«​ផ្សិត​ប៉ក់ ឬ​ផ្សិ​ច​ផូង​ផាំង​» លក់​នៅ​បន្ទាត់​​ព្រំដែន​ចន្លោះ​ពី​២​ម៉ឺន​រៀល​ឡើង​ឯណោះ


ខេត្តព្រះវិហារ ៖ បើ​តាម​ការ​សង្កេត​ឃើញ​ថ្មី​ៗ​នេះ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំ​ចូល​ទៅ​ប្រទេស​ថៃ ចំពោះ​រុក្ខជាតិ​ផ្សិត​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា «​ជា​ផ្សិត​ប៉ក់ ឬ​ផ្សិត​ផូង​ផាំង​» ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​សម្រុក​ដឹក​ជញ្ជូន​ឆ្លង​ដែន ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ទឹកដី​ថៃ​យ៉ាង​គគ្រឹក​គគ្រេង ដោយ​ទទួល​បាន​តម្លៃ​ថ្លៃ​គួរសម ។

តាម​ការ​លើក​ឡើង​ពី​លោកស្រី គឹ​ម ហេង ជា​អ្នក​ប្រមូល​ទិញ​ផ្សិត​ប៉ក់ ពី​ប្រជាជន​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ យក​ទៅ​លក់​ប្រទេស​ថៃ បាន​និយាយ​ថា ផ្សិត​ប្រភេទ​នេះ គឺ​ភាគច្រើន​វា​ដុះ​ជា​ហ្វូង​នៅ​លើ​ដីល្បាយខ្សាច់ ក្នុង​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ ។ ហើយ​កសិករ ក៏​ដូច​ជា ប្រជាជន​ទូទៅ​បាន​ដើរ​ជីក​យក​មក​លក់ ប៉ុន្តែ​នៅ​ពេល​ដែល​ផ្សិត​នេះ វា​លូតលាស់​ចេញ​មក​លើ​ដី​ទាំងអស់​ខណៈ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​នោះ គឺ​គេ​លែងបរិភោគ​ផ្សិត​នេះ​ហើយ ។

អ្នកស្រី​បន្ថែម​ថា ផ្សិត​ប៉ក់​នេះ ជនជាតិ​ថៃ​និយម​ទិញ​យក​ទៅ​បរិភោគ​ណាស់ ដោយ​មួយ​គីឡូ​ក្រាម​​លក់​នៅ​ក្នុង​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន ចន្លោះ​ពី​២​ម៉ឺន​រៀល​ទៅ​២២០០០​រៀល​ឯណោះ ហើយ​ឈ្មួញ​ថៃ​ប្រមូល​ទិញ​យក​ទាំងអស់​ឱ្យ​តែ​មាន មិន​ដែល​សល់​នោះ​ឡើយ​។

ដោយឡែក​អាជីវករ ដែល​នាំ​ផ្សិត​ប៉ក់​ចូល​ទៅ​លក់​ក្នុង​ទឹកដី​ថៃ បាន​លើក​ឡើង​ដែរ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​អាជីវករ​ម្នាក់​អាច​លក់​ផ្សិត​ប្រភេទ​នេះ បាន​ចន្លោះ​ពី​១,២​តោន​ទៅ​៣​តោន​ជា​រៀងរាល់ថ្ងៃ ដោយ​​បាន​តម្លៃ​ជិត​២០០​បាត បាន​ចំណេញ​ច្រើន​គួរសម សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។

បច្ចុប្បន្ន​ការ​នាំ​ចូល​នូវ​ប្រភេទ​ផ្សិត​ប៉ក់​នេះ នៅ​តែ​បន្ត​យ៉ាង​គគ្រឹកគគ្រេង​ពី​ខេត្តព្រះវិហារ តាម​ច្រក​នានា​ទៅ​កាន់​ទីផ្សារ​ក្នុង​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ និង​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ