កម្ពុជាទាមទារឱ្យវៀតណាមរុះរើតង់ចេញពីតំបន់ស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត បញ្ហាកងទ័ពវៀតណាមបោះតង់ នៅលើតំបន់ព្រំប្រទល់កម្ពុជា-វៀតណាម ត្រូវក្រសួងការបរទេស បានកោះហៅលោក Vu Quang Minh…
រាជធានីភ្នំពេញ ៖ នៅទីបំផុត បញ្ហាកងទ័ពវៀតណាមបោះតង់ នៅលើតំបន់ព្រំប្រទល់កម្ពុជា-វៀតណាម ត្រូវក្រសួងការបរទេស បានកោះហៅលោក Vu Quang Minh…
រាជធានីភ្នំពេញ ៖ នៅទីបំផុត បញ្ហាកងទ័ពវៀតណាមបោះតង់ នៅលើតំបន់ព្រំប្រទល់កម្ពុជា-វៀតណាម ត្រូវក្រសួងការបរទេស បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវ ដែលកងទ័ពវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា (តំបន់ស) និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបោះតង់របស់វៀតណាម នៅតំបន់ព្រំដែនក្នុងខេត្តកណ្តាល ជាប់នឹងខេត្តអានយ៉ាង (វៀតណាម) នៅថ្ងៃទី២ មិថុនា របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១ មិថុនា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានកោះអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការ ព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ ។
ក្រសួងការបរទេសបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស បានធ្វើកំណត់ទូតតវ៉ា អំពីការបោះតង់របស់វៀតណាមចំនួន៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដោយស្នើ ឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ព្រំដែនរវាងប្រទេសទាំងពីរ ។
ក្រសួងបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថា ការបោះតង់នៅតាមព្រំដែន ដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះ មិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែន រវាងប្រទេសទាំងពីរនេះទេ ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ ។
សូមរំលឹកថា ភាគីវៀតណាមបានបោះតង់ចំនួន៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែន ។ ហើយការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផល ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ទោះបីជាបែបណាក៏ដោយ ភាគីវៀតណាមហាក់យកប្រៀបលើកម្ពុជារហូតមក ដែលគេអាចធ្វើអ្វីៗបានលើតំបន់ស តែកម្ពុជាបើហ៊ានធ្វើមួយគឺមានប្រតិកម្មភ្លាមៗ ។ សួរថា តើវាមានប្រសិទ្ធភាពបែបណា បើមិនបានធ្វើលើតំបន់ស ?
វៀតណាមរុះរើតង់ដែលបោះតាមបណ្តោយព្រំដែនតាមការស្នើសុំរបស់កម្ពុជាតាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រទេសវៀតណាមបានរុះរើតង់ទាំងអស់តាមបណ្តោយព្រំដែនជាមួយកម្ពុជា ស្ថិតនៅក្នុងតំបន់មិនទាន់មានឯកភាពគ្នា ចំពោះការបោះបង្គោលខណ្ឌសីមា នៃព្រំដែនរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការបកប្រែក្រៅផ្លូវការដោយវិទ្យុវីអូអេពីលិខិតមួយច្បាប់ សរសេរជាភាសាវៀតណាមរបស់គណៈកម្មាធិការប្រជាជនវៀតណាម ខេត្តអានយ៉ាង ។
លិខិតចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលផ្ញើជូនអាជ្ញាធរខេត្តកណ្តាលរបស់កម្ពុជា បញ្ជាក់ថា ភាគីវៀតណាមបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនចុះរុះរើចេញអស់ហើយរាល់តង់ទាំងអស់ ដែលបោះ«ជាប់នឹងខ្សែព្រំប្រទល់ខេត្តកណ្តាល»នោះ ។ការផ្ញើលិខិតរបស់គណៈកម្មាធិការប្រជាជនវៀតណាម ខេត្តអានយ៉ាងនេះ ធ្វើឡើងក្រោយពីកម្ពជាបានបញ្ជូនកំណត់ទូតមួយទៅឲ្យភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០ ដោយចាត់ទុកវត្តមានយោធារបស់វៀតណាមនៅតំបន់តាមបណ្តោយព្រំដែន ដែលមិនទាន់មានឯកភាពគ្នាថា ជា«ការរំលោភកិច្ចព្រមព្រៀងព្រំដែន» រវាងប្រទេសទាំងពីរ។
ភាគីវៀតណាមបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា ការបោះតង់ទាំងនោះ «គឺគ្រាន់តែជាការងារបណ្តោះអាសន្នក្នុងគោលបំណងបង្ការការរាតត្បាតនៃជំងឺកូវីដ១៩» ដែលអាចឆ្លងរវាងខេត្តអានយ៉ាង របស់វៀតណាម និងខេត្តកណ្តាលរបស់កម្ពុជា ។ក្រុមអ្នកឃ្លាំមើលពីបញ្ហាព្រំដែនបាននិយាយថា សកម្មភាពប្រទេសជិតខាងដូចជាវៀតណាមនិងថៃចុងក្រោយដែលចូលមកបោះតង់ និងសង់រោងនៅតំបន់ហាមឃាត់ ឬទឹកដីកម្ពុជា គឺជាសកម្មភាពរំលោភបំពានបូរណភាពដែនដីកម្ពុជា ដោយឥតកោតក្រែង ។
ការអះអាងដូច្នេះ គឺយោងទៅលើការបោះតង់របស់កងទ័ពវៀតណាមនៅក្នុងតំបន់សក្នុងស្រុកលើកដែកនិងស្រុកកោះធំ ខេត្តកណ្តាលតាមព្រំប្រទល់ដែនរបស់ប្រទេសទាំងពីរ កាលពីសប្តាហ៍ថ្មីៗកន្លងទៅ និងការសង់រោងនៅខេត្តប៉ៃលិនរបស់ភាគីទាហានថៃ កាលពីសប្តាហ៍ថ្មីៗកន្លងទៅដែរដើម្បីអ្វីមួយដែលគេអះអាងថា ជាការបង្ការការរាតត្បាតនៃជំងឺកូវីដ១៩ហើយនឹងទប់ស្កាត់ពលករចំណាកស្រុកក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដែលព្រំដែននៃប្រទេសជិតខាងទាំងនេះត្រូវបិទមិនឲ្យឆ្លងកាត់លើកលែងតែទំនិញ ។ ជាការកត់សម្គាល់ទាំងភាគីវៀតណាមនិងថៃ ដែលជាប្រទេសជិតខាងកម្ពុជាតែងតែរំលោភបំពានឥតឈប់ឈរ ដោយសារការមិនគោរពបូរណភាពដែនដីកម្ពុជា ។
អ្នកវិភាគខ្លះនិយាយថា ចង់បោះតង់ ឬដាក់អីការពារកូវីដ១៩ ដាក់ក្នុងដីខ្លួនទៅ បែរជាមកដាក់ក្នុងតំបន់ដែលខ្លួនដឹងថាមិនទាន់ឯកភាពគ្នា ។ប្រទេសកម្ពុជានិងប្រទេសជិតខាងដូចជាវៀតណាម ថៃនិងឡាវ នៅមានបញ្ហាវិវាទព្រំដែនយូរៗម្តងដោយសារកន្លែងខ្លះមិនទាន់បានបោះបង្គោលចប់សព្វគ្រប់ ហើយការកំណត់ខ្សែបន្ទាត់ព្រំដែននៅមានភាពស្មុគស្មាញ និងបន្តចរចាគ្នានៅឡើយ ។ ការណ៍នេះបង្កឲ្យមានភាពតានតឹងផ្នែកយោធាជួរមុខពេលខ្លះផងដែរ ។
តែការដោះស្រាយពីរលើកចុងក្រោយនេះដែលមានការសង់រោងពីភាគីថៃនៅតាមព្រំដែន ខេត្តប៉ៃលិន និងបោះតង់ពីភាគីវៀតណាមនៅតាមបណ្តោយព្រំដែននៅខេត្តកណ្តាលនោះ គេមិនបានសង្កេតឃើញថា មានភាពតានតឹងកើតឡើងខ្លាំងដូចពេលមុនទេ ក្រោយពេលមន្ត្រីខេត្តអានយ៉ាង នៃប្រទេសវៀតណាមជាប់ខេត្តកណ្តាលនៃប្រទេសកម្ពុជាបានជូនដំណឹងជាផ្លូវការដល់កម្ពុជាអំពីការបោះតង់នោះ ថាជារឿងបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។
ភាគីវៀតណាមបានសន្យាថា នឹងរើតង់ចំនួន៣១កន្លែងចេញ ក្រោយពីមានសេចក្តីរាយការណ៍ថាក្រសួងការបរទេសកម្ពុជាបានបញ្ជូនកំណត់ទូតតវ៉ាអំពីរឿងបោះតង់នៅលើតំបន់ហាមឃាត់ ឬតំបន់សនោះ ។ ដោយឡែក ភាគីថៃបាន រើរោងយោធាជួរមុខចេញដោយសន្តិវិធី តែគេមិនទាន់ឃើញមានការពន្យល់ជាផ្លូវការដែរ ។ ក្រុមមន្ត្រីកម្ពុជាធ្លាប់បាននិយាយថា កម្ពុជាធ្លាប់អះអាងថា មិនអាចឲ្យទឹកដីរបស់ខ្លួនត្រូវបាត់បង់សូម្បីតែ១មីលី្លម៉ែត្រ ហើយក៏មិនចង់បានចំណេញទឹកដីប្រទេសជិតខាងណាមួយដែរ ៕
ចែករំលែកព័តមាននេះ