ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៧ វិច្ឆិកា ២០១៤ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ច ខណៈពេលកូនប្រុសរបស់សេដ្ឋីជនជាតិរុស្ស៊ីដែលជាអ្នកវិនិយោគធំជាងគេនៅខេត្តព្រះសីហនុត្រូវបានជនជាតិរុស្ស៊ីដូចគ្នាប៉ងធ្វើឃាត តែមិនបានសម្រេច នៅត្រង់ចំណុចបរិវេណសណ្ឋាគារ៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវជនស្គាល់អត្តសញ្ញាណច្បាស់ប៉ងធ្វើឃាតនោះមានឈ្មោះ អូស្ទាប់ ឌឺរ៉ូសិនកូ ជាជនជាតិរុស្ស៊ី សញ្ជាតិខ្មែរ អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកវិនិយោគដ៏ធំតាមតំបន់កោះនៅខេត្តព្រះសីហនុ ។ ជនរងគ្រោះជាកូនប្រុសបង្កើតរបស់សេដ្ឋីរុស្ស៊ី ឈ្មោះ នីកូឡៃ ឌឺរ៉ូសិនកូ ត្រូវបានក្រុមជនសង្ស័យចំនួន២នាក់វាយ បំណងសម្លាប់ តែសំណាងល្អជនរងគ្រោះរួចជិវិត។
ដោយឡែកបើយោងតាមការអះអាងពីឈ្មោះនីកូឡៃ ឌឺរ៉ូសិនកូ អាយុ៥៤ឆ្នាំ ជាឪពុកជនរងគ្រោះបានបង្ហើបថា នេះជាករណីប៉ងធ្វើឃាតយ៉ាងពិតប្រាកដ ព្រោះនៅថ្ងៃកើតហេតុ មានជនជាតិរុស្ស៊ីដូចគ្នាមិនស្គាល់មុខ បានទូរស័ព្ទមកប្រាប់រូបគាត់ថា ឱ្យរូបគាត់ជួយយកលុយផ្ញើឱ្យជាងរថយន្តរបស់គាត់ដែលជាប់ពន្ធនាគាររឿងបើករថយន្តបុកមនុស្សស្លាប់កាលពីប៉ុន្មានខែមុនផង ប៉ុន្តែដោយគាត់រវល់ទើបឱ្យកូនប្រុសឈ្មោះ អូស្ទាប់ ឌឺរ៉ូសិនកូ នេះទៅយកជំនួសនៅកន្លែងណាត់ជួបក្នុងសណ្ឋាគារឆ្នេរឯករាជ្យ ប៉ុន្តែមិនទាន់ដល់កន្លែងណាត់ជួបផងក៏ត្រូវជនសង្ស័យបើករថយន្តម៉ាកកាមរី ពណ៌ទឹកមាសស្ទាក់ពីមុខ ដោយទូរស័ព្ទប្រាប់ថាឱ្យកូនប្រុសគាត់ឈប់ត្រង់ចំណុចផ្លូវបំបែកជាពីរ ។
បន្ទាប់មក អូស្ទាប់ ក៏ឈប់ ហើយបើកទ្វារថយន្តបំណងចេញក្រៅក៏ត្រូវជនសង្ស័យ វាយប៉ងសម្លាប់តែម្តង សំណាងល្អកូនប្រុសរបស់គាត់មិនស្លាប់ ត្រឹមតែរងរបួសធ្ងន់ បែកមុខបែកមាត់ បាក់ថ្គាមសងខាង កំពុងសំរាកនៅគ្លីនិកឯកជន សេតេ ក្រុងព្រះសីហនុ។
ជុំវិញករណីនេះដែរ លោកមានការសង្ស័យទៅលើឈ្មោះ polensky ដែលជាជនជាតិរ៉ុស្ស៊ីដូចគ្នាជាអ្នកនៅពីក្រោយខ្នង ព្រោះកន្លងមកឈ្មោះ polensky នេះធ្លាប់មានរឿងរ៉ាវជាមួយលោកជាច្រើនលើកច្រើនសាមកហើយដែរ មិនតែប៉ុណ្ណោះក៏ធ្លាប់ព្រមានបាញ់ក្រុមគ្រួសារលោកផងដែរ ប៉ុន្តែដោយលោកពុំមានភ័ស្តុតាងច្បាស់លាស់ទើបលោកពុំបានប្តឹងទៅលើឈ្មោះនោះ។
ទាក់ទិនទៅនឹងករណីធ្វើឃាតកូនប្រុសសេដ្ឋីរ៉ុស្ស៊ីនេះ តាមប្រភពជិតដិតមួយបានលួចបង្ហើបថា ករណីនេះគេមានការសង្ស័យថាអាចកើតឡើងមកពីរឿងចងការលុយ ព្រោះបច្ចុប្បន្នក្រៅអំពីការវិនិយោគ ក្រុមគ្រួសារសេដ្ឋីមួយនេះមានមុខរបរ ជួល លក់ រថយន្ត និងចងការប្រាក់ជាមួយជនជាតិរុស្ស៊ីដូចគ្នា ហើយនៅយប់ថ្ងៃកើតហេតុទំនងជាមានមនុស្សហៅទៅយកលុយថ្លៃចងការទើបកើតរឿងបែបនេះ៕
ចែករំលែកព័តមាននេះ