ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក លោកតា​ឌី អ្នកស្រុក​មាន​ជំនឿ​លើ​ការ​បន់ស្រន់

11 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ រូបសំណាក​លោកតា​ឌី​ជិះ​លើ​សេះ​តំណាង​ឱ្យ​ភាព​ក្លាហាន​ហ៊ាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​មាតុភូមិ​ជាទី​ស្រលាញ់​ត្រូវ​លោក​អ៊ុំ ម៉ា​រ៉ា អភិ​បាល​​ខេត្តព្រះវិហារ និង​ភរិយា រួម​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កសាង​ឡើង ដើម្បី​រំឭក​នឹក​គុណ និង​រំឭក​គំរូ​វីរភាព​របស់​គាត់ ។

ខេត្តព្រះវិហារ ៖ រូបសំណាក​លោកតា​ឌី​ជិះ​លើ​សេះ​តំណាង​ឱ្យ​ភាព​ក្លាហាន​ហ៊ាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​មាតុភូមិ​ជាទី​ស្រលាញ់​ត្រូវ​លោក​អ៊ុំ ម៉ា​រ៉ា អភិ​បាល​​ខេត្តព្រះវិហារ និង​ភរិយា រួម​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កសាង​ឡើង ដើម្បី​រំឭក​នឹក​គុណ និង​រំឭក​គំរូ​វីរភាព​របស់​គាត់ ។ រូបសំណាក​លោកតា​ឌី​ជិះ​លើ​ខ្នង​សេះ​មាន​ចង​កន្សែង​ក្រហម នៅ​ក្បាល ក្រវាត់​កន្សែង​ពាក់​ឆៀង ស្ពាយ​ធ្នូ​នៅ​ខាងឆ្វេង និង​ក្រវាត់​ដាវ ចំណែក​ដៃស្តាំ​ចង្អុល​ទៅ​មុខ​យ៉ាង​អង់អាច​ក្នុង​លក្ខណៈ​បញ្ជា​ពល​ទ័ព​ប្រយុទ្ធ​នឹង​សត្រូវ​បរទេស​ឈ្លានពាន ។ នៅ​មុខ​រូបសំណាក​មាន​សួនផ្កា​ស្រស់បំព្រង និង​មាន​បង់​សម្រាប់​អង្គុយ​លេង​អម​ដោយ​បង្គោល​ភ្លើង​បំភ្លឺ​ជុំវិញ ។

រូបសំណាក​លោកតា​ឌី​កសាង​ឡើង ត្រង់​ផ្លូវ​ប្រសព្វ​បំបែក​ជា​ពីរ ស្ថិត​នៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​ហាល ក្រុង​ព្រះ​វិហារ ក្រោម​ការ​ឧបត្ថម្ភ​លើ​ការ​សាងសង់​ពី​លោក អ៊ុំ ម៉ា​រ៉ា អភិបាល និង​លោកស្រី ។ រូបសំណាក​នេះ​កសាង​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ពិសាខ ពុទ្ធ​ស័ក​រាជ ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១២ ក្នុង​បំណង​ឧ​ទិ្ទ​ស​បុណ្យ​កុសល​ដល់​កងកម្លាំងប្រដាប់អាវុធ វីរជន អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់​ដែល​បាន​ពលី​ជីវិត​ក្នុង​អំឡុង​សង្គ្រាម​ការពារ​ទឹកដី​ខ្មែរ​យើង​ឱ្យ​រួច​ផុត​ពី​ការ​ឈ្លានពាន​ពី​សត្រូវ​បរទេស ព្រមទាំង​ចំពោះ​ពលិកម្ម​ថ្មី​នៅ​តំបន់​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​របស់​មនុស្សជាតិ ។ ជា​ពិសេស​រូបសំណាក​លោកតា​ឌី​កសាង​ទុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ចង​ចាំ​ពី​គំរូ​វីរភាព​ដ៏​អង់អាច​របស់​លោកតា​ឌី ។ ម្យ៉ាងវិញទៀត​រូបសំណាក​នេះ​ក៏​ជាទី​សក្ការៈ​ដ៏​ស័ក្តិ​សិ​ទិ្ធ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ​ផង​ដែរ ។

អ្នកស្រី​ឡា​ង ភារា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គាត់ និង​ក្រុម​គ្រួសារ​តែងតែ​នាំ​គ្នា​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​លោកតា​ឌី​ជា​រឿយ​ៗ ព្រោះ​មាន​ជំនឿ​លើ​រូបសំណាក​លោកតា​ឌី បន់ស្រន់​សុំ​អ្វី​បាន​ដូច​បំណង ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តព្រះវិហារ ជឿ​លើ​រូបសំណាក​លោកតា​ឌី ទោះបី​គាត់​ស្លាប់​មែនពិត តែ​កេរ្តិ៍ឈ្មោះ និង​កិ​តិ្ត​យស​លោក​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ជា​និច្ច និង​បួងសួង​ឱ្យ​ព្រលឹង​របស់​លោក​ជួយ​ថែរក្សា​ទឹកដី​កម្ពុជា កុំឱ្យ​សត្រូវ​បរទេស​ឈ្លានពាន​បាន ។

យុវជន​ឈ្មោះ​សុខ តុលា រៀន​នៅ​វិទ្យាល័យ​ភ្នំ​ត្បែង ឱ្យ​ដឹង​ថា ចាប់តាំងពី​លោក​អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្តព្រះវិហារ កសាង​រូបសំណាក​លោកតា​ឌី​មក ឱ្យ​តែ​ដល់​ថ្ងៃ​ប្រឡង​សិស្ស​តែងតែ​បន់ស្រន់​សុំ​ឱ្យ​បាន​ប្រឡង​ជាប់ ។ ជា​រៀង​រាល់ពេល​ល្ងាច​មនុស្ស​ប្រុស​ស្រី​យ៉ាងច្រើន​នាំ​គ្នា​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ អ្នកខ្លះ​បន់ស្រន់​ឱ្យ​រកស៊ី​មានបាន ឬ​សុំ​ឱ្យ​មានកូន ។ មាន​អ្នកខ្លះ​នាំ​គ្នា​ដុសខាត់​រូបសំណាក​សេះ ដើម្បី​សុំ​កន្ទុយលេខ ព្រោះតែ​ពួក​គេ​មាន​ជំនឿ​ទៅ​លើ​រូបសំណាក​បារមី​លោកតា​ឌី​ដ៏​ល្បី​ស័​កិ្ត​សិទ្ធិ ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា «​សម័យ​លោកតា​ឌី សត្រូវ​បរទេស​តែងតែ​ខ្លាច​ញ​ញើ​​ត ដោយ​លោកតា​ឌី​មាន​ឫទ្ធិ​អំណាច​ខ្លាំង​យ៉ាង​ខ្លាំង ។ ដោយ​ខ្លាច​បាត់​ទឹកដី​លោកតា​ឌី​បាន​លោត​សម្លាប់​ខ្លួន​នៅ​លើ​កំពូលភ្នំ​ប្រាសាទព្រះវិហារ ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​គាត់​ជាប់​ជា​ឈ្មោះ «​ពើយតាឌី​» ដល់​សព្វថ្ងៃ​» ។ ស្តូប​រូបសំណាក​លោកតា​ឌី​ទាំង​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តែងតែ​ចូល​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ ។ រូបសំណាក​លោកតា​ឌី​ក៏​ជា​កន្លែង​ប្រជាពលរដ្ឋ​អង្គុយ​លេង​លំហែកាយ​ផង​ដែរ ៕