ស្រែកថា មេឃុំថ្លើមធំម្ល៉េះ ! ហ៊ានចាក់ដី​លុប​អូរសង់ផ្ទះល្វែង​


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រតិកម្ម​ខ្លាំង​ទៅ​លើ​លោក​មេឃុំ​ឈ្មោះ​សៃ ​ឡៅ​ ដែល​បាន​ចាក់​ដី​លុប​អូរ​បិទផ្លូវ​ទឹក ​និង​កន្លែង​អភិរក្ស​ពូជ​ត្រី​យក​ដី​ធ្វើ​ផ្សារ​ពុះ​ដី​ល្វែង​លក់​យក​លុយ​ដាក់​ហោ​​ប៉ៅ​យ៉ាង​រំភើយ​។​ ដី​ដែល​លោក​មេឃុំ ​ពុះ​ដី​ធ្វើ​ល្វែង​លក់​យក​លុយ​ដាក់​ហោ​​ប៉ៅ​យ៉ាង​សប្បាយចិត្ត​នោះ ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

នៅ​ព្រឹកថ្ងៃ​ទី​៣ ​មិថុនា ឆ្នាំ​២០២០ នេះ​ មាន​ប្រជាពលរដ្ឋ​បាន​បញ្ចេញមតិ​រិះគន់​លោក​មេឃុំ​បត់​ត្រង់ ឈ្មោះ សៃ ឡៅ ថា​៖​ ហេតុ​អី​បានជា​លោក​មេឃុំ​ថ្លើមធំ​ម្លេះ​ហ៊ាន​ចាក់​ដី​លុប​អូរ​បិទផ្លូវ​ទឹក និង​កន្លែង​អភិរក្ស​ពូជ​ត្រី យក​ដី​ពុះ​ល្វែង​លក់ ធ្វើ​ផ្សារ​ទៅ​វិញ​។​ពលរដ្ឋ​រូប​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ៖ ក្នុង​មាត្រា ៣៥ រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ចែង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បញ្ចេញមតិ​ដែល​មន្ត្រី​ក្នុង​មូលដ្ឋាន​ធ្វើ​ខុស​ដូច​ជា​លោក​មេឃុំ ឈ្មោះ សៃ​ឡៅ បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ហើយ​ហ៊ាន​ចាក់​ដី លុប​អូ​បិទផ្លូវ​ទឹក និង​កន្លែង​អភិរក្ស​ពូជ​ត្រី យក​ដី​ពុះ​ល្វែង​លក់ ធ្វើ​ផ្សារ​ទាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បានដឹង​បន្តិច​ទាល់តែ​សោះ​។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ថ្ងាន់​ភាគច្រើន ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា ដី​រដ្ឋ​ទំនាប​ស្ទឹង​និង​អូរ​ដៃ​ស្ទឹង ជាប់​តំបន់​អភិរក្ស​ត្រី​វត្ត​អន្លង់​ថ្ងាន់ ហើយ​និង​ស្ពាន​អន្លង់​ថ្ងាន់​នោះ​មាន​ទំហំ​ជាង​២​រ៉ៃ​ប្រមាណ​២.០០០ ម៉ែត្រការ៉េ ត្រូវ​បាន​លោក​មេឃុំ​បត់​ត្រង់ សៃ ឡៅ​និង​ដៃគូ​រកស៊ី របស់​លោក​បាន​ចាក់​ដី​បំពេញ​ហើយ​ធ្វើ​ផ្សារ​និង​អង្កន់​ជា​ដី​ល្វែង​រាប់​សិប​ប្លង់​លក់ ​ឬ​ជួល​ឲ្យ​អាជីវករ​និង​ពលរដ្ឋ​។ ពលរដ្ឋ​បាន​បន្ត​ថា​៖ នេះ​ជា​ដី​ស្ទឹង បឹងបួរ អូរ​ធម្មជាតិ​របស់​រដ្ឋ មិនមែន​របស់​ភូមិ ឃុំ និង​របស់​ឯកជន​នោះ​ទេ ហើយ​មិន​អាច​ចាត់ចែង​លក់ដូរ ស្រេច​នឹង​អំពើ​ចិត្ត​ឡើយ ។

ចំណែក​លោក​ឃុំ ដា ជា​ដៃគូ​រកស៊ី​របស់​លោក​មេឃុំ​សៃ ឡៅ ប្រាប់​ឲ្យ​ដឹង​ថា​៖ ដី​មាន​ទំហំ​ជាង​២​រ៉ៃ​នោះ​ពី​ដើម​ឡើយ​ជា​ដី​ផ្លូវទឹក ដី​ទំនាប​ស្ទឹង អូរ តែ​ឃុំ​គ្រប់គ្រង ហើយ​ពេល​នេះ ឃុំ​និង​លោក​បាន​ធ្វើ​ដៃគូ រកស៊ី ដោយ​បាន​ចាក់​ដី​អស់​រយះ​ពេល​១​ខែ​មក​ហើយ​។​គឺ​ចាក់​ដី​ធ្វើ​គម្រោង​ផ្សារ​សហគមន៍​របស់​ឃុំ​ជំនួស​ផ្សារ​ឬ​ផ្ទះ​តៀម​នៅ​តាម​ដងផ្លូវ​ខេត្ត​ដែល​ចង្អៀត​​រង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ។ ផ្សារ​នេះ បាន​សង់រោង​កណ្តាល​ដំបូង ទំហំ​១២​ម៉ែត្រ​គុណ​និង​២០​ម៉ែត្រ និង​ដី​ល្វែង​ជុំវិញ​ជា​ច្រើន​ឡូ​តិ៍​សម្រាប់​ជួល​ក្នុង​កុងត្រា​៣០​ឆ្នាំ​ផង​ដែរ ។​ដី​ឡូ​តិ៍​តូច​ទំហំ​៤​ម៉ែត្រ​គុណ​១០​ម៉ែត្រ ជួល​តម្លៃ​១.៤០០ ក្នុង​១​ឆ្នាំ ។ ដី​ឡី​តិ៍​ធំ​ទំហំ​១០​ម៉ែត្រ​គុណ​១០​ម៉ែត្រ តម្លៃ​៣.២០០​ដុល្លា ហើយ​មក​ទល់​ពេល​នេះ​បាន​លក់​អស់ហើយ ។

លោក​សៃ ឡៅ មេឃុំ​បត់​ត្រង់​បញ្ជាក់​ថា​៖​គម្រោង​ផ្សារ​សហគមន៍​របស់​ឃុំ​នេះ ទទួល​បានការ​ឯកភាព​ពី​អាជ្ញារ​ស្រុក ហើយ​ធ្វើ​លើ​ដី​បម្រុង​របស់​ឃុំ​ដែល​ត្រូវ​ចុះ​កិច្ចសន្យា​នឹង​អាជីវករ​ ឬ​ពលរដ្ឋ​លក់ដូរ​រយៈពេល​៣០​ឆ្នាំ សម្រាប់​អ្នក​ជួល​ឬ​ទិញ​ដី​ឡូ​តិ៍​តូច​និង​ដី​ឡូ​តិ៍​ធំ ។ លោក​សៃ ឡៅ បន្ត​ថា​ដី​ជម្រៅ​ជាប់មាត់​ស្ទឹង​និង​អូរ ក្បែរ​តំបន់​អភិរក្ស​ពូជ​ត្រី​វត្ត​អន្លង់​ថ្ងាន់ ដោយ​លោក​និង​ដៃគូ​ទើប​មាន​លទ្ធភាព​ស្តារ​អូរ​មួយ​កន្លែង​យក​អាចម៍ដី​ចំនួន​៤.៧៣០​ឡាន​បែន​មក​ចាក់​បំពេញ​ដើម្បី​ធ្វើ​ផ្សារ​ថ្មី​នេះ​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ