រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបន្តប្រកាសឲ្យមានការពន្យារការរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗដែលមានការជួបជុំមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈចំនួនធ្វើតេស្តមានជិត៣ម៉ឺនករណី។
យោងតាមបណ្តាញសង្គមរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា យ៉ាងដូច្នេះថា៖«ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១២៨នាក់ដដែល, អ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់ អ្នកជាសះស្បេីយចំនួន១២៥នាក់ និងគ្មានអ្នកបាត់បង់ជីវិត»។
តាមប្រភពដដែលបានបន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគរាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតដោយជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡេីយ ។
តាមប្រភពដដែលបានបន្តថា៖ «យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃ ជាមួយសាប៊ូ អាល់កុល ឬជែល» ។
តាមប្រភពដដែលក៏បានលើកឡើងថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ឆ្នាំ២០២០ ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងឆ្លងជំងឺកូវីដ១៩ និងសូមកុំឲ្យមានធ្វេសប្រហែសខ្លួនឲ្យសោះ ព្រោះថា ជំងឺនេះមានភាពសាហាវ ៕
ចែករំលែកព័តមាននេះ