រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សោ សុតា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនស្រី២នាក់ជាមេខ្យល់.ញុះញុងឲ្យក្មេងជាអនីតិជនដើរសុំទានតាមភ្លើងស្តុប និងផ្លូវសាធារណៈ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតឈានដល់ការជំនុំជម្រះលើអង្គសេចក្តី ។
ជនសង្ស័យជាមេខ្យល់ខាងលើឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិអន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ។
អ្វីដែលគេបានសង្កេតឃើញមុនពេលសមត្ថកិច្ចនាំមេខ្យល់ទាំង២នាក់ទៅឃុំខ្លួន ក៏មានម៉ូតូកង់បីមួយគ្រឿងបានដាក់ក្មេងៗប្រុសស្រីប្រមាណបួនទៅដប់នាក់ ទៅទម្លាក់នៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដែលពេលនោះពួកគេបានសុំការអនុញ្ញាតិពីឆ្មាំងការពារតុលាការ ដើម្បីចូលជួបសួរសុខទុកមេខ្យល់នោះ ប៉ុន្តែមិនត្រូវបានឲ្យចូលជួបនោះទេ ទើបពួកគេនៅពពាក់ពពូនអើត.កមុខច្រកទ្វារចេញ-ចូលរបស់សាលាដំបូងរាជធានីភ្នំពេញ រហូតដល់ពេលរថយន្តសមត្ថកិច្ចដឹកស្ត្រីទាំង២នាក់ទៅកាន់ពន្ធនាគារ ទើបពួកគេជិះកង់បីចាកចេញទៅវិញ ។
សូមបញ្ជាក់ថា កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានចុះអនុវត្តតាមចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងរបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លើករណីកេងប្រវ័ញ្ចពលកម្មកុមារ ក្នុងរូបភាពបង្ខំឲ្យក្មេងដើរសុំទានតាមភ្លើងស្តុប រហូតឈានដល់ការឃាត់ខ្លួនមេខ្យល់២នាក់ និងសង្គ្រោះកុមាររងគ្រោះ៦ នាក់ ។
បើតាមលោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើនឹងត្រូវសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំណែកជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចយកទៅគ្រប់គ្រង ។
លោក កែវ ធា បន្តថា ករណីខាងលើនេះ សមត្ថកិច្ចយើងបានសង្គ្រោះកុមាររងគ្រោះចំនួន៦នាក់ (ស្រី៣នាក់) ក្នុងនោះមានទារកចំនួន២នាក់ ដែលជាករណីកេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបាននាំទៅកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ