អាកាសយានដ្ឋាន​ខ្មែរ​នឹង​បន្ត​កាត់​បន្ថយ​​​បុគ្គលិក​ បើ​ស្ថានភាព​មិន​មាន​ភាព​​ប្រសើរ​ឡើង


រាជធានី​ភ្នំពេញ ៖ អាកាស​យាន្ត​ដ្ឋា​ន​នៅ​កម្ពុជា ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​ ដែល​បាន​ធ្វើ​ឲ្យ​ជើង​ហោះហើរ​ជា​ច្រើន​ត្រូវ​លុប​ចោល ​និង​ចំនួន​អ្នកដំណើរ​តាម​អាកាស​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នោះ កន្លង​មក ​បាន​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន ។ តែ​ដោយសារ​តែ​ស្ថានភាព​ហាក់​នៅ​មិន​ទាន់​ប្រសើរ​​ឡើង​វិញ​នោះ ការ​កាត់​បន្ថយ​បុគ្គលិក​ជំហាន​ទី​២ ​អាច​នឹង​កើត​មាន​ឆាប់​ៗ​នេះ​។

អាកាសយានដ្ឋាន​ទាំង​បី គឺ​អាកាសយានដ្ឋាន​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សី​ហនុ ​បាន​ចាប់​ផ្តើម​​កាត់​បន្ថយ​បុគ្គលិក​ជា​បន្តបន្ទាប់ បើ​គិត​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ មក​ដល់​ពេល​បច្ចុ​ប្បន្ន។ ដូច​គ្នា​នេះ​ដែរ បើ​ក្រឡេក​មើលទៅ​សកលលោក មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​បាន​ជួប​​វិបត្តិ ឬ​បញ្ហា​នេះ ហើយ​ក្នុង​អាកាស​យាន្ត​ដ្ឋា​ន​នីមួយ​ៗ​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​បុគ្គលិក ក៏​ព្រោះ​តែ​​មិន​មាន​អ្នកដំណើរ ឬ​ជើងហោះហើរ ។

បើ​តាម​មន្ត្រី​នៅ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​ឲ្យ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា នៅ​អាកា​សយានដ្ឋាន​ទាំង​បី​របស់​កម្ពុជា ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន
បុ​គ្គិល​​សរុប ជាង​៧០០០​នាក់ បម្រើ​ការងារ​នៅ​សរុប​៣​កន្លែង ​ដែល​មាននៅ​ក្នុង​រាជ​ភ្នំពេញ ខេត្ត​សៀមរាប និង​ក្រុងព្រះសីហនុ​។ ដោយសារ​មិន​មាន​សកម្មភាព ឬ​ការងារ​ច្រើន ដូច​សព្វមួយដង អាកាស​យានដ្ឋាន​បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​នៅ​ដំណាក់កាល​ទី ១ ម្តង​ហើយ តែ​ដោយ​សារ​តែ​ស្ថានភាព​វីរុស​កូ​វី​ដ​-១៩ ​នៅ​ទូ​ទាំង​ពិភពលោក​ហាក់​នៅ​ធ្ងន់ធ្ងរ ហើយ​វិស័យ​អាកាស​ចរណ៍​កម្ពុជា​ហាក់​បន្ត​ស្ងាត់​នោះ ខាង​អាកាសយានដ្ឋាន​ក៏​មាន​គម្រោង​ក្នុង​ការ​កាត់​បន្ថយ​បុគ្គ​លិក​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​ដំណាក់កាល​ទី​២​។

តាម​ការ​លើក​ឡើង​របស់ លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ បាន​និយាយ​ថា «​កន្លង​មក​ បាន​កាត់​បន្ថយ​បុ​គ្គិល​ជា​ច្រើន​មក​ហើយ ដោយ​គិត​ក្នុង​ដំណាក់កាល​ទី​១ ដំណាក់កាល​នេះ​គឺ​បាន​សម្របសម្រួល​ជាមួយ​ពួក​គាត់ ក្នុង​ការ​ដាក់​ពាក្យសុំ​ផ្អាក ឬ​បញ្ចប់​ការងារ​ដោយ​ខ្លួនឯង​។ ហើយ​អ្នក​សុំ​ផ្អាក​ការងារ​នឹង ពួក​គាត់​បាន​ធ្វើ​ដោយ​សន្តិវិធី មិន​មានការ​តវ៉ា អ្វី​នោះ​ទេ​» ។

ក្នុង​ដំណាក់កាល​ទី​១​ នេះ​ផង​ដែរ អាកាស​យាន​ដ្ឋាន​បាន​កាត់​បន្ថយ​បុគ្គលិក ដែល​ប្រតិបត្តិការ​ជួរ​មុខ (front line) ៨០​ភាគរយ​។ ការដាក់​ឱ្យ​​បុគ្គ​លិក​សម្រាកដោយ​មាន​ការ​បង់​ប្រាក់​ខែ​​​នេះ​ គឺ​​អាស្រ័យ​លើ​ប្រាក់ខែ​របស់​ពួក​គាត់ ដូច​​ជា​បុ​គ្គិល​ដែល​មាន​ប្រាក់ខែ​ចាប់ពី​៥០០​ដុល្លារ​ឡើង​ទៅ នឹង​ទទួល​បាន​តែ​៦០​ភាគរយ នៃ​ប្រាក់​​ខែ​​មូលដ្ឋាន​របស់​គាត់ និង​អ្នក​ដែល​មាន​ប្រាក់ខែ​ត្រឹម ៥០០​ដុល្លារ​ចុះ​នៅ​តែ​រក្សា​ប្រាក់ខែ​ពេញ​ឱ្យ​គាត់​។

អ្នកគ្រប់គ្រង និង​អ្នកត្រួតពិនិត្យ ក៏​បែងចែក​ជា​ពីរ​ផង​ដែរ ដោយ​មាន​អ្នកធ្វើការ​ពេញ​បាន​ប្រាក់ខែ​ពេញ និង​អ្នកធ្វើការ​ក្រៅ​(​មាន​ន័យ​ថា គាត់​ធ្វើការ ពីរ​បី​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​) ដូចនេះ​គាត់​បាន​ប្រាក់ខែ​តែ ៨០​ភាគរយ​ទេ ។

យ៉ាងណាមិញ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​នឹង​មាន​បុគ្គលិក​ប៉ុន្មាន​អាច​ត្រូវ​ព្យួរការងារ​ក្នុង​ជំហាន​ទី​២​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ