ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់បងប្អូនតស៊ូជិះកង់ដីរាប់សិបគីឡូម៉ែត្រពីក្រុងប៉ោយប៉ែតទៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលបំណងទៅលេងជាមួយអ៊ុំស្រី ពេលត្រឡប់មកវិញយប់ជ្រៅ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានបង្អាក់ដំណើរដើម្បីសុវត្ថិភាពរបស់ពួកគេ ដោយឲ្យពួកគេស្នាក់នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក១យប់ ព្រឹកឡើងទើបអនុញ្ញាតិឲ្យបន្តដំណើរ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ធ្នូ ២០១៤ ថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៧ ធ្នូ ២០១៤ មានប្រជាពលរដ្ឋអ្នករត់ម៉ូតូឌុបពេលយប់បានរាយការណ៍ថា មានក្មេងប្រុសតូចៗចំនួន២នាក់ ជិះកង់ឌុបគ្នាដោយធ្វើដំណើរពីត្បូងទៅជើងទាំងកណ្តាលយប់ ។
ពេលទទួលបានព័ត៌មាននេះ លោកបានចាត់កម្លាំងចាំមើលឃើញក្មេងទាំង២នាក់ជិះកង់មែន ក៏ឃាត់ដំណើរ ហើយនាំពួកគេមកការិយាល័យធ្វើការសាកសួរ ដោយដឹងថាពួកគេទៅក្រុងប៉ោយប៉ែតក៏បង្អាក់ដំណើររបស់ពួកគេដើម្បីសុវត្ថិភាព ម្យ៉ាងពីទីរួមខេត្តបន្ទាយមានជ័យទៅក្រុងប៉ោយប៉ែត ដីជាង៤៦គីឡូម៉ែត្រ ដូច្នេះការធ្វើដំណើរពេលយប់ជិះកង់មិនមានទាំងភ្លើងបំភ្លឺផងនោះ ក្រែងពួកគេជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាផ្សេងៗ ក៏ឃាត់ដំណើរពួកគេឲ្យស្នាក់នៅក្នុងការិយាល័យជាមួយមន្ត្រីនគរបាលរបស់លោក១យប់ ព្រឹកឡើងទើបឲ្យពួកគេបន្តដំណើរទៅក្រុងប៉ោយប៉ែត។
តាមការឲ្យដឹងពីប្អូនប្រុសខាំ ឌៀង អាយុ១២ឆ្នាំ បាននិយាយប្រាប់ថា រូបគេ និងប្អូនឈ្មោះ ខាំ ឡត អាយុ៦ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត ចំណែកម្តាយរបស់គេឈ្មោះភ័ក្ត្រ អាយុ៣០ឆ្នាំ នៅផ្ទះ និងឪពុកឈ្មោះ ប៉ុន អាយុ៤០ឆ្នាំ ជាជាងសំណង់ ។ នៅព្រឹកថ្ងៃទី០៧ ធ្នូ ២០១៤ ពួកគេមានក្តីនឹករលឹកអ៊ុំស្រីរបស់គេឈ្មោះ ភាព អាយុខ្ទង់៣៥ឆ្នាំ នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏សុំឪពុក ម្តាយ នាំគ្នាជិះកង់ពីក្រុងប៉ោយប៉ែតទៅលេងអ៊ុំស្រី១ថ្ងៃ លុះវេលាម៉ោង៧យប់ថ្ងៃដដែល រូបគេ និងប្អូនបាននាំគ្នាជិះកង់ត្រឡប់ទៅប៉ោយប៉ែតវិញ ។ ពេលមកដល់មុខស្នងការដ្ឋាននគរបាលខេត្តក៏មានពូៗនគរបាលឃាត់ឲ្យស្នាក់នៅជាមួយពួកគាត់ ចាំព្រឹកបានឲ្យបន្តដំណើរ។
ទាក់ទិនករណីនេះ មានមតិមួយចំនួនបានរិះគន់ចំពោះឪពុកម្តាយដែលបណ្តោយឲ្យកូននៅក្មេងជិះកង់ដីរាប់សិបគីឡូម៉ែត្រពីក្រុងប៉ោយប៉ែតទៅបឹងព្រីងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើគិតពីចម្ងាយទៅមកជាង១០០គីឡូម៉ែត្រ ដោយមិនគិតពីកើតមានគ្រោះថ្នាក់ចំពោះកូនសោះឡើយ។ បើគ្រាន់តែឲ្យកូនធ្វើដំណើរដោយជិះរថយន្តឈ្នួល មិនឲ្យជិះ បែរជាឲ្យគ្នាជិះកង់ឌុបបងប្អូនដូច្នេះ ម្យ៉ាងអ៊ុំស្រីគ្រាន់តែឃាត់ក្មួយឲ្យស្នាក់នៅផ្ទះខ្លួន១យប់ ចាំព្រឹកឲ្យធ្វើដំណើរមិនបាន សុខចិត្តឲ្យគ្នាជិះកង់មកទាំងយប់គ្មានទាំងភ្លើងបំភ្លឺ ចុះបើជួបគ្រោះថ្នាក់ចរាចរណ៍គិតយ៉ាងមេច?៕
ចែករំលែកព័តមាននេះ