ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​សត្វ​ក្រពើ​១​ក្បាល​ហើយ ក្នុង​ស្រះ​​ទឹក​វត្ត «​ទួល​សុភា​ឃួ​ន​» ក្រោយ​ភ្ញាក់​​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បុរស​ម្នាក់​ប្រទះ​ឃើញ​សត្វ​ក្រពើ​ចំនួន​ពី​២​ទៅ​៤​ក្បាល​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន ដែល​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​យក​ទៅ​លែង​ចោល​នោះ ហើយ​ខណៈ​ពេល​កូនសិស្សលោក និង​អ្នក​ភូមិ​នាំ​គ្នា​ស្ទូច​យក​ក្រពើ​នោះ​ចេញពី​ក្នុង​ស្រះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជិត​២​អាទិត្យ​តាំងពី​អំឡុង​ថ្ងៃ​ទី​២៥ ខែឧសភា​ម្ល៉េះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បុរស​ម្នាក់​ប្រទះ​ឃើញ​សត្វ​ក្រពើ​ចំនួន​ពី​២​ទៅ​៤​ក្បាល​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន ដែល​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​យក​ទៅ​លែង​ចោល​នោះ ហើយ​ខណៈ​ពេល​កូនសិស្សលោក និង​អ្នក​ភូមិ​នាំ​គ្នា​ស្ទូច​យក​ក្រពើ​នោះ​ចេញពី​ក្នុង​ស្រះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជិត​២​អាទិត្យ​តាំងពី​អំឡុង​ថ្ងៃ​ទី​២៥ ខែឧសភា​ម្ល៉េះ នៅ​ក្នុង​វត្ត​ទួល​សុភា​ឃួ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ប៉ុន្តែ​កូនសិស្សលោក និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ស្ទូច​ចាប់​ក្រពើ​នោះ​រយៈ​ពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មក​ហើយ តែ​មិន​បាន​សោះ លុះ​រហូត​មក​ដល់​ម៉ោងជាង​៥​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ ទើប​ស្ទូច​បាន​១​ក្បាល​តូច​ប៉ុណ្ណោះ នៅ​សល់​ប្រហែល​៣​ក្បាល​ទៀត នៅ​មិន​ទាន់​ស្ទូច​បាន​នៅឡើយ​ទេ​។

អ្នក​ភូមិ​និយាយ​ថា តាំងពី​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ទួល​សុភា​ឃួ​ន​នេះ​ពុំ​ដែល​មាន​សត្វ​ក្រពើ​នោះ​ទេ ទើបតែ​ពេល​នេះ ស្រាប់តែ​ប្រទះ​ឃើញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែប​នេះ​ដែល​សង្ស័យ​មាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​លែង​នៅ​ពេល​ស្ងាត់​ណាមួយ ប៉ុន្តែ​ពុំ​ដឹង​ថា​ជន​នោះ​មាន​គោលបំណង​អ្វីមួយ​ឡើយ ទើបបាន​ជា​យក​សត្វ​ក្រពើ​ទៅ​លែង​ចោល​នៅ​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត​ខាងលើ ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផង​ដែរ​។
អ្នក​ភូមិ​និយាយ​ថា ពេល​នេះ​ក្រពើ​ទាំងនោះ​នៅ​តូច​ៗ​មិន​ទាន់​ធំ​នៅឡើយ ហើយ​ពួក​គាត់​កំពុង​មានការ​ព្រួយបារម្ភ​ថា បើ​ចាប់​មិន​ពេល​នេះ​ទេ​នៅ​ពេល​ណា​ដែល​ក្រពើ​កាន់តែ​ធំ​ទៅ​ៗ​នោះ និង​បង្ក​គ្រោះ​ដល់​ជីវិត​មនុស្ស​ជាក់​ជា​មិន​ខាន​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ក្រពើ​នោះ​ខ្លះ​មាន​ទំហំ​ខ្លួន​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ និង​ខ្លះ​ទៀត​មាន​ទំហំ​ខ្លួន​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ហើយ​តែងតែ​ហែល​ទឹក​បណ្ដែត​ខ្លួន​ឲ្យ​ឃើញ​នៅ​លើ​ស្លឹក​ឈូក​ជា​ញឹក​ញាប់​នា​ពេល​រសៀល ឬ​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ ។ រយៈពេល​ជិត​២​ស​ប្ដា​ហ៍​កន្លង​មក​ហើយ ហើយ​ដែល​ពួក​គាត់​ឃើញជាក់ស្ដែង​២​ក្បាល តូច​១​ក្បាល និង​ធំ​១​ក្បាល ប៉ុន្តែ​ក៏​សង្ស័យ​ថា មាន​រហូត​ដល់​ទៅ​៤​ក្បាល​ឯណោះ ពុំ​មែនមាន​តែ​២​ក្បាល​នេះ​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កូន​ក្រពើ​ទាំងនោះ​ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ធី ដែល​ជា​កូនសិស្សលោក​ប្រទះ​ឃើញ​មុនគេ ខណៈ​គាត់​កំពុង​ចង​អង្រឹង​ដេក​ក្រោម​ដើមឈើ​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​ខាងលើ​។ ដោយ​មុន​ដំបូង​គាត់​ឃើញ​ក្រពើ​តូច​មុន ហើយ​ភ្លាម​ៗ​នោះ​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ក្រពើ​ដែរ ដោយ​ស្មានថា​ជា​សត្វ​ត្រកួត​ទេ ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​មើល​ច្បាស់​និង​ឃើញ​អាធំ​១​ក្បាល​ទៀត​បណ្ដែត​បង្ហាញខ្លួន​ជិត​នោះ​ដែរ ទើប​ស្គាល់​ច្បាស់​ថា ជា​សត្វ​ក្រពើ រួច​បុរស​នេះ​ក៏​ទូល​ប្រាប់​ព្រះ​សង្ឃ និង​អ្នក​នៅ​ក្នុង​វត្ត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្ដង​។

ប្រភព​ខាងលើ​បន្ថែម​ទៀត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​មាន​សត្វ​ក្រពើ​នៅ​ក្នុង​ស្រះ​ទឹក​ដែល​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ មិន​ដែល​ធ្លាប់​ឃើញ​បែប​នេះ កូនសិស្សលោក និង​អ្នក​ភូមិ​៥​ទៅ​៦​នាក់​បាន​នាំ​គ្នា​ស្ទូច​ក្នុង​បំណង​យក​សត្វ​ក្រពើ​នោះ​ចេញ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ដោយ​ទិញ​មាន់​ពី​ផ្សារ​មក​ធ្វើ​ជា​នុយ ។ ប៉ុន្តែ​ស្ទូច​រយៈពេល​ជិត​២​អាទិត្យ​កន្លង​មក​ហើយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៦ ខែមិថុនា នៅ​មិន​ទាន់​បាន​១​ក្បាល​នៅឡើយ​ទេ ដោយនៅ​ខណៈនោះ​ក្រពើ​បាន​ស៊ីនុយ​ដែរ ប៉ុ​ន្ត​វ័ធ​អត់​បាន ព្រោះ​ដាច់​ខ្សែ​រហូត ហើយ​ក្រពើ​១​ក្បាល​ធំ​បាន​ស៊ីនុយ​ដោយ​ទាំង​ផ្លែ​សន្ទូច​អស់​៤​ទៅ​៥​ផ្លែ​ទៅ​ហើយ​ដែរ​។

ទោះជា​បែប​ណា​កូនសិស្សលោក​រួម​នឹង​អ្នក​ភូមិ​នៅ​តែ​ព្យាយាម​ស្ទូច​បន្ត​ទៀត​ដដែល ហើយ​ក្រោយ​មក​បាន​ដាក់​នុយ និង​សន្ទូច​ត្រាំ​ចោល​ក្នុង​ទឹក​ចោល​១​យប់ លុះដល់​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​នេះ ពេល​ទៅ​មើល ស្រាប់តែ​ឃើញ​ជាប់​ក្រពើ​តូច​១​ក្បាល​។

ប្រភព​មួយ​នេះ​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់​បាន​ភ្លាម ព្រះសង្ឃ​បាន​យក​ចេញពី​វត្ត​ភ្លាម​ៗ​ដើម្បី​រក​កន្លែង​ដោះ​យក​ផ្លែ​សន្ទូច​ចេញ និង​យក​វា​ទៅ​លែង ប៉ុន្តែ​ពួក​គាត់​មិន​បានដឹង​ថា ព្រះសង្ឃ​យក​ទៅ​លែង​នៅ​កន្លែង​ណា​ឡើយ ចំណែក​កូនសិស្សលោក និង​អ្នក​ភូមិ​កំពុង​បន្ត​ស្ទូច​ចាប់​ក្រពើ​ដែល​នៅ​សល់​បន្ត​ទៀត ដើម្បី​ចាប់​យក​វា​ចេញ​ឲ្យ​អស់ពី​ក្នុង​ស្រះ​ទឹក​ខាងលើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ