កម្ពុជា​ខ្វះ​គ្រូពេទ្យ​ជំនាញ​ច្រើន​! ថវិកា​១៥​លាន​ដុល្លារ​ត្រូវ​ផ្តល់​សម្រាប់​គម្រោង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ


រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា ប្រទេស​កម្ពុជា​នៅ​ជួប​ការ​ខ្វះខាត​គ្រូពេទ្យ​ជំនាញ​មានគុណ​វុឌ្ឍិ​ច្រើន ពិសេស​នៅ​ក្នុង​ផ្នែក​សាធារណៈ ធនាគា​ពិភពលោក (World Bank) បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ១៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដល់​គម្រោង​ពង្រឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ​មុន​ពេល​ចូល​បម្រើ​ការងារ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​បំប៉ន​ជំនាញ​ដល់​គ្រូពេទ្យ​មុន​ចូល​បម្រើ​ការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project) ក្នុង​គោលដៅ​ឈាន​ទៅ​កែ​លម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​ឱ្យ​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​។

លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា «​ការ​វិនិយោគ​ទៅ​លើ​ការ​កសាង​សមត្ថភាព​សម្រាប់​គ្រូពេទ្យ​ជំនាញ តាម​រយៈ​ការ​បំប៉ន​ពួក​គេ​ឱ្យ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​កាន់តែ​ប្រសើរ ដើម្បី​ផ្តល់​សេវា​ក្នុង​ស្ថានភាព​មាន​គ្រោះ​បន្ទាន់ ដូច​ជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ពង្រឹង​អភិបាលកិច្ច​វិស័យ​សុខាភិបាល គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​»។​

យោង​តាម​របាយការណ៍ ធនាគា​ពិភពលោក​ចុះ​ថ្ងៃ​ទី​២៩ ខែឧសភា ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន ប្រទេស​សហរដ្ឋអាមេរិក និយាយ​ថា «​ប្រទេស​កម្ពុជា​នៅ​ជួប​ការ​ខ្វះខាត​គ្រូពេទ្យ​ជំនាញ​មានគុណ​វុឌ្ឍិ​ច្រើន ពិសេស​នៅ​ក្នុង​ផ្នែក​សាធារណៈ ហើយ​បើ​គិត​ជា​ចំនួន​វិញ គឺ​មាន​វេជ្ជបណ្ឌិត​ចំនួន ១,៤​នាក់ និង​គិលានុបដ្ឋាយិកា​និង​ឆ្មប​៩,៥​នាក់ តែ​ប៉ុណ្ណោះ សម្រាប់​មនុស្ស ១០ ០០០ នាក់​»។​

អត្រា​ទាំងនេះ​គឺ​នៅ​ទាប​មែនទែន​ធៀប​ទៅ​នឹង​អត្រា​មាន​វេជ្ជបណ្ឌិត ៩​នាក់ និង​គិលានុបដ្ឋាយិកា ១៩​នាក់​សម្រាប់​មនុស្ស ១០ ០០០​នាក់ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប ក្នុង​តំបន់​អាស៊ី​បូពា​៌ និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​។

នៅ​ប្រទេស​កម្ពុជា វេជ្ជបណ្ឌិត​ច្រើន​តែ​ធ្វើការ​នៅ​តាម​អគារ​ព្យាបាល​ជំងឺ​កម្រិត​ទី​ពីរ​(​មធ្យម​) និង​កម្រិត​ទី​បី​(​ខ្ពស់​) រីឯ​អាគារ​ថែទាំ​កម្រិត​បឋម​វិញ មាន​បុគ្គលិក​សុទ្ធសឹងតែ​ជា​គិលានុបដ្ឋាយិកា​និង​ឆ្មប ជា​អ្នក​មើលថែ​ទាំ​ជំងឺ​។

ភាគ​ច្រើ​នៃ​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​ខេត្ត (​មាន ៦៣​ភាគរយ​) ខណៈ​ដែល​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន​លើសលប់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង (​មាន​ដល់​ទៅ ៧៩​ភាគរយ​)​។

ដោយសារ​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង​នឹង​ជួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួងសុខាភិបាល ក្នុង​ការ​ពង្រឹង​អភិបាល​កិច្ចការ​អប់រំ​វិជ្ជាជីវៈ​ពេទ្យ ក្នុង​នោះ​មាន ការ​ពង្រឹង​បទ​ប្បញ្ញត្តិ និង​ការ​ធ្វើ​ស្តង់ដា​នី​យ​កម្ម​សម្រាប់​ការ​អប់រំ​បណ្តុះបណ្តាល​គ្រូពេទ្យ​, ការ​ប្រលង​សមត្ថភាព​ពេទ្យ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ជាតិ​, និង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​ដោះ​ដូរ​ចំណេះដឹង​បទ​ពិសោធន៍​ស្តី​ពី​ការ​អប់រំ​គ្រូពេទ្យ​ជំនាញ​។

គម្រោង​នេះ​នឹង​ជួយ​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តំបន់ នៅ​ក្នុង​កម្មវិធី​គ្រូពេទ្យ​ជំនាញ​ចំនួន​៦ គឺ ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​, ផ្នែក​ទន្តសាស្ត្រ​, ផ្នែក​ឱសថ​សាស្ត្រ​, ផ្នែក​ថែ​ទាំង​ជំងឺ​, ផ្នែក​សម្រាលកូន​, និង​ផ្នែក​មន្ទីរពិសោធន៍​។ ហើយ​កម្មវិធី​នេះ​ដែរ សម្រាប់​ឆ្នាំ​២០២០-២០២៥ ៕

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ