ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​លើក​ទី​១ ស្ងាត់ឈឹង​! បង្ក្រាប​ទីតាំង​មួយទៀត បើកទ្វារ​ខ្លះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​លួច​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន នៅ​ស្រុក​ភ្នំស្រួច មួយ​កន្លែង​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ធ្វើការ​បង្ក្រាប និង​ដកហូត​បារី​ជាង​១០០០​ប៊ិ​ច ព្រមទាំង​ម៉ាស៊ីន​ផលិត​២​គ្រឿង និង​កសាង​ឯកសារ​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ លោក សរ…

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​លួច​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន នៅ​ស្រុក​ភ្នំស្រួច មួយ​កន្លែង​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ធ្វើការ​បង្ក្រាប និង​ដកហូត​បារី​ជាង​១០០០​ប៊ិ​ច ព្រមទាំង​ម៉ាស៊ីន​ផលិត​២​គ្រឿង និង​កសាង​ឯកសារ​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ថា ក្នុង​នាម​តំណាង​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជ័យ រិ​ទ្ធី អនុប្រធាន​លេខាធិការដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

លោក​អភិបាលរង​បាន​បញ្ជាក់​ប្រាប់​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន នៅ​ស្រុក​ភ្នំស្រួច ដកហូត​បារី​ជាង​១,០០០​ប៊ិ​ច និង​ម៉ាស៊ីន​ផលិត​២​គ្រឿង​។

លោក​បាន​បន្ត​ថា ករណី​បង្ក្រាប​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន (​ជួល​ទីតាំង​ពី​ខ្មែរ​) ក្នុងស្រុក​ភ្នំស្រួច លុះ​មក​ទល់​ពេល​នេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​អយ្យការ អម​សាលាដំបូង​ខេត្ត និង​គណៈកម្មាធិការ​កំពុង​តែ​ស្រាវជ្រាវ និង​សាកសួរ​យ៉ាង​ល្អិតល្អន់ ហើយនឹង​ចេញ​លទ្ធផល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

សូម​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​បារី​ក្លែងក្លាយ មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។ ហើយ​ក្នុង​ការ​បង្ក្រាប​នេះ​ដែរ ជនជាតិ​ចិន​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ ដោយ​ពុំ​មាន​ឃាត់ខ្លួន​នោះ​ទេ​។

សូម​រំលឹក​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សមត្ថកិច្ច​មក​ពី​ក្រសួង ធ្វើការ​បង្ក្រាប​កន្លែង​ផលិត​បារី​របស់​ជនជាតិ​ចិន​នេះ ដែល​លើក​ទី​១ បង្ក្រាប​នៅ​ស្រុក​ថ្ពង ដោយ​លាក់លៀម​ព័ត៌មាន​បំផុត ដែល​អ្នក​កំពង់ស្ពឺ​និយាយ​ថា ចង​មុង​ស៊ី​… ។

តើ​លទ្ធផល​បង្ក្រាប​នៅ​ស្រុក​ថ្ពង​យ៉ាងណា​ហើយ? អ្នកខ្លះ​ថា កាលណា​គេ​មិន​ប្រាប់​អ្នកកាសែត គឺ​គេ​មិន​យក​ស្នាដៃ​ទេ​… គេ​នាំ​គ្នា​លាក់​…. អ្នកកាសែត​ត្រូវ​ដេញ​មិន​ឱ្យ​ថត ។

សូម​ជួយ​ប្រាប់​កោះសន្តិភាព​ផង កុំឱ្យ​មហាជន​នៅ​តែ​ចង់​ដឹង តើ​ការ​បង្ក្រាប​នៅ​ស្រុក​ថ្ពង បាន​…​ប៉ុន្មាន?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ