ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​សវនាការ​ជំនុំជម្រះ​ទោស​ម្ចាស់​ក្លិប​ម៉ៃ​អា​មី​ ​និង​​បក្ខ​ពួក​ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​​រក្សា​ទុក ផលិត និង​ជួញដូរ​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ក្លិ​ប​កម្សាន្ត​​ម៉ៃ​អា​មី​ ​មក​បើក​សវនាការ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​​រក្សា​ទុក ផលិត និង​ជួញដូរ​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ក្លិ​ប​កម្សាន្ត​​ម៉ៃ​អា​មី​ ​មក​បើក​សវនាការ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដែល​បាន​ជនសង្ស័យ​ទាំងអស់​ចំនួន​៧​នាក់ ។

ជនសង្ស័យ​ស្ថិត​នៅ​មុខ​រង្វង់​ក្រចកសេះ​រួម​មាន ១-​ឈ្មោះ ស្រេង វី​រៈ ហៅ លាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​មេការ​ក្លឹ​ប ២-​ឈ្មោះ ស្រី កា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​មេការ និង​ជា​គណនេយ្យ​ក្លឹ​ប ៣-​ឈ្មោះ ដាំ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ក្លឹ​ប ៤-​ឈ្មោះ សារ៉ូ សា​ដែន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​ក្លឹ​ប ៥-​ឈ្មោះ មិន សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តុ​ក្លិ​ប និង​លក់​ចែកចាយ​គ្រឿងញៀន ៦-​ឈ្មោះ អុ​ិ​ន ស្រី​ពេជ្រ អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​តុ និង​លក់​ចែកចាយ​ថ្នាំ​ញៀន និង​៧-​ឈ្មោះ ប៊ុ​ន រ័​ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​រៀបចំ​ឆាក​តន្ត្រី​ក្នុង​ក្លិ​ប ។

សវនាការ​ខាងលើ​នោះ ​មាន​លោក លិ សុខា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ ក្រោយ​បញ្ចប់​ការ​សាកសួរ​ដេញដោល​ប្រធាន​ក្រុមប្រឹក្សា បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​១២ ខែមិថុនា ខាង​មុខ​នេះ ។

អង្គហេតុ​ក្នុង​សំណុំរឿង​នេះ កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្លិប​កម្សាន្ត​ម៉ៃ​អា​ម៊ី មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្នុង​ក្លិប​នោះ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥៨​នាក់ ។ ក្នុង​នោះ​មាន​៣២​នាក់​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​រឹបអូស​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​សរុប​ជាង​១០​គីឡូក្រាម និង​សម្ភារៈ​ផលិត​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ប្រុស ស្រី​ទាំង​៣២​នាក់ ដែល​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន មាន​តែ​មនុស្ស​៧​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថ​​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពេល​នោះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឈ្មោះ ស្រេង វី​រៈ ដែល​ជា​ម្ចាស់​ក្លឹ​ប និង​មេការ​២នាក់​ពី​បទ​.​ផលិត ជួញដូរ រក្សា​ទុក ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ។

ចំណែក​គូកន​៤​នាក់​ទៀត ត្រូវ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​ជួញដូរ រក្សា​ទុក ចាត់ចែង​ប្រើប្រាស់ និង​សម្រួល​ឱ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ។ នៅ​ក្នុង​សវនាការ​ជន​ត្រូវ​ចោទ​៥​នាក់ (​លើកលែងតែ​ឈ្មោះ ស្រេង វី​រៈ និង ស្រី កា​)​បាន​បដិសេធ​ថា ពួក​គេ​មិន​ជាប់​ពាក់ព័ន្ធ​និង​គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​បរា​ត្រី​ម៉ៃ​អា​មីនោះ​ទេ ពួក​គេ​ចោទ​ថា ប៉ូ​លី​ស​ធ្វើ​ទារុណ កម្ម​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​កំណត់ហេតុ​សួរ​ចម្លើយ ពាក់ព័ន្ធ​គ្រឿងញៀន​នោះ ។ លុះ​ដំណាក់កាល​ចុង​ក្រោយ​ពួក​គេ​បាន​ឆ្លើយ​ថា​ឈ្មោះ ញឹក សា​ខន ភេទ​ស្រី គឺជា​ម្ចាស់​ក្លឹ​ប​ម៉ៃ​អា​មីនោះ ។

ទោះបីជា​ចម្លើយ​ជនសង្ស័យ​ឆ្លើយ​ដោះសារ​យ៉ាងណា តំណាង​អយ្យការ បាន និង​នៅ​តែ​ធ្វើការ​សន្និដ្ឋាន​សេចក្តី រក្សា​ទុក​បទ​ចោទ​នោះ​ដដែល និង​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទាំង​៧ នាក់​តាម​គតិ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ