ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីស្រុកកោះញែក នាព្រឹកថ្ងៃទី០៤ មិថុនា នេះបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សស្នាក់ការអូរវាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានធ្វើការចុះល្បាតនៅថ្ងៃទី០៣ មិថុនា បានប្រទះឃើញកូនទន្សោងងាប់១ក្បាល នៅត្រង់និយាមកា 690643;1452948 តាមការពិនិត្យឃើញថា កូនទន្សោងនោះ ដាច់ជើងក្រោយ១ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ ។ ក្រោយប្រទះឃើញ ក្រុមការងារបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង ។

ករណីសត្វព្រៃងាប់ជាបន្តបន្ទាប់នេះ កាលពីអំឡុងខែឧសភា ២០២០ មានសត្វទន្សោងចំនួនពីរក្បាល និងសត្វខ្ទីងមួយក្បាល ត្រូវគេប្រទះឃើញដេកងាប់ដោយសារ អន្ទាក់ និងការបាញ់ប្រហារពីសំណាក់ព្រានព្រៃ។ ជុំវិញបញ្ហាសត្វព្រៃត្រូវបានបាញ់សម្លាប់ ឬជាប់អន្ទាក់របស់ព្រានក្នុងដែនជម្រក លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្មីៗកន្លងទៅនេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាន ក្បែរតំបន់ការពារធនធានធម្មជាតិ មិនត្រូវបរបាញ់សត្វព្រៃដើម្បីធ្វើអាជីវកម្មឡើយ។

លោក ស្វាយ សំអ៊ាង បានស្នើឲ្យមន្ត្រីជំនាញដែលមានសមត្ថកិច្ចអនុវត្តច្បាប់ កុំយោគយល់ចំពោះជនសង្ស័យណា ដែលបានប្រព្រឹត្តបទល្មើសដូចជា៖ ការកាប់បំផ្លាញព្រៃឈើការបបាញ់សត្វព្រៃ ការធ្វើអាជីវកម្មជួញដូរសាច់សត្វព្រៃ គ្រប់ប្រភេទមន្ត្រីមូលដ្ឋានផ្ទាល់ជំរុញ និងចូលរួមសហការជាមួយមន្ត្រីជំនាញ ឲ្យបានល្អក្នុងការជួយទប់ស្កាត់បទល្មើសនេះ។ ហើយអាជ្ញាធរខេត្ត ជាពិសេសរូបលោកផ្ទាល់ សូមឲ្យមន្ត្រីខិលខូចមួយចំនួនដែលប្រកបមុខរបរបរបាញ់សត្វដូចជា ឆ្លុះបាញ់សត្វ បាញ់ប្រហារ ដាក់អន្ទាក់ ឬដាក់ឧបករណ៍ឆក់ យកធ្វើការជួញដូរសត្វព្រៃ សេវាកម្មសាច់សត្វព្រៃ នៅតាមបណ្តាភោជនីយដ្ឋាននានាក្នុងខេត្ត សូមបញ្ឈប់ជាបន្ទាន់ ដើម្បីជួយអភិរក្សនូវសត្វព្រៃកម្រតូច-ធំ ឲ្យបាននៅគង់វង្សទុកជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ជាតិ។

តំណាងសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ ក្នុងស្រុកចំនួន២ គឺស្រុកពេជ្រាដា និងស្រុកកោះញែក បានថ្លែងថា ពួកគាត់កំពុងមានការព្រួយបារម្ភ ពីកាប់បំផ្លាញព្រៃឈើ និងការបាញ់សម្លាប់សត្វព្រៃ តាមរូបភាពបាញ់ប្រហារសត្វដាក់អន្ទាក់ដាក់ឧបករណ៍ឆក់ ដើម្បីធ្វើអាជីវកម្មសត្វព្រៃ ឬជំនួញ ដែលធ្វើឲ្យមានការបាត់បង់សត្វព្រៃនេះជាបន្តបន្ទាប់។

តំណាងសហគមន៍តំបន់ការពារធម្មជាតិដដែលបានបន្តថា ពួកគាត់បានធ្វើការស្នើសុំឲ្យមន្ត្រីជំនាញចាត់វិធានការលើបញ្ហានេះផងបើពុំដូច្នេះទេ ប្រភេទសត្វកម្រទាំងនេះ អាចឈានទៅរកការផុតពូជ។ សហគមន៍ទាំងបួនខាងលើនោះរួមមានទី១-មានសហគមន៍ការពារធម្មជាតិឈ្មោះ ទូលុង មានមូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា, ទី២-សហគមន៍តំបន់ការពារធម្មជាតិឈ្មោះ ត្រពាំងក្អើម មានមូលដ្ឋានក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា, ទី៣-សហគមន៍តំបន់ការពារធម្មជាតិឈ្មោះ ក្រង់រពុក មានមូលដ្ឋាននៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា, និងទី៤-សហគមន៍ឈ្មោះ អូរង្លាវ មានមូលដ្ឋានក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក។





ចែករំលែកព័តមាននេះ