ចិន​ប្រកាស​ឱ្យ​ប្រជាជន​ខ្លួន មិន​គួរ​ទៅ​លេង​អូស្ត្រាលី​ទេ


ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ចេញ​ការ​ព្រមាន​ថ្មី​មួយ​ទៅ​កាន់​ពលរដ្ឋ​របស់​ខ្លួន ប្រឆាំង​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​សុក្រ ដោយ​លើក​ឡើង​ពី​ការ​រើសអើង​ជាតិ​សាសន៍​ប្រឆាំង​នឹង​ប្រជាជន​ចិន និង​អាស៊ី​នៅ​ទីនោះ​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​បាន​សរសេរ​ថា​៖ «​ថ្មី​ៗ​នេះ​ដោយ​សារ​តែ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ការ​រើសអើង​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ចិន និង​អាស៊ី នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ក្រសួង​វប្បធម៌ និង​ទេសចរណ៍ ក្រើនរំលឹក​ភ្ញៀវ​ទេសចរ​ចិន ឱ្យ​បង្កើន​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​របស់​ពួក​គេ និង​កុំ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី​»​។

ទូរទស្សន៍ ABC របស់​អូស្ត្រាលី បាន​និយាយ​ថា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​របស់​ប្រទេស​ខ្លួន លោក Simon Birmingham បាន​ច្រាន​ចោលការ​ព្រមាន​នេះ​។

ABC បាន​ដកស្រង់​សម្តី​របស់ លោក​រដ្ឋមន្ត្រី Birmingham ដោយ​និយាយ​ថា​៖ «​អូស្ត្រាលី​គឺជា​ប្រទេស​មាន​វប្បធម៌​ចម្រុះ និង សម្បូរ​អ្នក​មក​ពី​ក្រៅ​ស្រុក​។ សហគមន៍​អូស្ត្រាលី​ចិន គឺជា​អ្នក​ចូល​រួម​ចំណែក​ដ៏​សំខាន់​និង​មាន​តម្លៃ​ចំពោះ​ភាព​ជោគជ័យ​របស់​ប្រទេស​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ