ខេត្តកំពត ៖ កើតជម្លោះជាយូរឆ្នាំមកហើយ រឿងដីវត្តសូរិយាវង្សជ្រុងស្រឡៅ និងដីសាលារៀនបឋមសិក្សា និងនិងអនុវិឡាល័យជ្រុងស្រឡៅ ស្ថិតក្នុងឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ការទំនាស់គ្នារឿងដីវត្ត និងដីសាលារៀន ត្រូវបានអាជ្ញាធរស្រុក ដោះស្រាយមិនបានសម្រេចជាច្រើនដង ដោយសារតែលោកអាចារ្យ ក៏ដូចជាគណៈកម្មាធិការវត្ត ទាមទារដីនៅក្នុងបរិវេណវត្តខាងសាលារៀន ចង់ធ្វើអីមិនបានមកពិភាក្សាគ្នាជាមួយតាអាចារ្យ ហើយខាងសាលារៀនគ្រោងនឹងធ្វើរបងចែកដាច់ពីគ្នារវាងដីវត្ត និងដីសាលារៀន។

ដោយសារតែមានជម្លោះពាក្សសម្ដីលោកគ្រូ អ្នកគ្រូ និងអាចារ្យវត្តសូរិយាវង្សជ្រុងស្រឡៅ ចេះតែក្ដៅទៅៗរឿងតាអាចារ្យមិនឱ្យខាងសាលាចាក់ដី តែខាងសាលាមិនឱ្យតាអាចារ្យធ្វើកន្លែងងូតទឹក។ ទើបនៅព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ២០២០ ក៏មានបើកកិច្ចប្រជុំមួយរវាងខាងសាលា និងខាងវត្ត ដែលមានលោក នាក់យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ចូលរួម និងមន្ត្រីសង្ឃព្រះអនុគណស្រុកបន្ទាយមាស, លោកប៉ោ វី អភិបាលរងស្រុក-អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋនៅភូមិជ្រុងស្រឡៅ ជាច្រើននាក់ផងដែរ។

អ្នកគ្រូ កៅ ស្រី នាយិកាសាលាបឋមសិក្សាជ្រុងស្រឡៅ បានឱ្យដឹងថា ខ្លួនពិតជាមានការខ្មាស់អៀនណាស់ ព្រោះតាអាចារ្យចោទថា ចង់បានដីវត្ត។ លោកស្រីនិយាយថា មកដល់ពេលនេះ បង្រៀនសិស្សជាច្រើនឆ្នាំមកហើយ មិនទាន់បានដីវត្តមួយដុំយកទៅសង់តូប ឬសង់ផ្ទះអីទេ។
លោកស្រីនិយាយប្រាប់អង្គប្រជុំបន្តថា គ្រាន់តែសាលាចាក់ដីក៏លោកអាចារ្យជំទាស់ដែរ ក៏មានគំនិតមួយចង់ទាមទាធ្វើរបងឱ្យដាច់ពីវត្ត។ លោកស្រីនិយាយថា សូម្បីតែមកវត្តក៏គាត់ឈប់មកដែរ ព្រោះខឹងនឹងតាអាចារ្យ។ ចំណែកតាអាចារ្យវត្តវិញ ក៏បានប្រើពាក្យសម្ដីមកលើហាក់ដូចជាគ្មានសិល្ប៍ធម៌ពេកហើយ។

លោក អ៊ឹន វណ្ណនី មន្ត្រីក្រុមប្រឹក្សាឃុំស្ដេចគង់ បានសំណូមពរលោកតាអាចារ្យ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ឈប់បន្តប្រើពាក្យសម្ដី ហើយឈប់ចោទគ្នាទៅវិញទៅមកទៅ ព្រោះសាលារៀនជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងគ្រប់ជំនាន់ ហើយវត្តអារាមក៏ជាកន្លែគោរពបូជារបស់ប្រជាពលរដ្ឋគ្រប់រូប។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត មានការសម្របសម្រួលគ្រប់ភាគីដែលកើតជាអធិកក្នុងវត្តរឿងដីសាលារៀនសង់លើដីបរិវេណក្នុងវត្ត ហើយតាអាចារ្យ និងអ្នកគ្រូ មិនបានយល់ពីដីរបស់គរពភណ្ណ័វត្ត។ លោក នាក់ យិតថូ បានអានសេចក្ដីសំរេចមួយជាផ្លូវការថា គ្រប់វត្តអារាមទាំងអស់ ត្រូវតែធ្វើរបង និងប្លង់កាន់កាប់ឱ្យបានច្បាស់លាស់។ ចំពោះសាលារៀនអាណាចក្រដែលសាងសង់លើដីវត្ត មិនអនុញ្ញាតឱ្យធ្វើរបង និងធ្វើប្លង់ដាច់ចេញពីវត្តបានឡើយ។

លោកនាក់ យិតថូ បានប្រាប់លោកគ្រូ អ្នកគ្រូ និងតាអាចារ្យថា ត្រូវសាមគ្គីគ្នាឡើងវិញហើយមិនត្រូវប្រមាថគ្នាតទៅទៀតឡើយ ។ លោកនិយាយថា រឿងទំនាស់ព្រំដីវត្ត និងសាលារៀនជារឿងតូចតាច ប៉ុន្តែដោយសារតែមិនបានយល់រៀងៗខ្លួនធ្វើឱ្យរឿងនេះរីកកាន់តែធំទៅវិញ។
លោក នាក់ យិតថូ និយាយថា រឿងដីវត្ត និងដីសាលារៀន គ្មានអ្នកណាទាមទារយកទៅធ្វើអីបានទេ ទុកតំណរតកូនតចៅរហូត។

លោកនាក់ យិតថូ រូមនឹងព្រះសង្យ ក៏ចុះពិនិត្យមើលដីវត្តមិនត្រូវឱ្យបុគ្គលណាសាងសង់បន្តទៀតទេ ហើយជំរុញឱ្យខាងដែនដីមកវាស់វែងឱ្យខាងវត្តធ្វើរបង និងសំអាតអនាម័យទាំងអស់គ្នា។ ហើយចូលរួមប្រជុំក៏បានអបអរសាទរខាងវត្ត និងសាលារៀន បញ្ចប់រឿងជម្លោះព្រំដីវត្តតាអាចារ្យ និងអ្នកគ្រូ។ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ