ខេត្តបាត់ដំបង ៖ ដើមទម្លាប់ដ៏ធំមហិមាចំនួន០២ដើម ដែលគេមិនដឹងថា ជាពូជដើមទម្លាប់ក្នុងស្រុក ឬជាពូជដើមទម្លាប់ព្រៃ ហើយក៏គ្មានចាស់ទុំក្នុងភូមិ ឬព្រឹទ្យាចារ្យណាម្នាក់និយាយឱ្យប្រាកដអំពីអាយុកាល និង ប្រវត្តិដើមឈើនេះដែរ។ ប៉ុន្តែសព្វថ្ងៃ ដើមទម្លាប់ដ៏ធំសម្បើមដែលអ្នកភូមិសន្និដ្ឋានទាំងស្រពិចស្រពិលថា អាចមានអាយុរាប់រយឆ្នាំទាំង២ដើមនេះ ត្រូវបានពលរដ្ឋមួយចំនួនចាត់ទុក ជាដើមឈើដ៏ពូកែស័ក្ដិសិទ្ធិ រហូតអ្នកភូមិបានមូលមតិគ្នានិមន្តព្រះសង្ឃធ្វើពិធីបំបួសដើមឈើនេះ ដើម្បីទុកសម្រាប់ជាទីសក្ការៈបូជា និងជាទីកន្លែងបន់ស្រន់សុំសេចក្ដីសុខសប្បាយនៅក្នុងមូលដ្ឋានទៀតផង ។

ដើមទម្លាប់ដ៏ធំសម្បើមទាំង២ដើមនេះ ដុះនៅរ៉បមាត់អូរត្រើយខាងកើត ក្នុងភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ដែលមានកំពស់ប្រហែលជាង២០ម៉ែត្រ និងមានទំហំអង្កត់ផ្ចិតប្រហែល០២ម៉ែត្រ ។ មិនមានអ្នកភូមិ.. ចាសទុំ ឬចាស់ព្រឹទ្ធាចារ្យណាម្នាក់អះអាងថា បានដឹងអំពីប្រវត្តិដើមនេះ ឬស្គាល់ច្បាស់ថា ជាពូជដើមទម្លាប់ស្រុក ឬពូជដើមទម្លាប់ព្រៃឲ្យប្រាកដនោះទេ តែផ្លែរបស់វាគេអាចបេះយកទៅទទូលទានបាននៅពេលផ្លែវាចាស់ឬទុំ ដែលមានរសជាតិស្រដៀងទៅនឹងផ្លែទម្លាប់ដែលលក់នៅលើទីផ្សារសព្វថ្ងៃដែរ។ នេះបើតាមការបញ្ជាក់ប្រាប់ពីអ្នកភូមិដែលរស់នៅក្បែរដើមទម្លាប់នោះ។

ដោយឡែក អាយុកាលរបស់វាក៏គ្មាននរណាអាចកំណត់បានដែរ តែមានចាស់ទុំខ្លះបានសន្និដ្ឋានបែបព្រាលៗថា «ដើមទម្លាប់ដ៏ធំមហិមាទាំង០២ដើមនោះ អាចមានអាយុលើសពី១សតវត្ស» ។ រីឯចាស់ៗដទៃទៀត ដែលនៅចងចាំពីប្រវត្តិខ្លះៗនៃភូមិសាស្ត្រតំបន់នោះ កាលពីសម័យបុរាណតាមរយៈការតំណាលតៗគ្នា បានអះអាងស្រដៀងៗគ្នាដែរថា «ដើមទម្លាប់ទាំង០២ដើមនោះ អាចមានអាយុកាលយ៉ាងតិចជាង៣០០ឆ្នាំ គឺ អាចប្រហាក់ប្រហែលគ្នា និងអាយុកាលវត្តសំរោងក្នុង ដែលស្ថិតនៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលមាននៅរហូតដល់សព្វថ្ងៃនេះ។ ហើយដើមនេះ ទំនងអាចជាដើមទម្លាប់ព្រៃ ដែលក្នុងសម័យនោះគ្មាននរណាដាំទេ គឺវាដុះដោយខ្លួនឯងបែបធម្មជាតិ»។

អ្នកភូមិដែលរស់នៅក្បែរដើមទម្លាប់នេះ ស្ទើរពេញមួយជីវិតទៅហើយក៏ពួកគាត់នៅតែមិនបានដឹងច្បាស់អំពីប្រវត្តិដើមទម្លាប់ដ៏ធំនេះដែរ។ ជួបជាមួយកោះសន្តិភាព នៅព្រឹកថ្ងៃទី០៧ មិថុនា អ្នកភូមិមួយចំនួនហាក់គ្រាន់តែនិយាយរបៀបតៗគ្នាប៉ុណ្ណោះ អំពីប្រវត្តិដើមទម្លាប់ដ៏ចំណាស់បំផុតនេះ។ ស្ថិតក្នុងវ័យ៧៨ឆ្នាំ ស្ត្រីឈ្មោះ ហម ហ៊ត ដែលផ្ទះរបស់គាត់ស្ថិតនៅចម្ងាយប្រហែល៤០ម៉ែត្រប៉ុណ្ណោះ ពីដើមទម្លាប់នោះ តែគាត់ហាក់មិនបានដឹងអ្វីទាំងអស់នៅពេលសាកសួរអំពីប្រវត្តិដើមទម្លាប់នេះ។

គាត់បាននិយាយដូច្នេះថា « ខ្ញុំមានស្រុកកំណើតនៅភូមិសួរអីនេះ តែខ្ញុំមិនបានដឹងអំពីប្រវត្តិដើមទម្លាប់ទាំង០២ដើមនេះទេ.. តើនរណាជាអ្នកដាំ ឬវាដុះដោយខ្លួនឯង ? តើវាមានអាយុប៉ុន្មានរយឆ្នាំហើយ ? ព្រោះខ្ញុំកើតមកឃើញដើមទម្លាប់ទាំង០២នេះធំតែអញ្ចឹងស្រាប់ទៅហើយ.! ពេលខ្ញុំសួរចាស់ៗកើតមុនខ្ញុំ ក៏គាត់ឆ្លើយប្រាប់ខ្ញុំ អញ្ចឹងដែរ។

ដូច្នេះខ្ញុំ គិតថា ដើមទម្លាប់នេះ មានអាយុរាប់រយឆ្នាំហើយ»។ ប៉ុន្តែគាត់បានបញ្ជាក់ថា ដោយឃើញដើមទម្លាប់ទាំង០២ដើមធំចម្លែក និងមានប្រវត្តិសេសសលតាំងពីបុរុមបុរាណផង អ្នកភូមិក៏មានជំនឿលើដើមនេះ ហើយក៏បាននាំគ្នាជួយថែទាំ រហូតដល់សព្វថ្ងៃអ្នកភូមិបាននាំគ្នា និមន្តព្រះសង្ឃធ្វើពិធីបំបួសដើមទម្លាប់ទាំង០២ដើម ទុកជាទីសក្ការៈបូជា និង ជាទីកន្លែងសម្រាប់អ្នកភូមិធ្វើពិធីបន់ស្រន់សុំសេចក្ដីសុខសប្បាយ ទៅតាមជំនឿរៀងៗខ្លួន។

ដោយឡែក លោក ហុន សុខា អាយុ៥៩ឆ្នាំ មានមុខរបរជាជាងជួសជុលកង់ ដែលរោងជាងរបស់គាត់ នៅចម្ងាយប្រហែល២០ម៉ែត្រពីដើមទម្លាប់នោះ បានរៀបរាប់ប្រាប់កោះសន្តិភាពថា អ្នកភូមិបាននិមន្តព្រះសង្ឃ ធ្វើពិធីបំបូសដើមទម្លាប់ទាំង០២ដើមនោះ កាលពីដើមឆ្នាំទៅមិញ ហើយបើគិតមកដល់ពេលនេះ អ្នកភូមិបាននិមន្តព្រះសង្ឃធ្វើពិធីបំបួសដើមទម្លាប់នេះចំនួន២លើកហើយ ហើយក៏មានពលរដ្ឋមកគោរពបូជា ឬ បន់ស្រន់សុំសេចក្ដីសុខសប្បាយជាហូរហែរាល់ថ្ងៃផងដែរ។

ប៉ុន្តែនៅពេលសួរថា តើលោកបានដឹងយ៉ាងម៉េចខ្លះ អំពីប្រវត្តិដើមទម្លាប់ដ៏ធំនេះ ? លោកសុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដឹងខ្លះៗពីលោកយាយម្នាក់ដែលមានអាយុ៩០ឆ្នាំផ្លាយ តែគាត់បានស្លាប់ហើយ។ គាត់បានប្រាប់ខ្ញុំថា ពេលដែលគាត់កើតមក គឺគាត់ឃើញដើមនេះធំប៉ុណ្ណឹងទៅហើយ។ ប៉ុន្តែបើយើងអាចប៉ាន់ស្មាន គឺដើមទម្លាប់នេះអាចមានអាយុជាង១សតវត្ស ឬ អាច២០០ហើយ តែនេះគ្រាន់ន់តែជាការស្មានទេ។ ខ្ញុំសង្ស័យវាជាដើមទម្លាប់ព្រៃ ព្រោះដុះយូរឆ្នាំបែបនេះ វាបានក្លាយជាវត្តុបុរាណទៅហើយ»។

ពាក់ព័ន្ធនឹងជំនឿវិញ បើតាមជាងកង់រូបនេះ បានប្រាប់ថា ក្រោយពីព្រះសង្ឃបានធ្វើពីធីបំបួសរួចមក គាត់បានឃើញមនុស្សម្នាជាច្រើនបានមកដុតធូបគោរពបូជា នៅនឹងដើមទម្លាប់ទាំង០២ដើមនេះ។ អ្នកខ្លះអុជធួបបន់ស្រន់សុំសេចក្ដីសុខចម្រើន និងខ្លះទៀតបន់ស្រន់សុំឲ្យជាពីជំងឺរាំរៃ គឺទៅតាមជំនឿរៀងៗខ្លួន។ ប៉ុន្តែក៏មានអ្នកមានជំនឿមុតម៉ាំខ្លះទៀត បានទៅកាប់យកបញ្ញើក្អែកនៅលើដើមទម្លាប់នេះ ទៅឆ្លាក់ធ្វើព្រះពាក់ការពារខ្លួន និងខ្លះទៀតក៏បានទៅកាប់យកសំបកទៅធ្វើជាថ្នាំដាំទឹកទទូលទានយ៉ាងពូកែស័ក្ដិសិទ្ធិផងដែរ។ល។

បើនិយាយអំពីប្រវត្តិនៃដើមទម្លាប់ដ៏ចំណាស់នេះវិញ បើតាមអ្នកភូមិបាននិយាយថា ដើមទម្លាប់ដែលមានវ័យចំណាស់បែបនេះ ទំនងមានតែចំនួន០២ដើមប៉ុណ្ណោះ ដែលសេសសល់នៅក្នុងស្រុកឯកភ្នំ ដែលជាស្រុកមួយមានប្រាសាទបុរាណ ហើយក៏ជាស្រុក ដែលមានប្រវត្តិយូរលង់ផងដែរ នៅក្នុងចំណោមស្រុកនានា នៅក្នុងខេត្តបាត់ដំបង ហើយក៏គ្មានដើមនេះនៅកន្លែងណាផ្សេងក្រៅពីស្រុកឯកដែរ។

ពិតមែនតែគ្មានចាស់ទុំ ឬព្រឹទ្ធាចារ្យ ឬឯកសារណា.. បានដឹងឬបានចារទុកជាប្រវត្តិសាស្ត្រអំពីប្រវត្តិ នៃដើមទម្លាប់ដ៏ធំមហិមានេះក្ដី។ ប៉ុន្តែចាស់ៗជំនាន់នេះ មួយចំនួនដែលបានដឹងតាមរយៈការតំណាលតៗគ្នាពីចាស់ៗជំនាន់ដើមថា «ដើមទម្លាប់ទាំង០២នេះ» អាចមានអាយុកាលប្រហាក់ប្រហែលនឹងអាយុកាល «វត្តសំរោងក្នុង» ដែលវត្តសំរោងក្នុងនេះ មានអាយុជាង៣០០ឆ្នាំហើយ បើគិតមកដល់ពេលនេះ ហើយទីអារាមដែលសាងសង់ពីសម័យនោះនៅក្នុងវត្តនេះ ក៏នៅជានិម្មិតរូបនៅឡើយដែរ។

ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការផ្ដល់សក្ខីកម្មបែបព្រាលៗតៗគ្នាពីមនុស្សជំនាន់មួយទៅជំនាន់មួយតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងដើមទម្លាប់០២ដើមខាងលើនេះ ដោយគ្មាននរណាម្នាក់បានដឹងច្បាស់ ឬ យោងទៅលើភស្ដុតាង ឬឯកសារអ្វីមួយឡើយ ។ ប៉ុន្តែជាមួយនឹងការប្រឹងប្រែងការពារថែទាំ និងការគោរពបូជាតាមបែបជំនឿផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រតិបត្តិយ៉ាងមមារញឹកនាពេលនេះ អាជ្ញាធរគួរតែមានវិធានការ ឬផ្ដល់គម្រោងថែទាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដើម្បីថែរក្សារនូវដើមទម្លាប់បុរាណដ៏កម្រនេះ ទុកសម្រាប់ជាទីសក្ការៈបូជារបស់ពលរដ្ឋផង និងអាចជាការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរផងដែរ៕




ចែករំលែកព័តមាននេះ