រាជធានីភ្នំពេញ ៖ បុរសម្នាក់កំពុងរៀបចំថ្លឹងសាច់ពិសេស (សាច់ឆ្កែ) យ៉ាងញាប់ដៃញាប់ជើង ដើម្បីលក់ឲ្យភ្ញៀវនៅទីតាំងមួយកន្លែងក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការហូបសាច់ពិសេស (សាច់ឆ្កែ) មិនមែនជាទម្លាប់ ឬការចូលចិត្តរបស់ប្រជាជនខ្មែរទេ គឺមានភាគតិចប៉ុណ្ណោះ។
ជាក់ស្តែងជារៀងរាល់ព្រឹក គេសង្កេតឃើញមានរថយន្តមួយគ្រឿងផ្ទុកដោយសាច់ពិសេសស្រស់ៗរាប់រយគីឡូយកមកទម្លាក់ឲ្យដេប៉ូជាវដុំដែលមានទីតាំងកែងផ្លូវលេខ២០៥ និង៣៧៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។
លោក យឹម សាម៉ន អ្នកលក់សាច់ពិសេស (សាច់ឆ្កែ) នៅម្តុំក្រោយផ្សារជម្ពូវ័ន្ត ដែលរៀបចំដឹកសាច់ឆ្កែ ទើបហ្នឹងទិញបាននិយាយឲ្យដឹងថា ៖ គាត់ចាប់យកមុខរបរលក់សាច់ពិសេស(សាច់ឆ្កែ) នេះ រយៈពេលប្រហែលជា៣ឆ្នាំមកហើយ ជារៀងរាល់ព្រឹកគាត់ជិះម៉ូតូមកទិញនៅដេប៉ូដែលមានទីតាំងខាងលើ ។
គាត់មិនដឹងថា សាច់ពិសេសទាំងនេះ គេដឹកមកពីខេត្តណានោះទេ ហើយសាច់នៅស្រស់ៗ ប្រហែលជាមានច្បាប់អនុញ្ញាតហើយបានជាដេប៉ូលក់សាច់ពិសេសលក់ចំហរបែបនេះ ។ ហើយគាត់លក់សាច់ពិសេស នៅពេលល្ងាច គឺលក់ដាច់ណាស់ បើទោះបច្ចុប្បន្នមានកើតជំងឺកូវីដ១៩ក៏ដោយ ក្នុងមួយថ្ងៃគាត់លក់អស់៤០គីឡូក្រាម ដោយក្នុងមួយគីឡូគាត់ទិញចូលតម្លៃ១៥០០០រៀល ។ ចំណែគសាច់ពិសេសនេះដែរ គាត់យកមកប្រឡាក់គ្រឿងអាំង និងឆាក្តៅ រីឯម៉ូយរបស់គាត់មកទិញសាច់ពិសេស ចាប់ពីម៉ោង៤ល្ងាចឡើងទៅ ភាគច្រើនពួកគេទិញយកទៅផ្ទះ ព្រោះអ្នកខ្លាចឆ្លងជំងឺកូវី១៩ ។
លោក សាម៉ន បានបញ្ជាក់ថា លោកក៏ជាមនុស្សចេះដឹងផ្នែកវេជ្ជសាសាស្ត្រខ្លះដែរ គឺអ្នកដែលទទួលទានសាច់ឆ្កែក៏អាចទទួលរងនូវផលប៉ះពាល់ ដោយសារធាតុពុលដូចជា ប៉ូសារធាតុប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និងថ្នាំបន្ទន់សាច់ដុំស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើដើម្បីបំពុល និងចាប់សត្វឆ្កែ។ ក៏ប៉ុន្តែដោយសារជីវភាពខ្វះខាតគ្មានដើមទុនច្រើន ទើបលោកសម្រេចចិត្តចាប់យកមុខរបរលក់សាច់ឆ្កែដ៏គ្រោះថ្នាក់ ដើម្បីចិញ្ចឹមជីវិត ។
ប្រជាពលរដ្ឋមួយរូប ដែលមានទីលំនៅក្បែរដេប៉ូបោះដុំ និងលក់រាយសាច់ពិសេស ដែលមានទីតាំងខាងលើ និយាយឲ្យដឹងថា ដេប៉ូបោះដុំ និងលក់រាយនេះ កាលដើមឡើយ គឺពួកគេគ្រាន់តែបើកលក់សាច់ពិសេសសម្រាប់ភ្ញៀវអង្គុយហូបធម្មតានៅពេលល្ងាច ហើយក៏មានភ្ញៀវខ្លះទិញយកទៅផ្ទះ ។ ក៏ប៉ុន្តែប្រហែលជាពីរឆ្នាំចុងក្រោយនេះ ទីតាំងលក់សាច់ពិសេសក្លាយជាដេប៉ូបោះដុំ និងលក់រាយ ដែលមានលើកស្លាកយីហោ និងដាក់លេខទូរស័ព្ទដល់អតិថិជនដែលត្រូវការទិញសាច់ពិសេសទៀតផង ។
ពលរដ្ឋដដែលនិយាយទៀតថា គាត់មិនដឹងថា ដេប៉ូលក់សាច់ពិសេសបោះដុំ និងលក់រាយនេះ គេមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញដែលឬអត់នោះទេ? ហើយគាត់មានការព្រួយបារម្ភជាខ្លាំងការជួញដូរ សាច់ឆ្កែ នេះ គឺជាកត្តាចម្បងមួយ បណ្តាលឱ្យមានហានិភ័យខ្ពស់ នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ ។
ទន្ទឹមនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ ដែលត្រូវចាំថា ទីផ្សារលក់សត្វរស់ ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាង សកម្មនៅកម្ពុជានៅឡើយ ជាពិសេសនៅទីតាំងលើដែលចំណ្តាលទីក្រុងតែម្តង ។ ហើយនេះជារឿងមួយយ៉ាងសំខាន់ ដែលយើងត្រូវចូលរួមដោះស្រាយ ដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវ ណាមួយផ្សេងទៀត។
តាមការស្រាវជ្រាវបានបង្ហាញថា សត្វឆ្កែរាប់សែនក្បាល ត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំងប្រទេសកម្ពុជា រៀងរាល់ខែដើម្បីបំពេញតម្រូវការអ្នកបរិភោគ ។ ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងពេញនិយមបំផុត សម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ ហើយនៅប៉ោយប៉ែត ត្រូវបានគេចាត់ទុកថា ជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេ សម្រាប់ហាងនានា ក្នុងខេត្តសៀមរាបផងដែរ ។
ក្នុងឆ្នាំ២០១៩ អង្គការ FOUR PAWS បានធ្វើការសិក្សាស្រាវជ្រាវលើការជួញដូរសាច់ឆ្កែនៅកម្ពុជា ហើយបានបង្ហាញឱ្យឃើញថា សម្រាប់អ្នកត្រូវបានគេសម្ភាសន៍ចំនួន ៥៣,៦% បានឆ្លើយថា ពួកគេធ្លាប់បានបរិភោគសាច់ឆ្កែម្ដងម្កល ក្នុងជីវិតរបស់ពួកគេ (ក្នុងនោះមានបុរស ៧២,៤% និងស្ត្រី ៣៤,៨%) ហើយ១២,២% ទៀត ទទួលទានសាច់ឆ្កែជាប្រចាំ ។
តាមរយៈការសិក្សា គឺមានហេតុផលជាច្រើនដែលនៅពីក្រោយការបរិភោគសាច់ឆ្កែនេះ ក្នុងចំណោមអ្នកបរិភោគផ្សេងគ្នា ។ ហេតុផលដំបូងគេជឿថា សាច់ឆ្កែជាម្ហូបក្លែមពិសេស សម្រាប់ពេលផឹកស្រា ។ មូលហេតុមួយទៀតគេជឿថា វាជួយបង្កើនលំហូរឈាម ជាពិសេសស្ត្រីក្នុងពេលមានរដូវ និងក្រោយពេលសម្រាលកូនរួច ។ ហេតុផលចុងក្រោយ សម្រាប់មនុស្សមួយភាគតូច សាច់សត្វឆ្កែខ្មៅ ត្រូវបានគេជឿថា មានលក្ខណៈសម្បត្តិពិសេសខាងវេជ្ជសាស្ត្រ ។
«ឈ្មួញបានលួចសត្វចិញ្ចឹម ឬសត្វអនាថា ហើយដឹកជញ្ជូនពួកគេទៅពាសពេញប្រទេស សូម្បីតែនៅតាមបណ្ដាព្រំដែន ។ គ្មាននរណាម្នាក់ដឹងទេថា តើសត្វទាំងនោះ មានឆ្លងជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗទៀតដែរឬអត់? ចំពោះការចាប់ឃុំទុក និងការសម្លាប់សត្វឆ្កែ និងឆ្មាវិញ ភាគច្រើននៅតាមទីផ្សារ លក់សត្វរស់ផ្ទាល់ ទីធ្លាក្រោយផ្ទះ គឺមិនត្រឹមតែប្រើវិធីឃោរឃៅ ថែមទាំងមិនបានបំពេញតាមបទដ្ឋានអនាម័យត្រឹមត្រូវឡើយ ។
ហេតុដូច្នេះហើយ វានឹងក្លាយជាកន្លែងបង្កាត់វីរុស រាតត្បាតដូចជា វីរុសកូរូណា ដែលពិភពលោក កំពុងជួបប្រទះជាដើម»។ នេះបើយោងទៅតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS ។
ទាំងនេះបញ្ជាក់ច្បាស់ណាស់ថា ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍បង្កហានិភ័យយ៉ាងខ្លាំងដល់មនុស្សនិងសត្វ ។ ហើយអ្នកក៏អាចក្លាយជាជនរងគ្រោះម្នាក់ផងដែរ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការជួយដូរសាច់ឆ្កែ ដើម្បីផលប្រយោជន៍សង្គម ។
តាមរយៈហ្វេសប៊ុករបស់លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬស៊ីម៉ាក់កាលពីពេលថ្មីៗនេះបាននិយាយថា ៖ «សុនខហិតជាតិផ្ទុះ និងហិតមីន សុនខប្រឆាំងគ្រឿងញៀន សុនខសន្តិសុខ សុនខប្រឆាំងភេវរកម្ម សុនខកងទ័ព សុនខគ្រួសារ ពួកគេជាសមាជិកគ្រួសារ ជាមិត្តភក្តិ ជាមិត្តរួមអាវុធដ៏ស្មោះត្រង់បំផុត ពួកគេខិតខំហាត់ពុតលត់ដំ តាំងពីតូចរហូតមានជំនាញច្បាស់លាស់ និងមានសមត្ថភាពបម្រើមនុស្សលោក ។
លោកនិយាយទៀតថា «អ្នកបរិភោគសាច់សុនខ ដូចបរិភោគសាច់កូនចៅ មិត្តភក្តិខ្លួនឯង ហើយការបរិភោគសាច់សុនខនេះ វាក៏ប្រឆាំងទៅនឹងទំនៀមទំលាប់វប្បធម៌ប្រពៃណីដ៏ល្អប្រពៃនៃជាតិសាសន៍ខ្មែរយើងផងដែរ!» ។
គួរកត់សម្គាល់ថា ប្រជាជនកម្ពុជាមួយចំនួនតូចបរិភោគសាច់ឆ្កែ ឬហៅថា សាច់ពិសេស ។ ទន្ទឹមនឹងនោះ គេក៏ឃើញមានហាងខ្លះលក់សាច់ពិសេសនេះផងដែរ ៕
ចែករំលែកព័តមាននេះ