ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​បាត់​ចំណូល​៣​ពាន់​លាន​ដុល្លារ​ដោយសារ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​វត្ត​មាននៅ​កម្ពុជា​រយៈពេល​ប្រមាណ​ជា​៤​ខែ​មក​ហើយ​នោះ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​បាត់​ចំណូល​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ ។ ការ​បាត់បង់​ចំណូល​ជាមួយ​សកម្មភាព​ទេសចរណ៍​សឹង​មិន​កម្រើក ពោល​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​មួយ​ចំនួន​បាន​បិទ​អាជីវកម្ម ។…

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​វត្ត​មាននៅ​កម្ពុជា​រយៈពេល​ប្រមាណ​ជា​៤​ខែ​មក​ហើយ​នោះ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​បាត់​ចំណូល​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ ។

ការ​បាត់បង់​ចំណូល​ជាមួយ​សកម្មភាព​ទេសចរណ៍​សឹង​មិន​កម្រើក ពោល​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​មួយ​ចំនួន​បាន​បិទ​អាជីវកម្ម ។ នៅ​ក្នុង​កម្មវិធី​វិ​ផ្សព្វផ្សាយ វិធាន​សុវត្ថិភាព​សម្រាប់​ដំណើរការ​ឡើង​ចំពោះ​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​៤ កាលពី​ថ្ងៃ​ទី​៥ មិថុនា លោក​ថោ​ង ខុន ឲ្យ​ដឹង​ថា រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​៥២% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ។ ប៉ុន្តែ​លោក​បាន​ព្យា​ការណ៍​ថា អ្នកទេសចរ​បរទេស​អាច​នឹង​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​៧០% ខណៈ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នឹង​ធ្លាក់​ចុះ​រង្វង់​៥០% ក្នុង​ឆ្នាំ​២០២០​នេះ ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​អាជីវកម្ម ទេសចរណ៍ ចំនួន​២៩៥៦​ទីតាំង​បាន​បិទទ្វារ ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​ជាង​៤​ម៉ឺន បាន​បញ្ឈប់​ពី​ការងារ ក្នុង​នោះ​មាន​សណ្ឋាគារ​ចំនួន​៣២៤​កន្លែង ផ្ទះសំណាក់​៣០៤​ទីតាំង ភោជនីយដ្ឋាន​៣៨៥​ទីតាំង បាន​ផ្អាក​សកម្មភាព​ជីវ​កម្ម ។

លោកស្រី ខៃ ចិន្តា ដែល​មាន​មណ្ឌល​កម្សាន្ត និង​សណ្ឋាគារ​នៅ​ខេត្តរតនគិរី ក្រចេះ និង​កំពត បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ខាង​សេដ្ឋកិច្ច​នា​ពេល​នេះ ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​លោកស្រី ៦០% បាន​ផ្អាក​ពី​ការងារ ។ «​វិបត្តិ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ហើយ​ប៉ះពាល់​ទាំងអស់​គ្នា ខ្ញុំ​គ្មាន​ប្រាក់​ចំណូល បុគ្គលិក​របស់ខ្ញុំ​អត់​ការងារ​ធ្វើ ហើយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​យើង​ធ្លាប់​ទិញ​កសិផល​ដែល​យើង​ធ្លាប់​ប្រើ​សេវាកម្ម​របស់​គាត់​ពួក​គាត់​ក៏​គ្មាន​ប្រាក់​ចំណូល​» ។

លោកស្រី ខៃ ចិន្តា ដែល​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី នៅ​មណ្ឌលគិរី​ផង​នោះ​ថា បុគ្គលិក​របស់​គាត់​នៅ​ខេត្តកំពត ដែល​ស្ថិត​នៅ​តំបន់​ដែល​រដ្ឋាភិបាល​កំណត់​ថា បាន ទទួល​ប្រាក់​ឧបត្ថម្ភ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​៤០​ដុល្លារ ក្នុង​មួយ​ខែ ។

បើ​អ្នករក​ទទួលទាន​ខាង​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​ខាងលើ​នេះ​ថា អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ នៅ​ខេត្តសៀមរាប ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ កំពត កែប ក្រុង​បា​វិត ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ។

នៅ​ខេត្តរតនគិរី ដែល​លោកស្រី មាន​បុគ្គលិក​ច្រើន​មិន​មិន​ជាប់​ក្នុង​តំបន់​ដែល​រដ្ឋាភិបាល​ត្រូវ​ជួយ​នោះ​ទេ ដូច្នេះ​បញ្ហា​ជួយ​បុគ្គលិក ជា​បន្ទុក​របស់​លោកស្រី ។ លោក​ថោ​ង ខុន មិន​ប្រាកដ​ថា វិស័យ​ទេសចរណ៍​នឹង​អាច​មាន​សកម្មភាព​ជា​ធម្មតា​វិញ​នៅ​ពេល​នោះ​ទេ ពីព្រោះ​នេះ​ជា​បញ្ហា​សកល ។ លោក​ថា នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ប្រទេស​ខ្លះ អះអាង​ថា​នឹង​បើក​ឲ្យ​ដំណើរ​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ នៅ​ខែកក្កដា​ខាង​មុខ​នេះ​ក៏​រហូត​មក​ដល់​ពេល​នេះ ហាក់​នៅ​មិន​ទាន់​ប្រាកដ​ដែរ ។

ជំនួស​សកម្មភាព​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស​មិន​មាន​បែប​នេះ ក្រសួង​បាន​កំពុង​ជំរុញ សកម្មភាព​ទេសចរណ៍​ក្នុងស្រុក ។ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ហាក់ បាន​មាន​សកម្មភាព​ឡើង​វិញ​បន្តិច​នៅ​ក្នុង​ខែឧសភា ។ នៅ​ក្នុង​ខែឧសភា​ពលរដ្ឋ​ប្រមាណ​៦៥​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត ប៉ុន្តែ​នេះ​ជា​ចំនួន​តិច​នៅឡើយ ។ លោក​ថោ​ង​ខុន​ថា កន្លង​មក​ជា​មធ្យម​ពលរដ្ឋ​ដើរ​លេង​១​លាន​នាក់​ក្នុង​១​ខែ ។

វិស័យ​ទេសចរណ៍​ជាស​រសរ​ស្តម្ភ​សំខាន់​ដែល​បាន​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ។ ធនាគារពិភពលោក កាលពី​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២០ បាន​ព្យាករណ៍​ថា កូ​វី​ដ​១៩ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ថមថយ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន ចាប់ពី​ឆ្នាំ​១៩៩៤​មក ដោយសារ​វិស័យ​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិប្រមាណ​៧០% នោះ​មាន​វិស័យ​ទេសចរណ៍ សំណង់ និង​ឧស្សាហកម្ម​នាំ​ចេញ​កំពុង​រង​ផល​ប៉ះពាល់​ពី​បញ្ហា​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ