ខេត្តបាត់ដំបង៖ អ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ រីឯត្រាក់ទ័រដាច់ជា២កំណាត់ ដោយសារភ្ជួរស្រែកិនប៉ះចំគ្រាប់មីនតោន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ឧសភា នេះ ស្ថិតនៅក្នុងភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ។
លោកសុខ សារិន អធិការស្រុកបវេល បានឱ្យដឹងថា អ្នកបើកត្រាក់ទ័រ ឈ្មោះ រឿត ថេតអាយុ២៥ឆ្នាំ នៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានរងរបួសធ្ងន់ ខណ:ត្រាក់ទ័រខូចខាតដាច់ជា២កំណាត់ ។ លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះបានបើកត្រាក់ទ័រទៅស៊ីឈ្នូលភ្ជួរដីស្រែឱ្យឈ្មោះ លឹម អូន ដែលម្ចាស់ដីនេះធ្លាប់ភ្ជួររាល់ឆ្នាំ តែឆ្នាំនេះស្រាប់តែកិនចំគ្រាប់មីនតោនតែម្ដង។
បើតាមមន្ត្រីមូលដ្ឋានបាននិយាយថា បើតាមការពិនិត្យទៅលើទីតាំងផ្ទុះមីននោះ គ្រាប់មីនប្រឆាំងរថក្រោះនោះត្រូវបានគេជីកកប់ជ្រៅក្នុងអំឡុងសម័យសង្គ្រាម ទើបម្ចាស់ជួលរាល់ឆ្នាំមិនជួបគ្រោះថ្នាក់ លុះឆ្នាំពេលចុះភ្ជួរជាថ្មី ខណ:មានភ្លៀងផងទើបពេលត្រាក់ទ័របើកភ្ជួរក៏ស្រុតកិនចំគ្រាប់មីនប្រឆាំងរថក្រោះនេះបណ្ដាលឱ្យផ្ទុះរបួសទាំងអ្នកបើកបរ ខូចខាតទាំងត្រាក់ទ័រតែម្ដង ៕
ចែករំលែកព័តមាននេះ