ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​បន្ត​ចាប់អារម្មណ៍​ទិញ​អង្ករ​ពី​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​អង្ករ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ បណ្ដា​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​ចាប់ផ្ដើម​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​ខ្លួន ជាក់ស្ដែង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​នៅ​ពេល​កម្ពុជា​និង​ចិន​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​និង​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ​នោះ ។ យោង​តាម​កិច្ចចរចា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​កាលពី​ថ្ងៃ​ទី​០៣ រវាង​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​អង្ករ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ជា​លក្ខណៈ​អន្តរជាតិ បណ្ដា​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​ចាប់ផ្ដើម​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​ខ្លួន ជាក់ស្ដែង​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​នៅ​ពេល​កម្ពុជា​និង​ចិន​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​និង​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ​នោះ ។

យោង​តាម​កិច្ចចរចា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​កាលពី​ថ្ងៃ​ទី​០៣ រវាង​កម្ពុជា និង​ចិន លោក​ឧកញ៉ា សុង សា​រ៉េ​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ពី​សក្ដានុពល​នៃ​ទីផ្សារ​អង្ករ​កម្ពុជា នៅ​ក្នុង​ប្រទេស​ចិន ហើយ​ក៏​មានការ​គាំទ្រ​ពី​ខាង​ភាគី​ចិន ព្រមទាំង​មានការ​ចាប់អារម្មណ៍​លើ​ផលិតផល​អង្ករ​កម្ពុជា ពី​សំណាក់​ក្រុមហ៊ុន​ចិន​ផង​ដែរ ។ តាម​រយៈ​លទ្ធផល​នេះ បាន​ក្លាយជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ពង្រីក​បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន ហើយ​ក៏​អាច​ស្នើ​ភាគី​ចិន​បន្ថែម​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​បន្ថែម​ទៀត ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ចាប់ផ្ដើម​អនុវត្តន៍ នោះ​វា​នឹង​ធ្វើ​អោយ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ច្រើន​ថែម​ទៀត​មិន​ថា​តែ​ផលិតផល​អង្ករ​នោះ​ទេ​រួម​ទាំង​ស្វាយ​និង​ផលិតផល​ផ្សេង​ៗ​ដែរ​។​លោក​ថា​៖« សម្រាប់​ការ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ចិន មក​លើ​អង្ករ​កម្ពុជា​នោះ​គឺ​វា​ពិត​បែប​នេះ​មែន ប៉ុន្តែ​បញ្ហា​នោះ​ទិញ​លក់​នោះ នឹង​ត្រូវ​ជជែក​គ្នា​តាម​ក្រោយ​ជា​ពិសេស​ទៅ​លើ​តម្លៃ​ដែល​ភាគី​ចិន​ហ៊ាន​ទិញ​ពី​កម្ពុជា » ។

លោក​បន្ត​ថា ក្នុង​ឆ្នាំ ២០២០​នេះ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា ហាក់​ទទួល​បាន​កំណើន​ល្អ​ប្រសើរ ជា​ពិសេស​នោះ​គឺ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាក់ស្ដែង​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ ២០២០​នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​មាន​កំណើន​ជាង​៤០​ភាគរយ ហើយ​វា​ជា​កំណើន​មួយ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ។ លទ្ធផល​នៃ​ការ​នាំ​ចេញ​សម្រាប់​រយៈពេល​៥​ខែ​ដើមឆ្នាំ ២០២០​នេះ​អាច​នឹង​ធ្វើ​អោយ ការ​នាំ​ចេញ​សម្រាប់​ឆ្នាំ ២០២០​ទាំងមូល​ជិត​សម្រេច​ផែនការ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ បាន ។ លោក​ថា​៖« សម្រាប់​ឆ្នាំ​នេះ បើ​មិន​បាន​១​លាន​តោន​ក៏​អាច​សម្រេច​បាន​ក្នុង​រង្វង់​លើស​៨០​ម៉ឺន​តោន​ឬ ជិត​៩០​ម៉ឺន​តោន​ដែរ ចំពោះ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ »​។

លោក​បន្ថែម​ថា ឧស្សាហកម្ម​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទទួល​បាន​កំណើន​ដោយសារ​តែ​កត្តា​មួយ​ចំនួន ជា​ពិសេស​ក្នុង​ឆ្នាំ ២០២០​នេះ ។ ជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​ក៏​ជា​ផ្នែក​មួយ​នៃ​ឱកាស​សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដោយ ពីព្រោះ​តែ​តម្រូវការ​អង្ក​រលើ​ប្រទេស​ជា​ច្រើន​បាន​កើនឡើង​ធ្វើ​អោយ​ការ​នាំ​ចេញ​របស់​កម្ពុជា​ក៏​កើនឡើង​ដូច​គ្នា ។

មួយវិញទៀត​ដោយសារ​តែ​គុណភាព​អង្ករ​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​ក៏​ជំរុញ​អោយ​ប្រទេស​ទាំងនេះ ងាក​មក​នាំ​ចូល​ពី​កម្ពុជា ខណៈ​កម្ពុជា​ក៏​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​ទៅ​កាន់​ប្រទេស​ទាំងនោះ​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​កម្ពុជា មាន​រោង​ម៉ាស៊ីនកិនស្រូវ​មាន​ឡ ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក ដោយ​មិន​ខ្វះខាត​ដូច​មុន​ទៀត​ឡើយ ។​

ម្យ៉ាងទៀត​កម្ពុជា​ក៏​មានបទពិសោធន៍​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​គោលដៅ​បាន​ច្បាស់​ល្អ​ផង​ដែរ រយៈពេល​១០​ឆ្នាំ​មកនេះ ។ អ្វី​ដែល​ពិសេស​នោះ រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ ដោយ​បាន​លើកទឹកចិត្ត​ដល់​អ្នក​នាំ​ចេញ​និង​ផ្ដល់​ជា​ទុន​មួយ​ចំនួន​ផង​ដែរ សម្រាប់​រោង​ម៉ាស៊ីន តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​ជុំវិញ​១​លាន​តោន​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ដូច្នេះ​កម្ពុជា​រំពឹង​ថា​ឆ្នាំ​២០២១ ឬ​ឆ្នាំ​២០២២​ខាង​មុខ​ផែនការ​នាំ​ចេញ​អោយ​បាន​១​លាន​តោន​ទៅ​កាន់​ទីផ្សារ ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ប្រមាណ ៣៥​ម៉ឺន​តោន និង​រក​ចំណូល​បាន​ជាង​២៤១​លាន​ដុល្លារ​អា​មេ​រិ​ក ។​ការ​នាំ​ចេញ​អង្ករ​កម្ពុជា រយៈពេល​៥​ខែ​នេះ​មាន​កំណើន​ជាង​៤២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​ក្នុង​នោះ​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំមុខ​គេ​សម្រាប់​អង្ករ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ