំ ភ្លើងអគ្គិសនីពិតមែន ប៉ុន្តែប្រជាពលរដ្ឋក្នុងភូមិ នៅខ្វះទឹកប្រើប្រាស់ ដោយហេតុនេះហើយ ក្នុងនាមអាជ្ញាធរភូមិជំនួសមុខឱយ ប្រជាពលរដ្ឋលោក សូមអំពាវនាវដល់អាជ្ញាធរខេត្ត ក្រសួងពាក់ព័ន្ធ មេត្តាជួយធ្វើអណ្ដូងទឹក និងលើកទំនប់ទប់ស្ទឹងដើម្បីយកទឹក ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិខិ្វត ដែលកំពុងខ្វះខាតនេះផង ។
ចែករំលែកព័តមាននេះ